COVID-19
ជាតិ
កំពង់ចាម ព្រៃវែង ពោធិ៍សាត់ សៀមរាប និងកោះកុង មានអ្នកឆ្លងកូវីដ-១៩ សរុប៥៧នាក់
19, May 2021 , 11:28 am        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាម
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាម
ដោយ:
ខេត្តកំពង់ចាម ព្រៃវែង ពោធិ៍សាត់ សៀមរាប និងខេត្តកោះកុង នៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៨ ឧសភា។ ខេត្តទាំង៥នេះ មានអ្នកឆ្លងថ្មីសរុប ៥៧នាក់ ក្នុងនោះកំពង់ចាមមានដល់ទៅ៣៥នាក់ , ព្រៃវែង១៥នាក់, ពោធិ៍សាត់៥នាក់ ខណៈសៀមរាប និងកោះកុងមាន ១នាក់រៀងខ្លួន។

 
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែឧសភា បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៥នាក់បន្ថែម ភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ និងមួយចំនួនជាពលរដ្ឋទើបមកពីប្រទេសថៃ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងចំណោមអ្នកឆ្លងទាំង៣៥នាក់ មាន២២នាក់ រស់នៅស្រុកបាធាយ, ១០នាក់ នៅស្រុកជើងព្រៃ និង៣នាក់ នៅស្រុកកំពង់សៀម។ អ្នកជំងឺទាំងអស់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ខណៈអាជ្ញាធរខេត្តនៅតែខ្នះខ្នែងស្វែងរកអ្នកពាក់ព័ន្ធ។
 
ខេត្តព្រៃវែង ក៏មានអ្នកឆ្លងកូវីដ-១៩ ចំនួន១៥នាក់បន្ថែមដែរ នៅថ្ងៃទី១៨ ខែឧស ដែលជាដំណើរទៅពីភ្នំពេញ និងមកពីប្រទេសថៃ។ បើតាមរដ្ឋបាលខេត្តព្រៃវែង មនុស្សទាំង១៥នាក់នេះ មានអាសយដ្ឋាននៅស្រុកកំចាយមារ៤នាក់,ស្រុកស្វាយអន្ទរ៣នាក់,ស្រុកពាមជរ២នាក់,ស្រុកពាមរក៍២នាក់,ស្រុកបាភ្នំ២នាក់,ស្រុកពារាំង១នាក់ និងស្រុកកញ្ជ្រៀច១នាក់។ មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ជាកន្លែងសម្រាកព្យាបាលរបស់អ្នកជំងឺទាំង១៥នាក់។ នេះបើតាមរដ្ឋបាលខេត្តព្រៃវែង។
 
ខេត្តពោធិ៍សាត់ ក៏បន្តរកឃើញអ្នកឆ្លងថ្មី ៥នាក់ទៀតដែរ ក្នុងនោះ៤នាក់ជាអ្នកដំណើរពីរាជធានីភ្នំពេញ និង១នាក់ មកពីខេត្តកំពង់ឆ្នាំង។ តាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាល ខេត្តពោធិ៍សាត់សរុបករណីវិជ្ជមានកូវីដ-១៩ នៅពោធិ៍សត់ មានចំនួន ៦៧នាក់ ក្នុងនោះជាសះស្បើយ ៦នាក់ , ស្លាប់២នាក់ និង៥៩នាក់ទៀត កំពុងបន្តការព្យាបាល។
 
នៅថ្ងៃទី១៨ ខែឧសភា ខេត្តសៀមរាប ក៏មានអ្នកឆ្លងកូវីដ-១៩ថ្មី ១ករណីដែរ លើបុរសវ័យ ៤១ឆ្នាំ ដែល រស់នៅភូមិចំបក់ខ្ពស់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើដំណើរទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ តាមរដ្ឋបាលខេត្តសៀមរាប មកទល់បច្ចុប្បន្នខេត្តនេះ មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៨២នាក់ ក្នុងនោះ៣០នាក់បានសះស្បើយ ២នាក់ស្លាប់ និង៥០នាក់កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសៀមរាប។
 
១ករណីទៀត ត្រូវបានរកឃើញនៅក្នុងខេត្តកោះកុង នៅថ្ងៃទី១៨ ឧសភា លើអ្នកជំងឺបានធ្វើដំណើរមកពីខេត្តប៉ៃលិន ចូលក្នុងខេត្តកោះកុង។ បើតាមរដ្ឋបាលខេត្តកោះកុង អាជ្ញាធរកំពុងស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីយកសំណាកតេស្ត និងធ្វើចត្តាឡីស័ក។
 
គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ២៣២៨២ អ្នកជាសះស្បើយ ១៤៩៥៥នាក់ ខណៈអ្នកស្លាប់កើនដល់ ១៥៩នាក់៕ (UPDATE)
 
 

Tag:
 កំពង់ចាម
 ព្រៃវែង
 ពោធិ៍សាត់
 សៀមរាប
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com