ជាតិ
សង្គមជាតិ
លោក វ៉ី សំណាង៖ កំពង់ស្ពឺ ជាស្រុកកំណើតអ្នកប្រាជ្ញ ដូច្នេះមិនត្រូវមានប៉ាណូផ្សព្វផ្សាយស្រាបៀឡើយ
21, May 2021 , 5:54 pm        
រូបភាព
វិមានរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត នៅក្នុងខេត្តកំពង់ស្ពឺ។ រូបថត ធម្មការខេត្ត
វិមានរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត នៅក្នុងខេត្តកំពង់ស្ពឺ។ រូបថត ធម្មការខេត្ត
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាដល់មន្ទីរនិងភាគីពាក់ព័ន្ធទាំងអស់ឱ្យរុះរើ ផ្ទាំងប៉ាណូដែលផ្សព្វផ្សាយផលិតស្រាបៀគ្រប់ប្រភេទ។ បើតាម លោក វ៉ី សំណាង ការរុះរើផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ស្រាបៀនេះ នឹងធ្វើឡើងជាជំហានៗ ដោយចាប់ផ្តើម រុះរើសផ្ទាំងប៉ាណូស្រាបៀនៅតាមដងផ្លូវសាធារណៈ ហើយបន្តរុះរើសនៅតាមផ្ទះ និងភោជនីយដ្ឋាន​ដែលមានផ្ទាំងប៉ាណូលក់​គ្រឿង​ស្រវឹងគ្រប់ប្រភេទ។

 
 
ការបិទស្លាក ឬ លើកផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតស្រាបៀនៅខេត្តកំពង់ស្ពឺ គឺមានភាពអាណាធិបតេយ្យគ្រប់កន្លែង ដែលធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់ខេត្ត។ លោក វ៉ី សំណាង បន្តរម្លឹក​ពីអតីត​កាលរបស់ខេត្តកំពង់ស្ពឺថា ខេត្តកំពង់ស្ពឺជាស្រុកកំណើតអ្នកប្រាជ្ញ របស់អ្នករៀនសូត្រមានចំណេះដឹងខ្ពង់ខ្ពស់។ ដូចជា សម្តេចព្រះសង្ឃរាជ ជួន ណាត ជាកូនអ្នក​កសិករដែល​មានស្រុក​កំណើត​នៅខេត្តកំពង់ស្ពឺ ជាដើម។ ប៉ុន្តែ ខេត្តកំពង់ស្ពឺបច្ចុប្បន្ន មានពោរពេញទៅដោយ យីហោលក់គ្រឿងស្រវឹង គ្រប់កន្លែងទៅវិញ។ 
 
អភិបាលខេត្តកំពង់ស្ពឺរូបនេះបាននិយាយប្រាប់សារព័ត៌មានThmeyThmeyតាមទូរសព្ទ នារសៀលថ្ងៃទី២១ឧសភា ដូច្នេះ៖«ការផ្សព្វផ្សាយលក់ស្រាបៀនេះ គឺហាក់បីដូចខេត្តកំពង់ស្ពឺហ្នឹង មើល​ទៅសុទ្ធតែជាជនប្រមឹកអ៊ឹចឹង។  ពីព្រោះ យើងដើរទៅកន្លែងណា ក៏ឃើញមានផ្ទាំងផ្សព្វផ្សាយស្រាបៀដែរ។ មានពាសពេញហ្នឹងតែម្តង!»។
 
ការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀនេះពីសំណាក់អាជ្ញាធរខេត្តកំពង់ស្ពឺនេះ នឹងអនុវត្តជាជំហានៗ ដោយត្រូវផ្សព្វផ្សាយជាសាធារណ និងជូនដំណឹងដល់ក្រុមហ៊ុនស្រាបៀទាំងអស់​ឱ្យដកផ្ទាំង​ប៉ាណូចេញដោយ​ខ្លួនឯង ចាប់ពីថ្ងៃទី២១ឧសភា ឆ្នាំ២០២១ តទៅ។ លោក វ៉ី សំណាង បានអះអាងថា៖«ក្នុងករណីដែលម្ចាស់ក្រុមហ៊ុនស្រាបៀ រឹងរូសមិនព្រមរុះរើផ្ទាំង​ប៉ាណូ​លក់ស្រាបៀ​របស់ខ្លួនទេ នោះ គណៈកម្មការរបស់យើងនឹងចុះរុះរើតែម្តង»។
 
ពាក់ព័ន្ធនឹងវិធានការរបស់អាជ្ញាធរខេត្តកំពង់ស្ពឺក្នុងការរុះរើដកផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀ គ្រប់ប្រភេទនេះ លោក ប៉ា ច័ន្ទរឿន អ្នកវិភាគសីលធម៌សង្គម  បានសំដែងនូវការកោតសរសើរឡើងខ្លាំង ចំពោះចំណាត់ទាំងនេះ ដើម្បីប្រែក្លាយសង្គមមួយឱ្យមានភាពរីកចម្រើនប្រកបដោយសីលធម៌។ ទន្ទឹមនឹងការសាទរនេះ លោក ច័ន្ទរឿន ក៏សង្ឃឹមផងថា បន្ទាប់ពីរុះរើសផ្ទាំង​ផ្សព្វផ្សាយស្រាបៀ​ចោលហើយ អាជ្ញាធរខេត្តកំពង់ស្ពឺនឹងមិនអនុញ្ញាតឱ្យមានការលើកឬដាក់ផ្ទាំងផ្សព្វផ្សាយស្រាបៀឡើងវិញ ដែលមានទ្រង់ទ្រាយធំជាងមុនឬច្រើនជាងមុន ឡើយ។ 
 
អ្នកតាមដានសង្គមរូបនេះបានលើកឡើងដូច្នេះ៖«តាមការសង្កេតរបស់ខ្ញុំ កន្លងមកនៅតាមដងផ្លូវមួយចំនួន ក៏មានអាជ្ញាធរមូលដ្ឋានដើរកាត់ស្លាកផ្សព្វផ្សាយ និងចុះរុះរើសផ្ទាំងប៉ាណូ​ផ្សព្វផ្សាយគ្រឿងស្រវឹងទាំងហ្នឹងផងដែរ។ ប៉ុន្តែ បាន១ឬ២ខែក្រោយមក ក៏យើងឃើញថា មានការដាក់ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងឡើងវិញ ហើយការដាក់ហ្នឹងក៏មានភាពធំសម្បើមជាងមុន និងមានចំនួនច្រើនជាងមុនផងដែរ»។ 
 

លោក វ៉ី សំណាង រដ្ឋភិបាលលខេត្តកំពង់ស្ពឺ។

ជាគំនិតរបស់លោក ប៉ា ច័ន្ទរឿន ចំពោះទីតាំងនៅតាមផ្លូវសាធារណៈ ដែលធ្លាប់ជាកន្លែងដាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង និងគ្រឿងសំអាងជាដើមនោះ​​គួរជំនួយដោយ​ផ្ទាំងផ្សព្វផ្សាយ​នូវរូបភាព​ឬខ្លឹមសារដាស់តឿនដល់ប្រជាជនពលរដ្ឋឱ្យយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ឬសារអប់រំនានា។ «ត្រូវដាក់សារទាំងឡាយណា ដែលទាក់ទងនឹងការលើកកម្ពស់នូវ តម្លៃគុណធម៌ សីលធម៌  យុត្តិធម៌ និងភាពសុខដុមរម្យនា នៅក្នុងសង្គមឱ្យបានទូលំទូលាយ»។ លោក ច័ន្ទរឿន ដែលជា​ប្រធានវិទ្យាស្ថានប្រជាធិប​តេយ្យកម្ពុជា បានរៀបរាប់​បន្ថែមប្រាប់សារព័ត៌មាន ThmeyThmeyដូច្នេះ។ 
 
អ្នកតាមដានសង្គមរូបនេះ ជឿជាក់ថា ចំណាត់របស់អាជ្ញាធរខេត្តកំពង់ស្ពឺក្នុងការរុះរើសឬកាត់ស្លាកផ្សព្វផ្សាយស្រាបៀ ដោយផ្តើមចេញពីតាមដងផ្លូវសាធារណនេះ នឹង​ក្លាយជា​គំរូដ៏ល្អ សម្រាប់ខេត្តដទៃ ពិសេសគឺល្អសម្រាប់រាជធានីភ្នំពេញដែលជាបេះដូង របស់កម្ពុជា។ 
 
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលនិងបញ្ញវន្ត ចំនួន៣៨ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា លុបបំបាត់ការផ្សាយគ្រឿង​ស្រវឹងទាំងស្រុង​ជារៀង​រហូតតែម្តង មិនមែនគ្រាន់តែផ្អាកក្នុងអំឡុងការផ្ទុះជំងឺកូវីដ-១៩នោះទេ។ អ្វី ដែលសង្គមស៊ីវិលរំពឹងចង់បាននោះ គឺកម្ពុជា អាចកាត់បន្ថយឲ្យបានច្រើនតាមតែអាចធ្វើទៅបាន នូវការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹង។ អង្គការសង្គមស៊ីវិល៣៨ បានបង្ហាញការគាំទ្រលើរដ្ឋាភិបាលកម្ពុជា ដែលបានចេញ​បញ្ជាឲ្យផ្អាក​ការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹងនៅទូទាំងប្រទេស ក្នុងអំឡុងប្រទេស កំពុងមានការរាលដាលខ្លាំងនៃជំងឺកូវីដ-១៩៕ 
 
 
 
 

Tag:
 ស្រាបៀ
© រក្សាសិទ្ធិដោយ thmeythmey.com