COVID-19
ជាតិ
ព្រៃវែង ស្វាយរៀង បាត់ដំបង រតនគិរី បន្តរកឃើញករណីកូវីដ-១៩ ភាគច្រើននាំចូលពីភ្នំពេញ និងថៃ
17, May 2021 , 10:30 pm        
រូបភាព
រូបភាព៖ ហ្វេស៊ប៊ុក Laboratory of Battambang Provincial Referral Hospital
រូបភាព៖ ហ្វេស៊ប៊ុក Laboratory of Battambang Provincial Referral Hospital
ខេត្តព្រៃវែង សា្វយរៀង បាត់ដំបង និងរតនគិរី នៅតែបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១២ករណីបន្ថែមទៀត នៅថ្ងៃទី១៦ ឧសភា។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ទាំង ១២នាក់នេះ ភាគច្រើន ជាអ្នកទើបត្រឡប់ពីភ្នំពេញ និងករណីនាំចូលពីប្រទេសថៃ។

 
ខេត្តព្រៃវែង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ឧសភាក្នុងនោះ៣នាក់ជាអ្នកពីភ្នំពេញ និង២នាក់ជាអ្នកទើបត្រឡប់ពីប្រទេសថៃ។ រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់ខ្លួនដែរថា អ្នកទាំង៥នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស៊ីធរ កណ្តាល។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏ប្រកាសថា មានអ្នកជំងឺ៦នាក់ទៀត បានជាសះស្បើយដែរ ដោយ៥នាក់ជាពលរដ្ឋមានទីលំនៅ ក្នុងស្រុកពារាំង និង១នាក់ជាអ្នកស្រុកកំចាយមា។
 
ករណីនាំចូល២ករណីពីភ្នំពេញ និង១ករណីលើពលរដ្ឋដែលទើបត្រឡប់ពីប្រទេសថៃ ក៏ត្រូវបានរកឃើញដែរ នៅខេត្តបាត់ដំបង នៅថ្ងៃទី១៦ ឧសភា តាមរយៈតេស្តរហ័ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តដដែល គិតត្រឹមថ្ងៃទី១៦ ឧសភា ខេត្តបាត់ដំបងរកឃើញវិជ្ជមានកូវីដ-១៩ សរុប ៩២នាក់ ក្នុងនោះ៣៥នាក់បានសះស្បើយ និង១នាក់បានស្លាប់។ មនុស្ស ៥៦នាក់កំពុងបន្តសម្រាកព្យាបាល។ 
 
ខេត្តស្វាយរៀង ក៏បន្តរកឃើញអ្នកឆ្លងថ្មី ៣នាក់បន្ថែមដែរ ដែលក្នុងនោះមាន១ករណីនាំចូលពីប្រទេសថៃ, ១ករពីកើតលើអ្នកដែលទើបត្រឡប់ពីភ្នំពេញ និង១ករណីទៀតលើអ្នកទើបត្រឡប់ពីស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត អ្នកជំងឺ២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក សាមគ្គីរំដួល និង១នាក់ ត្រូវដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្វាយជ្រំ។ 
 
ខេត្តរតនគិរី ក៏បានរកឃើញអ្នកកើតកូវីដ-១៩ ម្នាក់ទៀតដែរ លើបុរសវ័យ ៦១ឆ្នាំ ដែលមានទីលំនៅក្នុងភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី នេះជាករណីទី៨ ដែលត្រូវបានរកឃើញនៅក្នុងខេត្តភាគឦសានមួយនេះ។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២២ ៥៤៤នាក់ ដោយសះស្បើយមាន ១៣ ០០៦នាក់ និងស្លាប់កើនដល់ ១៥៤នាក់៕
 

Tag:
 ព្រៃវែង
  ស្វាយរៀង
 បាត់ដំបង
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com