ជាតិ
សេដ្ឋកិច្ច
កម្ពុជាគ្រោងនាំចេញប្រេងឆៅជិត៣០ម៉ឺនបារែល ទៅទីផ្សារអន្តរជាតិ ចុងខែឧសភានេះ
19, May 2021 , 9:29 pm        
រូបភាព
សកម្មភាពបូកប្រេងពីសមុទ្រកម្ពជា របស់ក្រុម KrisEnergy
សកម្មភាពបូកប្រេងពីសមុទ្រកម្ពជា របស់ក្រុម KrisEnergy
ភ្នំពេញ៖ បរិមាណប្រេងឆៅរបស់កម្ពុជា ជាលើកដំបូង ចន្លោះពី២៧ម៉ឺនទៅ៣០ម៉ឺនបារែល នឹងនាំទៅលក់នៅទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុន KrisEnergy នាចុងខែឧសភា ឆ្នាំ២០២១។ បើតាមលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល ប្រេងឆៅប្រមាណ៣០ម៉ឺនបារែលដែលត្រៀមនាំចេញនេះ ស្មើនឹងទម្ងន់ជាង៤មុឺនតោន។


ពាក់ព័ន្ធនឹងការចេញប្រេងឆៅរបស់កម្ពុជា ជាលើកដំបូងនាចុងខែឧសភា នេះ   លោក ជៀប សួរ មិនអាចបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey នូវកាលបរិចេ្ឆទណាមួយច្បាស់លាស់បានឡើយ ខណៈក្រុមការងារជំនាញកំពុងសិក្សាលើសំណើ របស់ក្រុមហ៊ុនពីបណ្តាប្រទេសនានា ដែលសុំទិញប្រេងឆៅពីកម្ពុជា។


លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល 

តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម(Telegram) នារសៀលថ្ងៃទី១៩ឧសភា លោក ជៀប សួរ បាននិយាយដូច្នេះ៖«យើងកំពុងពិនិត្យលើសំណើអ្នកសុំទិញ[ប្រេងឆៅ]មិនទាន់ចប់នៅឡើយ។ ដូចនេះមិនទាន់ដឹងថ្ងៃណា[នាំចេញ] និង[មិនទាន់ដឹង]ថ្លៃនៅឡើយទេ»។ 
 
សូមជ្រាបថា រដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy តាំងពីឆ្នាំ២០១៧។ ក្រុមហ៊ុនមួយនេះ គ្រោងអភិវឌ្ឍការបូមប្រេងឆៅ ជា ៣ដំណាក់កាល ដោយដំណាក់កាលទី១ផ្តើមនៅតំបន់អប្សារា ដែលមានអណ្តូងសរុប៨៥ ក៏ប៉ុន្តែ ក្រុមហ៊ុនបានយកដំណក់ប្រេងដំបូងទៅលើអណ្តូងចំនួន៥ ជាការចាប់ផ្តើមដំបូងសិន។ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាប្រកាសចាប់ផ្តើមផលិតដំណក់ប្រេងដំបូងរបស់ខ្លួន ដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី៕ 
 
 

Tag:
 ប្រេងឆៅ
© រក្សាសិទ្ធិដោយ thmeythmey.com