COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កូវីដ-១៩ កើនឡើង សមាគមគ្រូពេទ្យនៅតូក្យូ ស្នើឱ្យលុបព្រឹត្តិការណ៍អូឡាំពិក
18, May 2021 , 8:59 pm        
រូបភាព
សមាគមគ្រូពេទ្យដ៏ធំមួយនៅជប៉ុន អំពាវនាវឱ្យលុបចោលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដោយបារម្ភពីវិបត្តិកូវីដ-១៩។ អង្គការវេជ្ជសាស្ត្រមួយនេះ អះអាងថា មន្ទីរពេទ្យជាច្រើនស្ទើតែគ្មានកន្លែងទំនេរ ខណៈជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃការឆ្លងជំងឺដ៏កាចសាហាវនេះ។


នៅសល់រយៈពេលជិត៣ខែទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកនឹងចាប់ផ្តើម ពោលគឺចាប់ពីថ្ងៃទី២៣កក្កដា ដល់ថ្ងៃទី៨សីហា ស្របពេលកូវីដ-១៩ បន្តកើនឡើងកាន់តែខ្លាំងនៅលើទឹកដីម្ចាស់ផ្ទះជប៉ុន។
 
សមាគមគ្រូពេទ្យតូក្យូ (TMPA) ដែលតំណាងឱ្យគ្រូពេទ្យបឋមប្រហែល៦០០០នាក់ អះអាងថា មន្ទីរពេទ្យនានានៅក្នុងទីក្រុងដែលត្រូវរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ ស្ទើរតែគ្មានគ្រែដាក់អ្នកជំងឺកូវីដ-១៩ ស្របពេលមានការកើនឡើងនៃចំនួនករណីឆ្លងយ៉ាងគំហុក។
 
TMPA នៅថ្ងៃទី១៤ ខែឧសភាបានផ្ញើលិខិតមួយទៅកាន់លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ។ ក្នុងលិខិតចំហនោះ ពួកគេបានស្នើយ៉ាងទទូចឱ្យអាជ្ញាធរបញ្ចុះបញ្ចូលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លុបចោលព្រឹត្តិការណ៍កីឡានេះតែម្តង ដោយលើកហេតុផលថា ការបន្តដំណើរការនឹងធ្វើឱ្យពិបាកក្នុងការគ្រប់គ្រង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃ១៨ ខែឧសភា។
 
ដោយសារមានករណីឆ្លងកាន់តែច្រើន រដ្ឋាភិបាលជប៉ុនពន្យារពេលដកបម្រាបប្រកាសអាសន្នលើកទី៣នៅក្រុងតូក្យូ និងនៅតាមបណ្តាខេត្តក្រុងមួយចំនួនទៀតរហូតដល់ថ្ងៃទី៣១ ឧសភា។ TMPA បន្ថែមក្នុងលិខិតរបស់ខ្លួនទៀតថា៖ «ក្រុមគ្រូពេទ្យដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ គ្មានទំនេរដៃឡើយ ហើយស្ទើរតែគ្មានកន្លែងទំនេរសម្រាប់ដាក់អ្នកជំងឺថ្មីទៀតផង»។
 
ស្ថាប័នវេជ្ជសាស្រ្តមួយនេះ ថែមទាំងព្រមានទៀតថា ក្រុមគ្រូពេទ្យ នឹងប្រឈមមុខការលំបាកបន្ថែមទៀតក្នុងការព្យាបាលអ្នកជំងឺដែលអស់កម្លាំងក្នុងអំឡុងរដូវក្តៅ ហើយប្រសិនបើអូឡាំពិករួមចំណែកដល់ការកើនឡើងនៃករណីឆ្លងទៀតនោះ នោះចំនួនអ្នកស្លាប់នឹងកើនឡើងផងដែរ។ ជប៉ុននឹងទទួលខុសត្រូវចំពោះករណីនេះ។
គិតត្រឹមថ្ងៃទី១៨ ខែឧសភាព ជប៉ុនបានកើនចំនួនករណីឆ្លងកូវីដ-១៩ រហូតដល់ជិត៧០ម៉ឺនករណី ក្នុងនោះស្លាប់ ជាង១ម៉ឺនករណី និងសះស្បើយជិត៦០ម៉ឺនករណី៕
 

Tag:
 COVID-19
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com