ជាតិ
អ្នកអភិរក្សលែងកូនសត្វព្រៃ៦ក្បាលមានឆ្មាដាវ អកពស់ព្រៃ និងកេងកង ចូលព្រៃធម្មជាតិវិញ
21, May 2021 , 7:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា

កូនសត្វឆ្មាដាវចំនួន៣ក្បាល កូនសត្វអកពស់ព្រៃចំនួន១ក្បាល និងកូនសត្វកេងកងតូចចំនួន២ក្បាល ត្រូវបានអង្គការជីវិតសត្វស្លាបកម្ពុជា-គម្រោងលំផាត់ ប្រគល់ឱ្យក្រុមសង្រ្គោះសត្វព្រៃរហ័ស ដើម្បីថែបំប៉ន និងស្តារនិតិសម្បទារ នៅមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មុនពេលប្រលែងចូលនៅដែនជម្រកសត្វព្រៃលំផាត់វិញ។


 លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ថា សត្វព្រៃទាំងនេះ ឧទ្យាននុរក្សទទួលបានពីពលរដ្ឋ និងរឹបអូសពីអ្នកបរបាញ់ នៅដែនជម្រកសត្វព្រៃលំផាត់ ។ លោក ប៊ូ វរសក្ស បន្ថែមថា ដោយសារសត្វព្រៃទាំងនេះ នៅតូចៗ និងត្រូវការពិនិត្យពីរបួស និងពិនិត្យពីបញ្ហាផ្សេង ដូច្នេះលោក ត្រូវប្រគលឱ្យមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ថែទាំឱ្យសត្វទាំងនោះមានសុខភាពល្អសិន ទើបប្រលែងចូលព្រៃវិញ។ 


ពីរូបភាពពី BirdLife International Cambodia Programme 

« ពួកយើងជាអ្នកថែរក្សានិងអភិរក្ស ចេះតែជំនាញសង្គ្រោះបឋមដល់សត្វតែប៉ុណ្ណោះ មិនមានជំនាញច្បាស់ដូចក្រុមស្តារនិតិសម្បទារនៅមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅទេ។ ហេតុនេះ បានជាយើងត្រូវបញ្ជូនសត្វទាំងនោះទៅឱ្យអ្នកជំនាញសិក្សា និងមើលថែបន្ត »។ នេះជាការពន្យល់របស់ លោក ប៊ូ វរសក្ស ។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទ នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជារូបនេះមិនទាន់អាចកំណត់រយៈពេលនៃការប្រលែងសត្វនេះចូលព្រៃវិញទេ ដោយលោកថា ក្រុមអ្នកជំនាញកំពុងតាមដានពីស្ថានភាពសុខភាពសត្វទាំងនោះសិន  ៕  
 
 


 រូបភាពពីរូបភាពពី BirdLife International Cambodia Programme

 រូបភាពពីរូបភាពពី BirdLife International Cambodia Programme

 រូបភាពពីរូបភាពពី BirdLife International Cambodia Programme
 
 
 
 

Tag:
 សង្រ្គោះ
  សត្វព្រៃ
  Birdlife
 
© រក្សាសិទ្ធិដោយ thmeythmey.com