COVID-19
អន្តរជាតិ
WHO ប្រចាំអឺរ៉ុប៖ វ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ផ្លូវការ សុទ្ធតែមានប្រសិទ្ធភាពទប់ទល់រោគបំប្លែង
20, May 2021 , 4:55 pm        
រូបភាព
លោក Hans Kluge ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប។ រូបថត AFP
លោក Hans Kluge ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប។ រូបថត AFP
ដោយ: ថ្មីៗ
លោក Hans Kluge ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បានអះអាង គ្រប់ប្រភេទវ៉ាក់សាំងបង្ការកូវីដ-១៩ ដែល WHO ដាក់ឲ្យប្រើប្រាស់បន្ទាន់ សុទ្ធតែមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងទាំងអស់ រួមទាំងមេរោគដែលកំពុងវាយលុកនៅឥណ្ឌាផងដែរ។



«វ៉ាក់សាំងដែលទទួលស្គាល់ផ្លូវការទាំងអស់ សុទ្ធតែមានប្រសិទ្ធភាពឆ្លើយតបនឹងរាល់មេរោគបំប្លែង»។ នេះបើជាការបញ្ជាក់របស់របស់ Kluge ដែលត្រូវបានដកស្រង់ដោយ AFP។

លោកបន្ថែមថា រាល់វិធានការសុខាភិបាល និងសង្គមដែលមានទាំងអស់ សុទ្ធតែអាចប្រើប្រាស់បានដើម្បីគ្រប់គ្រងមេរោគបំប្លែងទាំងនេះ។

កាលពីថ្ងៃទី៧ ខែឧសភាកន្លងមក WHO បានទទួលស្គាល់វ៉ាក់សាំង Sinopharm របស់វិទ្យាស្ថានប៉េកាំង ជាវ៉ាក់សាំងទី៦ ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពលើការបង្ការមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា បន្ថែមពីលើវ៉ាក់សាំង Sinopharm វ៉ាក់សាំងចំនួនប្រាំដែល WHO បានសម្រេចអនុញ្ញាតប្រើប្រាស់បន្ទាន់នោះមានដូចជា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna,  វ៉ាក់សាំងក្រុមហ៊ុន Pfizer, វ៉ាក់សាំង AstraZeneca ផលិតនៅកូរ៉េខាងត្បូង និងផលិតដោយវិទ្យាស្ថានSerum របស់ឥណ្ឌា និងវ៉ាក់សាំងក្រុមហ៊ុន Janssen៕



© រក្សាសិទ្ធិដោយ thmeythmey.com