ជាតិ
ប្រធានពន្ធនាគារព្រៃស ស្នើតុលាការភ្នំពេញផ្អាកនាំជនជាប់ឃុំទៅសាកសួរ ក្រោយមានអ្នកឆ្លងកូវីដ-១៩ ១៨នាក់
21, May 2021 , 5:11 pm        
រូបភាព
រូបភាពពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ
រូបភាពពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ
ភ្នំពេញ៖ អ្នកជាប់ឃុំ១៨នាក់នៅមណ្ឌលអប់រំកែប្រែ១(ពន្ធនាគារព្រៃស) ត្រូវបានរកឃើញថា ឆ្លងកូវីដ-១៩ ។ ដោយសារបញ្ហានេះ ទើបលោក យិន គន្ធ ប្រធានពន្ធនាគារព្រៃស បានស្នើទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ឲ្យផ្អាកនាំអ្នកជាប់ឃុំទៅជំនុំជម្រះ និងសាកសួរមួយរយៈពេលសិន។


អត្ថបទទាក់ទង

 
បើតាមលិខិតរបស់លោក យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែ១ ចេញថ្ងៃទី២០ឧសភានេះ ក្រុមការងារនៃអង្គភាពរបស់លោក កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល ដើម្បីធ្វើតេស្តរកកូវីដ-១៩និងចាត់វិធានការទប់ស្កាត់បន្ថែម។ 
 
ជុំវិញករណីឆ្លងជំងឺកូវីដ-១៩ ចូលពន្ធនាគារព្រៃសនេះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីសុំការអត្ថាធិប្បាយលម្អិតជុំវិញការឆ្លងនិងស្ថានភាពអ្នកជាប់ឃុំ នៅអំឡុងពេលនេះបានឡើយ ។ 
 
កាលថ្ងៃទី៨ឧសភា រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកជាប់ឃុំ៣៤នាក់ ដែលករណីឆ្លងរាលដាលដំបូងចូលពន្ធនាគារខេត្តព្រះសីហនុ។ ក្រោយផ្ទុះករណីឆ្លងនេះ មន្ត្រីពន្ធនាគារបានសម្រេចផ្ទេរអ្នកជាប់ឃុំជាស្រី្តជាង១០០នាក់ ពីពន្ធនាគារព្រះសីហនុទៅពន្ធនាគារកំពត ដើម្បីទប់ស្កាត់ការរាលដាល និងរក្សាសុវត្ថិភាពពួកគេ ៕ 
 
 

Tag:
 អ្នកជាប់ឃុំ
  ទណ្ឌិត
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com