COVID-19
ជាតិ
ជាង១សប្តាហ៍តាកែវរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីដល់ទៅជិត២៦០ករណី
17, May 2021 , 3:41 pm        
រូបភាព
កម្មករ-កម្មការិនី កំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាភ្នំតូច ស្ថិតក្នុងភូមិទំនប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែ។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលស្រុកបាទី ខេត្តតាកែវ
កម្មករ-កម្មការិនី កំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាភ្នំតូច ស្ថិតក្នុងភូមិទំនប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែ។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលស្រុកបាទី ខេត្តតាកែវ
ដោយ: ថ្មីៗ
រដ្ឋបាលខេត្តតាកែវ បានរកឃើញមនុស្ស ៥១នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ឧសភា ដែលភាគច្រើនជាកម្មកររោងចក្រ បន្ទាប់មកមានអាជីវករ អ្នកទើបត្រឡប់ពីរាជធានីភ្នំពេញ សិស្ស និងកសិករ។ បើគិតចាប់តាំងពីថ្ងៃទី៩ ខែឧសភាមក តាកែវមានករណីឆ្លងជិត២៦០នាក់ហើយ។

 
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំង៥១នាក់នោះ មាន៣៨នាក់ គឺជាកម្មកររោងចក្រសាន់បូ រោងចក្រហ្វេងហ្វាន់ និងរោងចក្រអង្គស្នួល។ ៤នាក់ជាអាជីវករផ្សារសំរោងយ៉ោង, ១នាក់ជាអាជីវករផ្សារយាយត្រប់, កម្មករឥដ្ឋក្បឿងនៅភ្នំពេញ៤នាក់,ជាងពិដាននៅភ្នំពេញ២នាក់, ជាងពិដាននៅខេត្តកំពង់ស្ពឺ១នាក់ សិស្ស១នាក់ និងកសិករ១នាក់។  
 
ក្នុងចំណោមអ្នកវិជ្ជមានដែលទើបរកឃើញ មាន២៧នាក់មានអាសយដ្ឋាននៅឃុំត្រពាំងសាប ស្រុកបាទី, ១៥នាក់នៅស្រុកព្រៃកប្បាយ,៤នាក់នៅឃុំត្រពាំងធំខាងជើង និងឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់, ២នាក់នៅឃុំជីខ្មា ស្រុកទ្រាំង, ២នាក់ នៅឃុំអង្គរបូរី ស្រុកអង្គរបូរី និងម្នាក់នៅឃុំរវៀង ស្រុកសំរោង។ នេះបើតាមសេចក្តីជូនដំណឹងដដែល។
 
គួរកត់សម្គាល់ថា ករណីឆ្លងរាលដាលកូវីដ-១៩ នៅក្នុងខេត្តតាកែវ ពិសេសក្នុងចំណោមកម្មកររោងចក្រ បានហក់ឡើងខ្ពស់ខ្លាំងនៅប៉ុន្មានថ្ងៃមកនេះ។ កាលពីថ្ងៃទី៩ ខែឧសភា តាកែវ រកឃើញ១៣ករណី ហើយកំណើនកើនឡើងនៅថ្ងៃបន្តបន្ទាប់ទៀត។ ជាក់ស្តែងនៅថ្ងៃទី១៥ឧសភា ខេត្តនេះ បានរកឃើញអ្នកឆ្លងដល់ទៅ៧០នាក់ ខណៈកាលពិីថ្ងៃទី១៤ឧសភា ក៏មានករណីឆ្លងថ្មី៥០នាក់ផងដែរ។ សរុបរយៈពេលជាង១សប្តាហ៍ចុងក្រោយនេះ តាកែវមានករណីថ្មីចំនួន២៥៨ករណី។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២២ ៥៤៤នាក់ ដោយសះស្បើយមាន ១៣ ០០៦នាក់ និងស្លាប់កើនដល់ ១៥៤នាក់៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com