COVID-19
អន្តរជាតិ
វៀតណាមគ្រោងទិញវ៉ាក់សាំងពី Pfizer ខណៈក្រុមហ៊ុនថា តម្លៃមិនអាចចរចាបាន
18, May 2021 , 9:59 pm        
រូបភាព
ដបមួយ ដែលត្រូវសរសេរថាវ៉ាក់សាំងកូវីដ-១៩ ជាមួយនឹងស្លាកសញ្ញាPfizer។ រូបភាព៖ AFP
ដបមួយ ដែលត្រូវសរសេរថាវ៉ាក់សាំងកូវីដ-១៩ ជាមួយនឹងស្លាកសញ្ញាPfizer។ រូបភាព៖ AFP
រដ្ឋាភិបាលវៀតណាម កំពុងប្រមូលមតិយោបល់ពីក្រសួងនានាលើគម្រោងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមហ៊ុន Pfizer ។ ការពិភាក្សាលើការទិញវ៉ាក់សាំងនៅក្នុងជួររដ្ឋាភិបាល ធ្វើឡើងស្របពេល ក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យានាំសារ messenger RNA ( mRNA) អះអាងថា តម្លៃវ៉ាក់សាំងរបស់ខ្លួនមិនអាចចរចាបាន។

 
មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលវៀតណាម បានស្វះស្វែងរកទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីចាក់ឱ្យប្រជាជនខ្លួន។ ក្នុងថ្ងៃទី១៧ ខែឧសភា  លោក ផាម មិញឈិញ នាយករដ្ឋមន្រ្តីវៀតណាម បានជ្រើសសមាជិករដ្ឋាភិបាលមួយចំនួន ដើម្បីផ្តល់ជាយោបល់ ដែលអាចឱ្យវៀតណាមចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech។ 
 
ក្រៅពីសមាជិកការិយាល័យរដ្ឋាភិបាលវៀតណាម ក្រសួងសុខាភិបាល និងក្រសួងផែនការ វិនិយោគ និងយុត្តិធម៌ ក៏នឹងផ្តល់យោបល់លើកិច្ចព្រមព្រៀងខាងលើផងដែរ។ 
 
ការប្រមូលគំនិតយោបល់របស់សមាជិករដ្ឋាភិបាលបែបនេះ ធ្វើឡើងស្របពេល រដ្ឋមន្រ្តីសុខាភិបាលលោក Nguyen Thanh Long បានអះអាងថា ក្រុមហ៊ុន Pfizer មិនព្រមចរចាលើតម្លៃ និងលក្ខខណ្ឌផ្សេងទៀតឡើយ ខណៈវៀតណាម ត្រូវតបនឹងលក្ខខណ្ឌរបស់ក្រុមហ៊ុននេះ មិនឱ្យហួសថ្ងៃទី១៨ ខែឧសភា។ តម្លៃនៃកិច្ចព្រមព្រៀងខាងលើ មិនត្រូវបានគេបញ្ចេញនោះទេ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាក់ថា ការទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ គឺសំខាន់ណាស់ សម្រាប់សុវត្ថិភាពសាធារណៈ និងក្នុងពេលបន្ទាន់។ «នេះគឺជាស្ថានភាពអាសន្ន ដែលគួរតែមានការព្រមព្រៀងភ្លាមៗ»។ លោក ផាម មិញឈិញ បានសង្កត់ធ្ងន់បែបនេះ។ 
 
ក្នុងការចរចាទិញវ៉ាក់សាំង ប្រមុខរដ្ឋាភិបាលវៀតណាម បានប្រគល់តួនាទីឱ្យក្រសួងផែនការ និងវិនិយោគ វាយតម្លៃលើគម្រោងដែលត្រូវទទួលបានវ៉ាក់សាំងក្រុមហ៊ុន Pfizer ដែលក្រសួងសុខាភិបាលជាអ្នកស្នើទិញ។ 
 
មកទល់ពេលនេះ វៀតណាម បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca បានចំនួន ៣៨,៩លានដូស តាមរយៈកម្មវិធី COVAX ខណៈពេលក្រុមហ៊ុនវៀតណាម VNVC បានចុះកុងត្រាទិញវ៉ាក់សាំងចំនួន ៣០លានដូសពីក្រុមហ៊ុន AstraZeneca ផងដែរ។ លើសពីនេះ វៀតណាម ក៏បានទិញវ៉ាក់សាំងចំនួន១០លានដូសផ្សេងទៀត តាមរយៈកម្មវិធី COVAX និងចរចាទិញវ៉ាក់សាំងពីក្រុមហ៊ុន Pfizer ចំនួន ៣១លានដូស។ 
 
គួររំលឹកថា វៀតណាម បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាំងពីខែមីនាមក ដោយពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងឱ្យប្រជាជនជិត ១លាននាក់ហើយ៕
 

Tag:
 វៀតណាម
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com