COVID-19
ជាតិ
Covid-19៖ កំពង់ស្ពឺ មាន២៤ករណីបន្ថែម ខណៈកំពង់ធំ ៦ករណី និង៣ករណីនៅកំពត
17, May 2021 , 9:38 am        
រូបភាព
អ្នកជំនាញ បាញ់ថ្នាំសម្លាប់មេរោគនៅផ្សារស្ទោង និងតាមផ្ទះមួយចំនួននៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ឧសភាកន្លងទៅ។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
អ្នកជំនាញ បាញ់ថ្នាំសម្លាប់មេរោគនៅផ្សារស្ទោង និងតាមផ្ទះមួយចំនួននៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ឧសភាកន្លងទៅ។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
ដោយ: ថ្មីៗ
ខេត្តកំពង់ស្ពឺ មានអ្នកកើតកូវីដ-១៩ ចំនួន២៤នាក់ទៀតដែលភាគច្រើន ជាកម្មកររោងចក្រ និងមានអ្នកសះស្បើយបន្ថែម ១៣នាក់ផងដែរ កាលពីថ្ងៃទី១៦ ឧសភា។ ចំណែកខេត្តកំពង់ធំ ក៏រកឃើញ៦ករណីបន្ថែមដែរ ដែល៣នាក់ជាអ្នកដំណើរពីខេត្តព្រះសីហនុ និង៣នាក់ជាពលករពីប្រទេសថៃ។ រីឯ៣ករណី នៅកំពតដែលរកឃើញនៅថ្ងៃទី១៦ ឧសភាដែរនោះ គឺសុទ្ធតែជាស្ត្រី ហើយពួកគេក៏ទើបត្រឡប់ពីប្រទេសថៃផងដែរ។

 
រដ្ឋបាលខេត្តកំពង់ស្ពឺបានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៤ករណីបន្ថែមទៀត នៅថ្ងៃទី១៦ ឧសភា ដែលភាគច្រើនគឺជាកម្មកររោងចក្រ ដែលមានអាសយដ្ឋាននៅស្រុកសំរោងទង។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងចំណោមអ្នកវិជ្ជមានដែលទើបរកឃើញនោះ មានកុមារចំនួន ៣នាក់។ ទន្ទឹមនឹងនេះ ក៏មានអ្នកជំងឺ ១៣នាក់បន្ថែម បានជាសះស្បើយ ដែលធ្វើឱ្យអ្នកជាសរុបក្នុងខេត្តនេះ មាន២៨នាក់។ 
 
នៅថ្ងៃទី១៦ ខែឧសភា ខេត្តកំពង់ធំ ក៏បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦នាក់ទៀតដែរ តាមរយៈការធ្វើតេស្តរហ័ស។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា អ្នកវិជ្ជមានថ្មីទាំង៦នាក់នោះ មាន៣នាក់ជាអ្នកដំណើរពីខេត្តព្រះសីហនុ និង៣នាក់ទៀតជាពលករមកពីប្រទេសថៃ។ ក្រៅពីបង្ហាញតួលេខអ្នកឆ្លងប្រចាំថ្ងៃ រដ្ឋបាលខេត្ត ក៏បញ្ជាក់ពីករណីឆ្លងសរុបនៅក្នុងខេត្តរបស់ខ្លួនដែរ។  គិតត្រឹមថ្ងៃទី ១៦ ឧសភា ខេត្តកំពង់ធំមានអ្នកឆ្លងសរុប ១១៣នាក់ ក្នុងនោះ ២៤នាក់បានជាសះស្បើយ។  
 
ខេត្តកំពត ក៏បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បន្ថែម៣នាក់ទៀតដែរលើស្ត្រីពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ។ អ្នកទាំង៣ មានទីលំនៅនៅក្នុងស្រុកឈូក ខេត្តកំពត។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៦ ឧសភា។
 
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៥ ឧសភា កម្ពុជា មានអ្នកកើតកូវីដ-១៩ ចំនួន២២ ១៨៤នាក់ ដោយសះស្បើយមាន ១២ ១២០នាក់ និងស្លាប់១៥០នាក់៕
 
 
 
 

Tag:
 កូវីដ-១៩
 កំពង់ស្ពឺ
 កំពង់ធំ
 កំពត
© រក្សាសិទ្ធិដោយ thmeythmey.com