COVID-19
ជាតិ
ករណីកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្ត៤ទៀត នៅថ្ងៃទី១៧ឧសភា
18, May 2021 , 11:59 am        
រូបភាព
អ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅមណ្ឌលព្យាបាលអ្នកជំងឺ_កូវីដ-១៩នៅក្នុងមន្ទីរពេទ្យបង្អែក_សំពៅលូន។ រូបភាព៖ហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្តបាត់ដំបង
អ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅមណ្ឌលព្យាបាលអ្នកជំងឺ_កូវីដ-១៩នៅក្នុងមន្ទីរពេទ្យបង្អែក_សំពៅលូន។ រូបភាព៖ហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្តបាត់ដំបង
ដោយ: ថ្មីៗ
កូវីដ-១៩ នៅតែបន្តរាលដាលឆ្លង នៅក្នុងភូមិសាស្រ្តខេត្តនានានៅកម្ពុជា ជារៀងរាល់ថ្ងៃ ជាពិសេសគឺក្រោយការបិទបញ្ចប់បម្រាមធ្វើដំណើរឆ្លងខេត្ត និងបញ្ចប់ការបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ។ ស្របពេលដែលក្រសួងសុខាភិបាល ប្រកាសតែចំនួនអ្នកឆ្លងសរុប និងស្លាប់ប្រចាំថ្ងៃ រដ្ឋបាលខេត្តនីមួយៗ  បានចេញរបាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ-១៩ តាមខេត្តរៀងៗខ្លួន។

 
 
ខាងក្រោមនេះ ជារបាយការណ៍តាមបណ្តាខេត្តចំនួន៧ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កំពង់ចាម ស្វាយរៀង និងខេត្តកំពង់ធំ ដោយផ្អែកតាមលទ្ធផលតេស្តកាលពីថ្ងៃទី១៧ ខែឧសភា៖
 
ខេត្តកំពង់ស្ពឺ៖ ករណីថ្មី៣៨នាក់ និងសះស្បើយ៨នាក់
 
ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង៣៨នាក់នេះ មាន ៣៧នាក់ជាស្ត្រី ហើយអ្នកឆ្លងភាគច្រើនជាកម្មកររោងចក្រ វ៉ាសាន់។ អ្នកឆ្លងថ្មីទាំងនេះ មាន២១នាក់ រស់នៅឃុំស្រុកភ្នំស្រួច, ១៥នាក់នៅស្រុកសំរោងទង, ខណៈស្រុកឧត្តុង្គ និងបសេដ្ឋ មាន១ករណីរៀងខ្លួន។  រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ពីករណីសះស្បើយ សរុប៨នាក់ផងដែរ ដែលធ្វើឱ្យអ្នកសះស្បើយក្នុងខេត្តនេះ គិតត្រឹមថ្ងៃទី១៧ ឧសភា មាន៣៨នាក់។ 

ខេត្តកំពង់ធំ៖ Rapid Test ឃើញវិជ្ជមាន៣នាក់ ដែល២នាក់មកពីភ្នំពេញ និងម្នាក់ពីព្រះសីហនុ 
 
ក្រោយការធ្វើតេស្តរហ័ស (Rapid Test) ខេត្តកំពង់ធំ រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន៣នាក់ជាបុរសទាំងអស់ ក្នុងនោះមាន២នាក់ ធ្វើដំណើរមកពីភ្នំពេញ និងម្នាក់មកពីខេត្តព្រះសីហនុ។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាង៣នាក់ មានវ័យ ២៥ឆ្នាំ មកពីភ្នំពេញ និងជាអ្នកស្រុកប្រាសាទបល្ល័ង្គ។ បុរសម្នាក់ទៀតវ័យ២៦ឆ្នាំ ទើបត្រឡប់ពីភ្នំពេញដែរ គឺជាអ្នកស្រុកសន្ទុក និងម្នាក់ទៀតវ័យ ២៣ឆ្នាំ មកពីខេត្តព្រះសីហនុ ជាអ្នកស្រុកបារាយណ៍។
 
កំពង់ចាម៖ វិជ្ជមាន៥នាក់ ដោយ២នាក់មកពីភ្នំពេញ និង១នាក់មកពីថៃ
 
៥ករណីថ្មីទៀត ត្រូវបានរកឃើញនៅខេត្តកំពង់ចាម ដោយក្នុងនោះមាន២នាក់ត្រឡប់ពីភ្នំពេញ ដោយពួកគាត់ជាអ្នករស់នៅឃុំ ស្រក និងឃុំរអាង ស្រុកកំពងសៀម។ ១ករណីទៀត ជាពលករមកពីថៃ ដែលមានទីលំនៅក្នុងភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ។ ១ករណីទៀត កើតលើក្មេងប្រុសវ័យ៩ឆ្នាំម្នាក់ដែលបានប៉ះពាល់នឹងអ្នកវិជ្ជមានកន្លងមក ដែលរូបគេរស់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ។ ១ករណីចុងក្រោយ ក៏ជាករណីប៉ះពាល់ជាមួយអ្នកវិជ្ជមានកន្លងមកដែរ ដែលជាបុរសវ័យ២៣ឆ្នា រស់នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពងចាម។ អ្នកទាំង៥ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។
 
កំពង់ឆ្នាំង៖ វិជ្ជមាន១នាក់ទៀត ជាកម្មកររោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្តាល 
 
១រកណីថ្មីបន្ថែមទៀតនៅខេត្តកំពង់ឆ្នាំង គឺជាស្ត្រីវ័យ ២០ឆ្នាំ ជាកម្មការិនីរោងចក្រមួយកន្លែង នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ស្ត្រីរូបនេះ មានអាសយដ្ឋាននៅភូមិក្រញូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ប៉ុន្តែបានធ្វើដំណើរនៅស្រុកខាងប្តីដែលនៅឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ 
 
ពោធិ៍សាត់៖ ករណីឆ្លងថ្មី៣នាក់ មាន២នាក់ជាពលករមកពីថៃ
 
តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ក្នុងចំណោមអ្នកជំងឺទាំង៣នាក់នេះ មាន២នាក់ ជាអ្នកមកពីប្រទេសថៃ ខណៈម្នាក់ទៀតបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកន្លងមក។ គិតត្រឹមថ្ងៃទី១៧ ឧសភា ខេត្តពោធិ៍សាត់ មានអ្នកជំងឺកូវីដ-១៩ សរុប៦២នាក់ ជាសះស្បើយចំនួន៦នាក់ និងកំពុងសម្រាកព្យាបាល៥៤នាក់។
 
 
បាត់ដំបង៖ ឆ្លងថ្មី៤នាក់ និងសះស្បើយ៣នាក់
 
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំង៤នាក់ មានឪពុកវ័យ៣៥ឆ្នាំ និងកូនប្រុសវ័យ៣ឆ្នាំ ដែលរស់នៅភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបរវេល។ ស្ត្រីវ័យ៥៨ឆ្នាំ ដែលបានប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩កន្លងមក រស់នៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី។ ចំណែកម្នាក់ទៀត ជាស្ត្រីវ័យ៤១ឆ្នាំ ដែលត្រឡប់ពីប្រទេសថៃ មានអាសយដ្ឋាននៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី។
 
ចំពោះអ្នកជាសះស្បើយ៣នាក់នោះ ជាពលករត្រឡប់មកពីប្រទេសថៃ មានស្រ្តីអាយុ២៩ឆ្នាំ និងស្ត្រីវ័យ៣៣ឆ្នាំ ដែលអ្នកទាំង២ រស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បុរសវ័យ ៥១ឆ្នាំ រស់នៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី។ ចាប់ពីមានការរាលដាលកូវីដ-១៩ បាត់ដំបងមានអ្នកជំងឺកូវីដសរុបចំនួន៩៦នាក់ ដោយសះស្បើយ៣៨នាក់ ស្លាប់១នាក់ និងកំពុងសម្រាកព្យាបាល៥៧នាក់។
 
ស្វាយរៀង៖ ៤ករណី ក្នុងនោះមានកុមារ២នាក់
 
៤ករណីថ្មីនៅស្វាយរៀង មានស្ត្រីវ័យ២៧ឆ្នាំ ដែលជាអ្នកដំណើរពីរាជធានីភ្នំពេញ។ ចំណែក៣ករណីទៀត កើតលើពលរដ្ឋដែលរស់នៅឃុំក្រោលគោ ស្រុកស្វាយជ្រុំ ក្នុងនោះមានកុមារី២នាក់ដែលមានអាយុ៦ឆ្នាំ និង១៣ឆ្នាំ។ អ្នកទាំង៣នាក់នេះ ឆ្លងបន្ទាប់ពីបានប៉ះពាល់ជាមួយនឹងអ្នកដែលវិជ្ជមានកូវីដ-១៩កន្លងមក។ 
 
 
គិតត្រឹមថ្ងៃទី១៧ ឧសភា កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២២ ៨៨៩នាក់ ដោយសះស្បើយមាន ១៤ ៣៤៣នាក់ និងស្លាប់កើនដល់ ១៥៦នាក់៕
 

Tag:
 កំពង់ឆ្នាំង
 ពោធិ៍សាត់
 បាត់ដំបង
 កំពង់ស្ពឺ
  កំពង់ចាម
  ស្វាយរៀង
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com