COVID-19
ជាតិ
កូ​វីដ​-១៩ ថ្ងៃទី​១៨​ឧសភា៖ កំពង់ស្ពឺ​៣៨នាក់ បាត់ដំបង កំពង់ធំ ប៉ៃលិន ស្ទឹងត្រែងសរុប១៤នាក់​
18, May 2021 , 10:25 pm        
រូបភាព
រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តស្ទឹងត្រែង
រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តស្ទឹងត្រែង
តួលេខ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៨ ឧសភា​នេះ ត្រូវបាន​បញ្ចេញ​ជា​បន្តបន្ទាប់ តាមរយៈ​រដ្ឋបាលខេត្ត​មួយចំនួន ដែល​ក្នុងនោះ ខេត្តកំពង់ស្ពឺ​បន្ត​រកឃើញ ៣៨​នាក់​, បាត់ដំបង ៧​នាក់ , កំពង់ធំ និង​ប៉ៃលិន មាន​៣​ករណី​ថ្មី​រៀងខ្លួន ខណៈ​ខេត្តស្ទឹងត្រែង មាន​១​នាក់​បន្ថែម​។​

 
 
​មនុស្ស ៣៨​នាក់​ទៀត មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅក្នុង​ខេត្តកំពង់ស្ពឺ ដែល​ភាគច្រើន ជា​កម្មករ​រោងចក្រ និង​មាន​អ្នក​សះស្បើយ​៦​នាក់​បន្ថែម​ដែរ​។ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ស្ពឺ ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ​-១៩​ទាំង​៣៨​នាក់​នេះ មាន​១៧​នាក់​នៅ​ស្រុក​ភ្នំស្រួច​, ១០​នាក់ នៅ​ស្រុក​សំរោង​ទង​, ៧​នាក់ នៅ​ក្រុង​ច្បារមន និង​៤​នាក់​នៅ​ស្រុក​គងពិសី​។  រដ្ឋបាលខេត្ត​កំពង់ស្ពឺ ក៏បាន​បញ្ជាក់​ពី​ករណី​សះស្បើយ ៦​នាក់​បន្ថែម​ដែរ  ដែល​ធ្វើឱ្យ​អ្នក​សះស្បើយ​ក្នុង​ខេត្ត​នេះ គិត​ត្រឹម​ថ្ងៃទី​១៨ ឧសភា មាន​៤២​នាក់​។ 
 
​ដោយសារតែ​អត្រា​អ្នក​ឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​នៅតែ​ខ្ពស់ នៅ​យប់​ថ្ងៃទី​១៨ ឧសភា​នេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ ក៏បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង ជា​បណ្ដោះអាសន្ន  បន្ទាប់​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ខ្លាំង​។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏​សម្រេច​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​រយៈពេល​១​សប្តាហ៍​ទៀតផង​ដែរ ពោលគឺ​រហូតដល់​ថ្ងៃទី ២៤ ឧសភា​។ 
 
​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៨ ខែឧសភា នេះ ក៏មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩ បន្ថែម​៧​នាក់​ទៀត​ដែរ លើ​កម្មករសំណង់​។ ក្នុងចំណោម​នោះ មាន​៤​នាក់​ដែល​ទើប​ត្រឡប់​ពី​រាជធានី​ភ្នំពេញ ហើយ​នឹងមាន​ទីលំនៅ​ក្នុង​ភូមិ​អំពិល​ឈួ​ង ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី​។ ចំណែក​៣​នាក់​ទៀត ជា​កម្មករសំណង់​ទើប​មកពី​ប្រទេស​ថៃ ដោយ​ក្នុងនោះ ២​នាក់ មាន​អា​សយ​ដ្ឋា​នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង និង​ម្នាក់ទៀត រស់នៅ​ភូមិ​បឹង​ក្រសាល ឃុំ​ស្ទឹង ស្រុក​បាណន់​។ តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបាត់ដំបង គិត​ត្រឹម​ថ្ងៃទី​១៨ ឧសភា ខេត្តបាត់ដំបង មាន​អ្នកជំងឺ​កូ​វីដ​១៩ សរុប​១០៣​នាក់ ក្នុងនោះ ៣៨​នាក់ បានជា​សះស្បើយ និង​ម្នា​ក់បាន​ស្លាប់​។ អ្នក​កំពុង​បន្ត​ព្យាបាល មាន​ចំនួន​៦៤​នាក់​។​
 
 
​ខេត្តកំពង់ធំ ក៏បាន​រកឃើញ​ពលរដ្ឋ ៣​នាក់​បន្ថែមទៀត​ដែរ មាន​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៨ ខែឧសភា​នេះ ដោយ​២​នាក់​ជា​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត ជា​អ្នកពាក់ព័ន្ធ​នឹង​អ្នក​ផ្ទុក​កូ​វីដ​-១៩​កន្លងមក​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង​៣​នាក់ មាន​ម្នាក់ រស់នៅ​ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ​, ម្នាក់​រស់នៅ ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​តាំងគោក និង​ម្នាក់ទៀត​រស់នៅ​ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង​។ 
 
​ខេត្ត​ប៉ៃលិន ក៏បាន​រកឃើញ​អ្នក​វិជ្ជមាន​បន្ថែម ៣​នាក់​ដែរ នៅ​ថ្ងៃ​អង្គារ​នេះ​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន បញ្ជាក់ថា​ក្នុងចំណោម​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី​ទាំង​៣​នាក់​នេះ គឺជា​ប្តី​ប្រពន្ធ​មួយគូ ដែលជា​អ្នកធ្វើ​ចម្ការ មាន​អាសយដ្ឋាន​នៅ​ភូមិ​ធ្លោ​កវៀន ឃុំ​ធ្លោ​កវៀន ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ហើយ​បានធ្វើ​ដំណើរ​ទៅ​ខេត្ត​ប៉ៃលិន​។ ចំណែក​ម្នាក់ទៀត​ជា​ស្ត្រី​វ័យ ៦៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
 
​នៅ​ថ្ងៃទី​១៨ ខែឧសភា​នេះ ខេត្តស្ទឹងត្រែង ក៏មាន​ករណី​វិជ្ជមាន​បន្ថែម ១​នាក់​ទៀត​ដែរ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង អ្នក​វិជ្ជមាន​រូបនេះ​ជា​បុរស​វួ​យ ១៨​ឆ្នាំ ដែលមាន​ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​នៅឯ​ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៧ ឧសភា កម្ពុ​ជាមាន​អ្នក​កើត​កូ​វីដ​-១៩ ចំនួន ២២ ៥៤៤​នាក់ ដោយ​សះស្បើយ​មាន ១៣ ០០៦​នាក់ និង​ស្លាប់​កើន​ដល់ ១៥៤​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com