COVID-19
ជាតិ
១៣០នាក់ទៀតវិជ្ជមានកូវីដ-១៩ នៅភ្នំពេញ ក្នុងនោះ២១នាក់ជាទារក និងកុមារ
17, May 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ មនុស្សចំនួន១៣០នាក់ទៀត ត្រូវបានតេស្តវិជ្ជមានកូវីដ-១៩ នៅរាជធានីភ្នំពេញ។  តាម របាយការណ៍អ្នកឆ្លងកូវីដ-១៩ថ្មី របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ខែឧសភានេះ  ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៣០នាក់នេះ មានទារក និងកុមារអាយុក្រោម ១៥ឆ្នាំ សរុប ២១នាក់។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានឱ្យដឹងដែរថា ពលរដ្ឋក្នុងខណ្ឌមានជ័យ មានឆ្លងច្រើនជាងគេ បន្ទាប់មកគឺខណ្ឌពោធិ៍សែនជ័យ ក្នុងចំណោមខណ្ឌចំនួន១៤ផ្សេងទៀត ទូទាំងរាជធានី។

 
តាមរបាយការណ៍ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា នេះ អ្នកឆ្លងកូវីដ-១៩ ថ្មីទាំង ១៣០នាក់ ត្រូវបានរកឃើញនៅក្នុងខណ្ឌចំនួន១៤  នៅទូទាំងរាជធានីភ្នំពេញ។  ក្នុងនោះខណ្ឌមានជ័យ មានអ្នកឆ្លងច្រើនជាងគេ បន្ទាប់មកគឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោរ និងខណ្ឌសែនសុខ។ ខណ្ឌផ្សេងទៀត មានខណ្ឌទួលគោក ឫស្សីកែវ  ៧មករា ព្រែកព្នៅ បឹងកេងកង ចំការមន កំបូល ច្បារអំពៅ ដូនពេញ និងជ្រោយចង្វារ ព្រមទាំងមានអ្នកស្រុកមុខកំពូលផងដែរ។ 
 
ខណ្ឌមានជ័យ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៣នាក់ ដែលចំនួននេះគឺច្រើនជាងគេ បើធៀបនឹងខណ្ឌចំនួន១៣ផ្សេងទៀត។ អ្នកជំងឺកូវីដថ្មីក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ភាគច្រើនជាកម្មកររោងចក្រ ស្ថិតក្នុងភូមិដំណាក់ធំ២  អ្នកភូមិដំណាក់ធំ៣។
 
ខណ្ឌពោធិ៍សែនជ័យ ក៏មានអ្នកវិជ្ជមានកូវីដ-១៩ ច្រើនដែរ គឺដល់ទៅ ៣១នាក់ ខណៈ ១៣នាក់ទៀត រកឃើញនៅខណ្ឌដង្កោ។ មនុស្ស១០នាក់ទៀតត្រូវបានរកឃើញនៅខណ្ឌសែន សុខ , ៨នាក់ នៅខណ្ឌទួលគោក ខណៈខណ្ឌចំការមន ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ មាន៧ករណីរៀងខ្លួន។ 
 
តាមសេចក្តីជូនដំណឹងដដែល ខណ្ឌ ៧មករា មានអ្នកឆ្លងថ្មី ៣នាក់ រីឯខណ្ឌកំបូល ដូនពេញ និងខណ្ឌច្បារអំពៅ មាន២នាក់រៀងខ្លួន។ ខណ្ឌជ្រោយចង្វារ មាន១ករណី ខណៈពលរដ្ឋមានអាសយដ្ឋាននៅស្រុកមុខកំពូល ខេត្តកណ្តាលម្នាក់ ក៏បានរកឃើញវិជ្ជមានកូវីដ-១៩នៅរាជធានីភ្នំពេញ។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២២ ៥៤៤នាក់ ដោយសះស្បើយមាន ១៣ ០០៦នាក់ និងស្លាប់កើនដល់ ១៥៤នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com