COVID-19
ជាតិ
ត្រឹមថ្ងៃទី១៩ ឧសភា ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងកូវីដ-១៩ សរុប៣១៤នាក់ ដោយ៩នាក់បានស្លាប់
20, May 2021 , 5:59 pm        
រូបភាព
លោក វ៉ី សំណាង នាឱកាសចុះសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័ក នៅភូមិសាលាគ្រួស ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
លោក វ៉ី សំណាង នាឱកាសចុះសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័ក នៅភូមិសាលាគ្រួស ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ដោយ:
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ បានរកឃើញចំនួនអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣១៤នាក់ភាគច្រើនជាកម្មករ-កម្មការិនីរោងចក្រ គិតត្រឹមថ្ងៃទី១៩ ខែឧសភា។ ក្នុងចំណោមនោះ មាន ៨៦នាក់បានសះស្បើយ ខណៈអ្នកស្លាប់មានដល់ទៅ ៩នាក់។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នៅថ្ងៃទី២០ ខែឧសភា។


តាមលោក វ៉ី សំណាង ករណីឆ្លងរាលដាលនៅក្នុងខេត្តកំពង់ស្ពឺ គឺផ្តើមចេញពីសន្តិសុខ និងអ្នកដឹកបន្លែនៅផ្សារអូរឫស្សី ដែលជាអ្នកខេត្តកំពង់ស្ពឺ។ ក្រោយមកទៀត ក៏មានករណីឆ្លងចេញពីកម្មកររោងចក្រ ហើយដែលបានធ្វើឱ្យចំនួនអ្នកឆ្លងក្នុងខេត្តកំពង់ស្ពឺហក់ឡើងជាបន្តបន្ទាប់។ អភិបាលខេត្តកំពង់ស្ពឺ បន្តថា៖«កំពង់ស្ពឺ រកឃើញករណីឆ្លងដំបូងលើអ្នកដឹកបន្លែ និងសន្តិសុខ នៅផ្សារអូរឫស្សី។ តែក្រោយមានករណីឆ្លងចេញពីរោងចក្រ នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងបន្តបន្ទាប់»។
 
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបន្តអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី២៤ ខែឧសភា។ រដ្ឋបាលខេត្ត ក៏បានបន្ត និងបង្កើនការផ្សព្វផ្សាយ ពីរបៀបថែទាំសុខភាព និងវិធីបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋផងដែរ។
 
គិតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៣៦៩៧នាក់ អ្នកជាសះស្បើយសរុបចំនួន ១៥៧០០នាក់ ខណៈអ្នកស្លាប់កើនដល់ ១៦៤នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា៕
 
 

Tag:
 វ៉ី សំណាង
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com