ជាតិ
ភរិយាលោក ឆាំង សុង បន្តបួងសួងឲ្យស្វាមីឆាប់ជាសះស្បើយ
21, May 2021 , 12:00 pm        
រូបភាព
លោក ឆាំង សុង អតីតរដ្ឋមន្ត្រី​ក្រសួងឃោសនាការសម័យសាធារណរដ្ឋខ្មែរ
លោក ឆាំង សុង អតីតរដ្ឋមន្ត្រី​ក្រសួងឃោសនាការសម័យសាធារណរដ្ឋខ្មែរ
ដោយ: ថ្មីៗ
ព័ត៌មានទាក់ទងនឹងការស្លាប់លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការសម័យសាធារណរដ្ឋខ្មែរ មិនត្រឹមត្រូវនោះឡើយ។  អ្នកស្រី Sarun Sum ភរិយារបស់លោក ឆាំង សុង បានចេញសេចក្តីបញ្ជាក់ផ្លូវការមួយ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់លោក ឆាំង សុង នៅថ្ងៃនេះ។



«ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានផ្ញើសារចូលរួមរំលែកទុក្ខ។ ការចងចាំ និងពាក្យពេចន៍ដ៏ស្មោះសររបស់លោកអ្នកគឺជាប្រភពនៃការលើកកម្លាំងចិត្តដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ទាក់ទងនឹងការស្លាប់របស់ស្វាមីខ្ញុំ គឺមិនពិតនោះឡើយ»។ នេះជាសារផ្លូវការរបស់អ្នកស្រី Sarun Sum ដែលបានមើលថែទាំជំងឺស្វាមីអស់រយៈពេល១៣ឆ្នាំមកហើយ។



អ្នកស្រីបានឆ្លើយតបបែបនេះ បន្ទាប់ពីមានសារព័ត៌មានមួយចំនួន ក៏ដូចជាមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាល រួមទាំងអ្នកជិតស្និទ្ធ បានចែករំលែកសារមរណទុក្ខជាបន្តបន្ទាប់ ដោយសារមានអ្នកផ្តល់ព័ត៌មានថា លោក ឆាំង សុង បានទទួលមរណភាពក្នុងអាយុ៨២ឆ្នាំ កាលពីថ្ងៃទី១៩ ខែឧសភា នៅសហរដ្ឋអាមេរិក។

«គាត់មិនទាន់ទទួលមរណភាពទេ ហើយគាត់កំពុងតែតស៊ូនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU ដើម្បីបន្តជីវិតរស់នៅលើលោកទៀត។ គាត់កំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ប៉ុន្តែយើងនៅតែមានសង្ឃឹមថា អភិនីហារនឹងនាំគាត់វិលទៅរកស្ថានភាពប្រក្រតីវិញ»។ ភរិយាលោក ឆាំង សុង បានសរសេរយ៉ាងដូច្នេះ។

អ្នកស្រី បានបន្តអំពាវនាវដល់អ្នកគោរពស្រឡាញ់ លោក ឆាំង សុង ទាំងអស់នាំគ្នាបួងសួងដល់លោក ឆាំង សុខ ឆាប់ជាសះស្បើយ ហើយព័ត៌មាននានាទាក់ទងនឹងការវិវត្តនៃស្ថានភាពរបស់លោក ឆាំង សុង នឹងផ្តល់តាមរយៈគណនីហ្វេសប៊ុក Song Chhang ផ្ទាល់៕



© រក្សាសិទ្ធិដោយ thmeythmey.com