COVID-19
ជាតិ
របាយការណ៍កូវីដ-១៩នៅ១០ខេត្ត៖ កំពង់ចាម និងកំពង់ស្ពឺ ច្រើនជាងគេ
21, May 2021 , 2:45 pm        
រូបភាព
ក្រុមគ្រូពេទ្យកំពុងយកសំណាកពលករមកពីប្រទេសថៃ (រូបភាពពី មន្ទីរសុខាភិបាលខេត្តបាត់ដំបង)
ក្រុមគ្រូពេទ្យកំពុងយកសំណាកពលករមកពីប្រទេសថៃ (រូបភាពពី មន្ទីរសុខាភិបាលខេត្តបាត់ដំបង)
ដោយ:
បណ្តាខេត្តចំនួន១០ នៅកម្ពុជា បានប្រកាសករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩  នៅក្នុងខេត្តខ្លួន កាលពីថ្ងៃទី២០ ឧសភា។ ខេត្តទាំងនោះរួមមាន ខេត្តកំពង់ចាម,កំពង់ស្ពឺ ,កំពង់ធំ,កំពង់ឆ្នាំង,ឧត្តរមានជ័យ, ព្រៃវែង, សៀមរាប, បាត់ដំបង , ស្ទឹងត្រែង និងខេត្តស្វាយរៀង។ ខេត្តទាំង១០នេះ មានអ្នកឆ្លងថ្មីសរុប ១៨១នាក់ ភាគច្រើនជាកម្មកររោងចក្រ ខណៈករណីនាំចូលពីថៃមាន១៧នាក់ និងមានអ្នកជំងឺម្នាក់នៅព្រៃវែង បានស្លាប់។

 
 កំពង់ចាម៖ រកឃើញ៩៣នាក់ សុទ្ធតែជាកម្មកររោងចក្រ ហើយភាគច្រើនជាស្ត្រី 
 
កម្មករ-កម្មការិនីរោងចក្រ ចំនួន៩៣នាក់ទៀតនៅក្នុងខេត្តកំពង់ចាម មានតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីបានប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានកន្លងមក។ ក្នុងចំណោមអ្នកវិជ្ជមានទាំង៩៣នាក់នេះ មាន៨៩នាក់ហើយជាស្ត្រី។ នេះបើតាមប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានឱ្យដឹងទៀតថាដែលមានអាសយដ្ឋាននៅ ស្រុកជើងព្រៃ និងស្រុកបាធាយ មាន៣៤នាក់រៀងខ្លួន ខណៈអ្នកស្រុកព្រៃឈរមាន៨នាក់ និងអ្នកស្រុកកំពង់សៀម មាន៦នាក់។ ទន្ទឹមនឹងការរកឃើញវិជ្ជមាន រដ្ឋបាលខេត្តក៏បញ្ជាក់ថា មានអ្នកជំងឺចំនួន ២៣នាក់បន្ថែមទៀត បានសះស្បើយ។
 
ទោះជាយ៉ាងនេះក្តី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរ អាជ្ញាធរខេត្តកំពង់ចាម កាលពីថ្ងៃទី២០ឧសភា បានផ្អាកសកម្មភាពផលិតកម្មអាគារ តុកាត់នៃរោងចក្រ ជួហួយ ហ្វ៊ូតវែ ដែលស្ថិតឃុំខ្នុរដំបង ស្រុកជើងព្រៃ និងសកម្មភាពផលិតកម្មអាគារទូប៉ាង២ នៃរោងចក្រមេតថេក ដែលស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម រយៈពេល២សប្តាហ៍ បន្ទាប់ពីកម្មករ-កម្មការិនីនៃរោងចក្រទាំង២នេះ មានវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។
 
កំពង់ស្ពឺ៖ រកឃើញមនុស្ស ៤៥នាក់បន្ថែម ភាគច្រើនជាកម្មករ
 
នៅថ្ងៃទី២០ ខែឧសភា រដ្ឋបាលខេត្តកំពង់ស្ពឺ រកឃើញ ៤៥ករណីបន្ថែម ដោយភាគច្រើនជាកម្មករ-កម្មការិនី និងក្រុមគ្រួសាររបស់ពួកគេ។ បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ អ្នកទាំង៤៥នាក់មានអាសយដ្ឋាននៅស្រុកគងពិសី២១នាក់,ស្រុកសំរោងទង១៣នាក់,ស្រុកភ្នំស្រួច១០នាក់ និងស្រុកថ្ពង១នាក់។ នៅរយៈពេលចុងក្រោយនេះខេត្តកំពង់ស្ពឺ បានរកឃើញករណីកូវីដ-១៩ ជាបន្តបន្ទាប់ ភាគច្រើនជាកម្មកររោងចក្រ ជាហេតុធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបន្តអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី២៤ ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
 
ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ៣៨នាក់ បានជាសះស្បើយវិញហើយដែរ ដែលធ្វើឱ្យអ្នកសះស្បើយសរុបក្នុងខេត្តនេះកើនដល់៨៨នាក់។
 
ឧត្តរមានជ័យ៖ ១២ករណី សុទ្ធតែនាំចូលពីថៃ
 
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ-១៩ ចំនួន១២នាក់បន្ថែម ដែលសុទ្ធតែជាពលករខ្មែរ ទើបត្រឡប់ពីប្រទេសថៃ។ តាមរដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងចំណោមពលករខ្មែរទាំង១២នាក់នេះ មាន៥នាក់មានអាសយដ្ឋាននៅក្នុងខេត្តកំពង់ធំ, ៤នាក់ ជាអ្នកខេត្តព្រៃវែង ខណៈខេត្តបាត់ដំបង កោះកុង និងសៀមរាប ១នាក់រៀងខ្លួន។
 
ព្រៃវែង៖ រកឃើញ១១នាក់ ក្នុងនោះអ្នកជំងឺម្នាក់បានស្លាប់
 
តាមរដ្ឋបាលខេត្តព្រៃវែង ក្នុងចំណោមមនុស្សទាំង១០នាក់ ដែលវិជ្ជមានកូវីដ-១៩ នោះមាន ៤នាក់ទើបមកពីប្រទេសថៃ, ៤នាក់ ជាអ្នដំណើរពីភ្នំពេញ ខណៈ២នាក់ទៀតឆ្លងពីអ្នកជំងឺកូវីដ-១៩ កន្លង។ ចំណែកករណីអ្នកស្លាប់ រដ្ឋបាលខេត្តបានបញ្ជាក់ថា  អ្នកជំងឺបានស្លាប់នៅលើរថយន្តសង្គ្រោះបន្ទាន់ ពេលបញ្ជូនមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក។ គិតត្រឹមថ្ងៃទី២០ ខែឧសភា ព្រៃវែង មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ២២៤នាក់ ក្នុងនោះអ្នកសះស្បើយមាន១១៤នាក់ និង៤នាក់បានស្លាប់។ អ្នកជំងឺ១០៦នាក់ កំពុងបន្តសម្រាកព្យាបាល។
 
កំពង់ធំ៖ រកឃើញ ៧នាក់ទៀត ដោយ២នាក់ទើបមកពីប្រទេសថៃ
 
ខេត្តកំពង់ធំ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧នាក់បន្ថែម នៅថ្ងៃទី២០ ខែឧសភា ដោយមាន២នាក់ ជាអ្នកទើបត្រឡប់មកពីប្រទេសថៃ, ៣នាក់ជាអ្នកត្រឡប់មកពីខេត្តព្រះសីហនុ និង២នាក់មកពីខេត្តកំពង់ចាម។ បើតាមរដ្ឋបាលខេត្ត អ្នកទាំងនោះត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ៤នាក់នាក់ និងវិទ្យាល័យកំពង់ធំ២នាក់។ ដោយឡែកអ្នកវិជ្ជមានកូវីដ-១៩ ទាំង៧នាក់មានអាសយដ្ឋាននៅស្រុកបារាយណ៍៦នាក់ និងស្រុកប្រាសាទសំបូរ១នាក់។ គិតមកដល់ពេលនេះកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ សរុប ១៣១នាក់ អ្នកជាសះស្បើយ ២៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល ១០៧នាក់។
 
បាត់ដំបង៖ រកឃើញ៥នាក់ ក្នុងនោះ២នាក់មកពីថៃ
 
ក្នុងចំណោមមនុស្ស៥នាក់ដែលរកឃើញវិជ្ជមាននៅខេត្តបាត់ដំបង នេះ មាន៣នាក់ជាពលករមកពីប្រទេសថៃ និង២នាក់ជាករណីឆ្លងក្នុងសហគមន៍។ តាមរដ្ឋបាលខេត្ត អ្នកជំងឺ២នាក់រស់នៅស្រុកបាណន់២នាក់, ២នាក់នៅស្រុកថ្មគោល ១នាក់នៅក្រុងបាត់ដំបង។  ត្រឹមថ្ងៃទី២០ ឧសភា ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ សរុប ១១៥នាក់ហើយ ក្នុងនោះ៤១នាក់ ជាសះស្បើយ ១នាក់ស្លាប់ និង៧១នាក់ កំពុងសម្រាកព្យាបាល។
 
កំពង់ឆ្នាំង៖ រកឃើញថ្មី ៣នាក់ទៀត ដោយ២នាក់ជាកម្មកររោងចក្
 
ខេត្តកំពង់ឆ្នាំង មានមនុស្ស៣នាក់ទៀតឆ្លងកូវីដ-១៩ ក្នុងនោះ២នាក់ ជាកម្មកររោងចក្រហឺរ៉ាយហ្សិន ខណៈម្នាក់ទៀតទៀតបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩។ តាមរដ្ឋបាលខេត្ត កំពង់ឆ្នាំង អ្នកជំងឺ២នាក់ មានអាសយដ្ឋាននៅស្រុកកំពង់ត្រឡាច២នាក់ និង១នាក់ នៅស្រុកទឹកផុស។
 
ស្វាយរៀង៖ មាន១នាក់ ជាអ្នកដំណើរពីខេត្តព្រះសីហនុ
 
បើតាមរដ្ឋបាលខេត្ត អ្នកវិជ្ជមានថ្មី១នាក់នេះ ជាបុរសវ័យ ៤៨ឆ្នាំ ដែលធ្វើដំណើរត្រឡប់ពីខេត្តព្រះសីហនុ ទៅផ្ទះរបស់ខ្លួនដែលស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចុប្បន្នអ្នកជំងឺបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ។ មកទល់ពេលនេះ ខេត្តស្វាយរៀង មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៤០៤ នាក់ក្នុងនោះ ៣៣១នាក់សះស្បើយខណៈ អ្នកជំងឺ៥នាក់បានស្លាប់។ អ្នកជំងឺ ៦៧នាក់ទៀត កំពុងបន្តសម្រាកព្យាបាល។
 
ស្ទឹងត្រែង៖ ២ករណី ជាម្តាយកូន ដែលទើបត្រឡប់ពីខេត្តស្វាយរៀង
 
 
តាមរយៈការធ្វើតេស្តរហ័ស រដ្ឋបាលខេត្តស្ទឹងត្រែង បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២ករណីទៀត លើម្តាយ និងកូន ដែលទើបធ្វើដំណើរពីខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែឧសភានេះ។ តាមប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តស្ទឹងត្រែង  អ្នកទាំង២មានទីលំនៅក្នុងភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
 
សៀមរាប៖ ២ករណីជាអ្នកទើបត្រឡប់ពីភ្នំពេញ និងប្រទេសថៃ
 
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើបុរស២នាក់ទៀត នៅថ្ងៃទី២០ ខែឧសភា ដោយម្នាក់មានវ័យ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានធ្វើពីភ្នំពេញ។ ចំណែកបុរសម្នាក់ទៀត វ័យ៣១ឆ្នាំ ជាពលករខ្មែរ ទើបត្រឡប់ពីប្រទេសថៃ មានអាសយដ្ឋាននៅភូមិតាសុខ ឃុំសែនសុខ ស្រុកក្រឡាញ់។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៤នាក់ ក្នុងនោះ៣៦នាក់ បានសះស្បើយ, ស្លាប់២នាក់ និង៤៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
 
គិតមកដល់ថ្ងៃទី១៩ ឧសភា កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៣៦៩៧នាក់ ដោយសះស្បើយមាន ១៥៧០០នាក់ និងស្លាប់កើនដល់ ១៦៤នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com