ជាតិ
ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកទុក្ខប្រជាជនឥណ្ឌា ដែលកំពុងរងគ្រោះដោយសារកូវីដ-១៩
21, May 2021 , 4:15 pm        
រូបភាព
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសាររំលែកទុក្ខប្រជាជនឥណ្ឌា ដែលកំពុងរងគ្រោះដោយសារការរាតត្បាតជំងឺកូវីដ-១៩។


 
«វាជារឿងសោកសៅបំផុត ដែលខ្ញុំទទួលបានព័ត៌មានពីស្ថានភាពការរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា ដែលបណ្ដាលឱ្យប្រជាជនឥណ្ឌា បាត់បង់ជីវិតដ៏ច្រើនសន្ធឹកសន្ធាប់នេះ»។ នេះជាព្រះរាជបន្ទូលរបស់ ព្រះមហាក្សត្រនរោត្តម សីហមុនី ដែលបានផ្ញើព្រះរាជសាររំលែកទុក្ខទៅកាន់លោក Devyani Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាថា៖«នៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងអារម្មណ៍សោកសង្រែង ដោយស្មោះអស់ពីចិត្ត ចំពោះឯកឧត្តម និងប្រជាជនឥណ្ឌា»។
 
ព្រះមហាក្សត្រ មានព្រះរាជសង្ឃឹមថា ប្រជាជនឥណ្ឌា នឹងអាចរួចផុតពីទុក្ខលំបាកនៃជំងឺកូវីដ-១៩នេះ តាមរយៈការខិតខំប្រឹងប្រែងរបស់អាជ្ញាធរឥណ្ឌា ក្នុងការអនុវត្តវិធានការទប់ស្កាត់ និងដោះស្រាយការរាតត្បាតនៃជំងឺកាចសាហាវនេះ ប្រកបដោយភាពជោគជ័យ។

បច្ចុប្បន្នឥណ្ឌា កំពុងប្រឈមមុខនឹងវីរុសបង្កជាជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មី ឈ្មោះថា B.1.617។ កូវីដ-១៩ បំប្លែងខ្លួនថ្មីនេះ កំពុងវាយលុកប្រទេសឥណ្ឌាយ៉ាងខ្លាំង ដោយបណ្ដាឱ្យមានឆ្លងពី២០ម៉ឺននាក់ ទៅ៣០ម៉ឺននាក់ និងស្លាប់រាប់ពាន់នាក់ក្នុងមួយថ្ងៃ។
 
មកដល់ពេលនេះ ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ ជាង២៦លាននាក់ ក្នុងជាសះស្បើយជាង២២លាននាក់ ស្លាប់ជាង២៩ម៉ឺននាក់ ហើយអ្នកកំពុងសម្រាកព្យាបាលជាង៣លាននាក់៕
 

Tag:
 ព្រះមហាក្សត្រ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com