ជាតិ
អន្តរជាតិ
ប៉ូលិស​ខ្មែរ-អាមេរិកាំង​ពលី​ក្នុង​បេសកកម្ម​ត្រូវ​គេ​ចងចាំ​ជា​វីរបុរស​និង​ជា​អ្នកជួយ​សង្គម
23, May 2021 , 8:59 am        
រូបភាព
រូបថត​លោក​ ជីមមី អ៊ីន​ (Jimmy Inn) ត្រូវ​បាន​គេ​ដាក់​នៅ​ពី​លើ​មឈូស​របស់​លោក​នៅ​ឯ​ពិធី​បុណ្យ​សពរៀបចំ​ដោយ​​ស្នងការដ្ឋាន​​ប៉ូលិស​ក្រុង Stockton នៅ​​ព្រះវិហារ Christian Life Center នៅ​ក្រុង Stockton រដ្ឋ California កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា។ (Facebook/Stockton Police Department) Photo: Facebook
រូបថត​លោក​ ជីមមី អ៊ីន​ (Jimmy Inn) ត្រូវ​បាន​គេ​ដាក់​នៅ​ពី​លើ​មឈូស​របស់​លោក​នៅ​ឯ​ពិធី​បុណ្យ​សពរៀបចំ​ដោយ​​ស្នងការដ្ឋាន​​ប៉ូលិស​ក្រុង Stockton នៅ​​ព្រះវិហារ Christian Life Center នៅ​ក្រុង Stockton រដ្ឋ California កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា។ (Facebook/Stockton Police Department) Photo: Facebook
ដោយ: VOA
វ៉ាស៊ីនតោន -- សមាជិក​សហគមន៍​ខ្មែរ​និង​មន្ត្រី​ប៉ូលិស​ជាច្រើន​ពាន់​នាក់បាន​ចូលរួម​ជូន​ដំណើរ​ជាចុងក្រោយ​កាលពី​ថ្ងៃពុធ​ដល់​មន្ត្រី​ប៉ូលិស​ខ្មែរ​-អាមេរិកាំង​មួយ​រូប​ក្នុង​ទីក្រុង​Stockton រដ្ឋ​California​ដែល​បាន​ពលី​ជីវិត​កាលពី​ដើមខែ​ឧសភាក្នុង​ពេល​កំពុង​បំពេញ​បេសកកម្ម។

 
លោក​ ជីមមី អ៊ីន​ (Jimmy Inn)​អាយុ​៣០​ឆ្នាំ​ត្រូវបាន​ជន​ដៃដល់​បាញ់​កាល​ពី​ថ្ងៃ​អង្គារ​ទី​១១​ខែ​ឧសភា​ក្នុង​ពេល​ដែល​លោក​ទៅ​ធ្វើ​អន្តរាគមន៍​ករណី​ជម្លោះ​ក្នុង​គ្រួសារ​មួយ។ ពេល​ទៅ​ដល់​មាត់ទ្វារ​ផ្ទះ​កើត​ហេតុនិង​ក្រោយគោះ​ទ្វារ​បន្តិច​ស្រាប់តែ​ជនល្មើស​បាន​បាញ់​ពី​ក្នុង​ផ្ទះ​មក​ត្រូវ​លោក​ជាច្រើន​គ្រាប់។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ខ្មាន់​កាំភ្លើង​ដែល​ជា​បុរស​ស្បែកខ្មៅ​អាយុ​៣០ឆ្នាំ​ក៏​ត្រូវ​មន្ត្រី​ប៉ូលិស​១​រូប​ទៀត​ដែល​ទៅ​ដល់​កន្លែង​កើត​ហេតុ​បាញ់​ត្រូវ​វិញ​ពេល​ជននោះ​ព្យាយាម​ច្របាច់​ក​សម្លាប់​កូន​ប្រុស​របស់​ខ្លួន​ដែល​មាន​អាយុ​៨ឆ្នាំ។
 
ទាំងលោក​ជីមមី​និង​ជនល្មើស​ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ San Joaquin ប៉ុន្តែ​អ្នកទាំងពីរ​បាន​ស្លាប់​ដោយ​រង​របួស​ធ្ងន់ធ្ងរ។
 
នៅ​ក្នុង​ពិធី​បុណ្យ​សពដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​យ៉ាង​ទូលំទូលាយ​តាម​ទូរទស្សន៍​ក្នុង​ក្រុង​និង​តាម​បណ្តាញ​សង្គម​របស់​ស្នងការ​ប៉ូលិស​ក្រុង​សមាជិក​ក្រុមគ្រួសារ​មិត្តភក្តិ​និង​មន្ត្រី​ប៉ូលិស​ជាច្រើន​ដោយ​រួម​មាន​ប្រធាន​អង្គភាព​ផង​បាន​រំឭក​ទាំង​ទឹកមុខ​ស្រពោន​និង​អ្នកខ្លះ​ស្រក់​ទឹកភ្នែក​និង​អួល​ដើមក​ដល់​គុណ​បំណាច់​ដែល​លោក​ជីមមី​ អ៊ិន​បាន​ធ្វើ​ឲ្យ​មាន​ផល​វិជ្ជមាន​ដល់​ជីវិត​របស់​ពួកគេ​និង​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង។
 


រូបថតផ្តល់ឲ្យដោយនាយកដ្ឋានប៉ូលិសប្រចាំទីក្រុង Stockton បង្ហាញរូបថតរបស់មន្ត្រីប៉ូលិសលោក Jimmy Inn ដែលត្រូវបានបាញ់សម្លាប់ក្នុងពេលបំពេញភារកិច្ចពាក់ព័ន្ធនឹងករណីអំពើហិង្សាក្នុងគ្រួសារមួយទីក្រុង Stockton កាលពីថ្ងៃទី ១១ ខែឧសភា។
 


មន្ត្រី​ប៉ូលិស​គោរព​មឈូស​សព​លោក ជីមមី អ៊ីន​ (Jimmy Inn) នៅ​ឯ​ពិធី​បុណ្យ​សព​កូន​ ដែល​ត្រូវ​រៀបចំ​ដោយស្នងការដ្ឋានប៉ូលិស​ក្រុង Stockton នៅ​ឯ​ព្រះវិហារ Christian Life Center នៅ​ក្រុង Stockton កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២១។ (Facebook/Stockton Police Department)
 
លោក​ Eric Jones ប្រធាន​ប៉ូលិស​ក្រុង​Stockton​បាន​ថ្លែង​សរសើរ​សេចក្តី​ក្លាហាន​និង​ចិត្ត​មេត្តា​របស់​លោក​ជីមមី អ៊ិន៖
 
«លោកJimmy ពិត​ជា​បាន​បន្សល់​គំរូ​មួយ​ដែល​យើង​នឹង​មិន​បំភ្លេច​ទេ​នៅ​ក្នុង​អង្គភាព​និង​សហគមន៍​របស់​យើង។ ពិភពលោក​នឹង​បាន​ប្រសើរ​ឡើង​បើ​មាន​មនុស្ស​ដូចគាត់។ ចូរ​យើង​កុំភ្លេច​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​ដើម្បី​ក្រុមគ្រួសារ​អង្គភាព​ប៉ូលិស​និង​សហគមន៍​របស់​យើង»។
 
អ្នកស្រី​ថេឡា​ អ៊ិន (Tela Inn)​ ភរិយា​របស់​លោក​ជីមមី អ៊ិន​ដែល​ជា​មន្ត្រី​ប៉ូលិស​ក្នុង​អង្គភាព​ជាមួយ​គ្នា​ដែរ​បាន​ថ្លែង​អំណរគុណ​លោក​Pancho Freer​មន្ត្រី​ប៉ូលិស​ដែល​បាន​បាញ់​ជនល្មើស​និង​ជួយ​ផ្តល់​កម្លាំង​ចិត្ត​ស្វាមី​របស់​អ្នកស្រីនៅ​នាទី​ចុងក្រោយ​នៅ​កន្លែង​កើតហេតុ៖
 
«ពេល​កំពុង​បាញ់គ្នា​គឺ​មិនមាន​មនុស្សគ្រប់​គ្នា​អាច​រត់​ចូល​ទេ សូម្បី​មន្ត្រី​ប៉ូលិស​ខ្លះ​ក៏ដោយ​ប៉ុន្តែ​បុរស​ម្នាក់នេះ​បាន​រត់ចូល​ទៅរក​ប្តី​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​គ្រាប់​កាំភ្លើង​កំពុង​ហោះ​សំដៅ​គាត់។ ខ្ញុំ​មិន​អាច​សងគុណ​គ្រប់គ្រាន់​ចំពោះ​សេចក្តី​ក្លាហាន​ដែល​គាត់​បាន​បង្ហាញ​និង​ក្តីស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ប្តី​របស់​ខ្ញុំ​នៅ​ថ្ងៃនោះ​ទេ។ ខ្ញុំ​គ្រាន់តែ​បន់​ថា​ពេល​ណា​ដែល​ខ្ញុំ​មាន​ថ្ងៃ​ដូចនោះ​គឺ​ខ្ញុំ​អាច​ក្លាហាន​ដូច​គាត់។ ខ្ញុំ​ដឹង​ពី​សំឡេង​សម្រាល​ទុក្ខ​ដែល​គាត់​និយាយ​លួងលោម​ប្តី​របស់​ខ្ញុំ​នៅ​ដង្ហើម​ចុងក្រោយ»។
 


អ្នកស្រី​ ថេឡា​ អ៊ិន (Tela Inn)​ ភរិយា​របស់​លោក​ជីមមី អ៊ិន (Jimmy Inn) នៅ​ឯនៅ​ឯ​ពិធី​បុណ្យ​សព​ស្វាមី​ ដែល​ត្រូវ​រៀបចំ​ដោយស្នងការដ្ឋានប៉ូលិស​ក្រុង Stockton នៅ​ឯ​ព្រះវិហារ Christian Life Center នៅ​ក្រុង Stockton។ (Facebook/Stockton Police Department)
 
អភិបាល​រដ្ឋ​ California ​បាន​បញ្ជា​ឲ្យ​បង្ហូត​ទង់ជាតិ​ពាក់កណ្តាល​ដង​នៅវិមាន​សភា​របស់រដ្ឋ​នេះ​ដើម្បី​កាន់​ទុក្ខ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​លោក​Gavin Newsom​បាន​ថ្លែង​ថា​ពលរដ្ឋ​នឹង​ចងចាំ​ការ​លះបង់​និង​ការ​បូជា​ដោយ​មិន​គិត​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​លោក​ជីមមី។ សម្រាប់​ពលរដ្ឋ​ដែល​មិន​អាច​ចូល​រួម​នៅ​កន្លែង​ប្រារព្ធពិធី​ដោយ​ផ្ទាល់​បាន​ឈរ​អម​សងខាង​ផ្លូវ​និង​គ្រវី​ទង់​ជាតិ​អាមេរិកាំង​នៅ​ពេល​ដែល​ក្បួន​ដឹកសព​បាន​បើក​ដង្ហែរ​ទៅ​កន្លែង​បញ្ចុះ។
 
លោក ជីមមី អ៊ិន​ រស់នៅ​ទីក្រុង​Stockton​តាំងពីក្មេង។ លោក​បាន​រៀន​បញ្ចប់​នៅ​វិទ្យាល័យ​Ronald E. McNair​និង​បណ្ឌិត​សភា​ប៉ូលិស​នៃ​មហាវិទ្យាល័យ​សហគមន៍ San Joaquin Delta។
 
លោកជីមមី អ៊ីន​បាន​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​ប៉ូលិស​នេះ​តាំងពី​ខែ​ធ្នូ​ឆ្នាំ​២០១៥​និង​ត្រូវបាន​ចាត់​តាំង​ឲ្យ​ធ្វើការ​នៅ​ផ្នែក​ប្រតិបត្តិការ​តាម​មូលដ្ឋាន​ដោយ​ផ្ទាល់​ហើយ​ក៏​ជា​សមាជិក​នៃ​កង​កិត្តិយស​របស់​ប៉ូលិស​ផងដែរ។
 
មរណភាព​របស់​លោក​ជីមមីន អ៊ីន​ត្រូវ​បាន​គោរព​ផ្តល់​កិត្តិយស​ពី​កងកម្លាំង​ប៉ូលិស​ដូចគ្នា​ស្ថាប័ន​អប់រំ​សិក្សាធិការ​និង​សហគមន៍​ខ្មែរ។ លោក​ត្រូវបាន​សមាជិក​សហគមន៍​ចាត់ទុក​ថា​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​គំរូ​មួយរូប​និង​ជា​អ្នកដែល​គិត​វិជ្ជមាន​ជានិច្ច​ពី​ស្ថានភាព​ដែល​កើតមាន​ឡើង​និង​ក្នុង​ជីវិត។
 
លោកជីមមី អ៊ិន​មាន​កូនប្រុស​ម្នាក់​អាយុ​៧ខែជាមួយ​នឹង​អ្នកស្រី​ថេឡា អ៊ិន។ អ្នក​ទាំង​ពីរ​ទើបតែ​បាន​រៀបការ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមគ្រួសារ។
 
លោក លី អ៊ិន ដែល​ត្រូវជា​ឪពុក​របស់​លោក​ជីមមី​បាន​ប្រាប់​វីអូអេ​ថា៖
 
«ក្នុងនាម​ជា​ឪពុក​ពិតជា​តក់ស្លុត​ខ្លាំង​មែនទែន​គឺ​គ្មាន​ពាក្យ​មក​ពណ៌នា​ទេ​និយាយ​រួមទៅ។ ហើយ​ម្យ៉ាង​វិញ​ទៀត​អ្វី​ដែល​ប៉ះពាល់​ខ្ញុំ​ខ្លាំង​បំផុត​គឺ​ពេល​ខ្ញុំ​សំឡឹង​មើល​ភ្នែក​ចៅ​របស់​ខ្ញុំ​គឺ​ពិត​ជា​តក់ស្លុត​ខ្លាំង​មែនទែន។»​
 
ជា​អ្នក​ស្រុក​បវិល​ខេត្ត​បាត់ដំបង​លោក ​លី អ៊ិន​បាន​រត់ភៀសខ្លួន​ទៅ​នៅ​ប្រទេស​ថៃ​តាំង​ពី​ឆ្នាំ​១៩៧៥​មុន​នឹង​មក​ដល់​ទីក្រុង​Stockton​នៅ​ឆ្នាំ​១៩៨០​ក្នុង​នាម​ជា​ជនភៀសខ្លួន។ លោក​បាន​ផ្លាស់​ទីលំនៅ​ទៅ​នៅ​ទីក្រុង​Portsmouth​ រដ្ឋ​New Hampshire ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក មួយ​រយៈ​ដែល​នៅ​ទីនោះ​លោក​ជីមមី អ៊ិន​បាន​កើត​មុន​នឹង​លោក​និង​ក្រុមគ្រួសារ​វិលត្រឡប់​មក​រស់នៅ​ទីក្រុង​Stockton​នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក រហូត​ដល់​ពេល​បច្ចុប្បន្ន។ លោក លី អ៊ិន​ ក៏​មាន​កូនស្រី​១រូបទៀត​ឈ្មោះ​ជេស៊ីកា អ៊ិន (Jessica Inn)​ ដែល​មាន​អាយុ​២៤ឆ្នាំ។
 
លោក​លី អ៊ិន​បាន​រំឭក​ឡើង​វិញ​ពីអត្តចរិត​របស់​កូនប្រុស​និង​ការគោរព​រាប់អាន​ពី​សមាជិក​សហគមន៍៖ «គ្រប់​មជ្ឈដ្ឋាន​ដែល​គាត់​មកជួប​ខ្ញុំ​ផ្ទាល់​នៅ​ផ្ទះ​តាម​ពិធីបុណ្យ​ប្រពៃណី​សាសនា​គឺ​មានតែ​ពាក្យ​កោតសរសើរ។ ជីមមី​គាត់​ជួប​មនុស្ស​វ័យ​ចំណាស់​តែងតែ​លើកដៃ​សំពះ​គួប​ផ្សំ​នឹង​សេចក្តីញញឹម​ទៅ​ពលរដ្ឋ​ដែល​គាត់​បម្រើ​គ្រប់​ជាតិ​សាសន៍​គឺ​ពិត​ជា​ស្រឡាញ់​គាត់ណាស់»។
 


លោក លី អ៊ិន ឪពុក​លោក​ជីមមី អ៊ីន ថ្លែង​នៅ​ឯ​ពិធី​បុណ្យ​សព​កូន​ ដែល​ត្រូវ​រៀបចំ​ដោយស្នងការដ្ឋានប៉ូលិស​ក្រុង Stockton នៅ​ឯ​ព្រះវិហារ Christian Life Center នៅ​ក្រុង Stockton។ (Facebook/Stockton Police Department)
 
ទីក្រុង​Stockton​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់​នៅ​ប្រហែល​៩.០០០នាក់​នៅ​ចន្លោះ​ឆ្នាំ​២០១៧​និង​២០១៩​ហើយ​ជា​សហគមន៍​ដែល​ចេះ​ជួយ​យក​អាសា​គ្នា​ទៅវិញ​ទៅមក។ នេះ​បើ​តាម​ទិន្នន័យ​ចងក្រង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​Pew។
 
កញ្ញា​សុផល្លីន ម៉ៅ​ដែល​ជា​សកម្មជន​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​Stockton​និង​ជា​មិត្តភក្តិ​ជាយូរ​ឆ្នាំ​របស់​ក្រុមគ្រួសារ​លោក លី អ៊ិន​សម្តែង​ការ​តក់ស្លុត​ពេល​បាន​ដឹង​ពី​ការ​ពលី​ជីវិត​របស់​ប៉ូលិស​ខ្មែរ​អាមេរិកាំង​រូបនេះ។
 
កញ្ញា​សុផល្លីន ម៉ៅ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ក្រោយពី​ពិធី​បុណ្យ​សព​ថា៖ «ជា​ការ​សោកស្តាយ​ណាស់​ដែល​គាត់​បាន​បាត់បង់​ជីវិត​ទាំង​អាយុ​នៅ​ក្មេង​ហើយ​ពួកខ្ញុំ​សោកស្តាយ​មែនទែន។ ជា​មោទភាព​យើង​ជា​កូនខ្មែរ​អាមេរិកាំង​ដែល​ធំ​នៅ​ទីក្រុង​ Stockton ​ដែល​មាន​ប្អូន​ជីមមី​ជា​វីរបុរស​របស់​យើង»។
 
កញ្ញា​សុផល្លីន ម៉ៅ​បាន​បន្ថែម​ថា​សហគមន៍​ខ្មែរ​នឹង​នៅ​ចងចាំ​និង​លើក​ដម្កើង​ភាព​ក្លាហាន​ការ​ជឿជាក់និង​ស្មារតី​ជួយ​សហគមន៍​ដែល​របស់​លោក​ជីមមី អ៊ិន៖ «យើង​ចង់​ឲ្យ​សហគមន៍​យើង​យក​ប្អូន​ជីមមី​ជា​វីរបុរស​ហើយ​ជាគំរូ​ល្អ​ថា​ទោះបី​ជា​យើង​មាន​ប្រវត្តិ​មក​ពី​ខាងណា​ក៏ដោយ​ក៏​ប៉ុន្តែ​ជីវិត​របស់​យើង​ហើយ​ការដែល​យើង​ជួយ​អ្នកដទៃ​គឺ​ជា​អ្វី​ដែល​ល្អ​ហើយ​យើង​គួរ​សាង​ភាព​ល្អ​ហ្នឹង»។​
 


​ពលរដ្ឋ​ក្នុង​ក្រុង​មកសម្តែង​ការ​ដឹង​គុណ​នៅ​ខាង​ក្រៅពិធី​បុណ្យ​សព​លោក ជីមមី អ៊ីន​ (Jimmy Inn) ដែល​ត្រូវ​រៀបចំ​ដោយស្នងការដ្ឋានប៉ូលិស​ក្រុង Stockton នៅ​ឯ​ព្រះវិហារ Christian Life Center នៅ​ក្រុង Stockton។ (Facebook/Stockton Police Department)
 
អង្គភាព​ប៉ូលិស​ក្រុង​ Stockton ​បាន​ប្រគល់​មេដាយ Purple Heart ​ដល់​ក្រុមគ្រួសារ។ វា​ជា​មេដាយ​សម្រាប់​មន្ត្រី​ប៉ូលិស​របួស​ពិការ​ឬ​ពលី​ក្នុង​បេសកកម្ម​ដោយ​សេចក្តី​ក្លាហាន។
 
បើ​ទោះ​បី​ជា​ក្រៀមក្រំ​ដោយសារ​ការបាត់បង់​កូនប្រុស​តែមួយ​ក៏​លោក​លី អ៊ិន​សម្តែង​ក្តី​សប្បាយ​រីករាយ​ចំពោះ​ការ​គាំទ្រ​របស់​សហគមន៍៖ «ខ្ញុំ​ពិតជា​រំភើបចិត្ត​ខ្លាំង​ណាស់​ទោះបី​ជា​បី​ជាខ្ញុំ​តក់ស្លុត​ក្នុង​បេះដូង​ប៉ុណ្ណា​ក៏ដោយ​ក៏​ប៉ុន្តែ​ដែលឃើញសហគមន៍​Stockton​នេះ​និង​សហគមន៍​ជុំវិញ​មានការជ្រោមជ្រែង​គាំទ្រ​កោត​សរសើរ​ពិត​ជា​រំភើប​ខ្លាំង​មែនទែន»។​
 
ការ​បាញ់​សម្លាប់​លោក ជីមមី អ៊ិន​កើត​ឡើង​មិន​ដល់​២៤​ម៉ោង​ក្រោយ​ពី​ប៉ូលិស​ស៊ើបអង្កេត​១រូប​អាយុ​៣៧​ឆ្នាំ​ត្រូវ​បាន​ជនល្មើស​បាញ់​សម្លាប់​ក្នុង​ពេល​អនុវត្ត​ដីកា​ឆែកឆេរ​មួយ​នៅ​ទីក្រុង​ San Luis Obispo ​រដ្ឋ ​California។​ មរណភាព​របស់​មន្ត្រី​ប៉ូលិស​ទាំងពីររូប​នេះ​កើត​មាន​ឡើង​ក្នុង​អំឡុង​«សប្តាហ៍​ប៉ូលិស​ជាតិ»​ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដើម្បី​ផ្តល់​កិត្តិយស​ដល់​ប៉ូលិស​ដែល​ពលី​ឬ​ពិការ​ក្នុង​ពេល​បំពេញ​បេសកកម្ម។
 
មរណភាព​របស់​លោក​ជីមមី​ អ៊ិន​ក៏​បាន​ជំរុញ​ឲ្យ​ប៉ូលិស​ខ្មែរ-អាមេរិកាំង​រួម​គ្នា​បង្កើត​ជា​សមាគម​ប៉ូលិស​មួយ​ជា​លើក​ដំបូង​ដើម្បី​ជួយ​គាំទ្រ​ក្រុមគ្រួសារ​មន្ត្រី​ប៉ូលិស​ក្នុង​គ្រា​ដែល​មាន​គ្រោះថ្នាក់។
 
លោក​ឌែនី​ គឹម (Danny Kim) មន្ត្រី​ប៉ូលិស​ស៊ើបអង្កេត​១រូប​នៅ​ទីក្រុង ​Fresno ​រដ្ឋ California​ដែល​ជា​អ្នក​ចូលរួម​បង្កើត​សមាគម​នេះ​បាន​ថ្លែងថា៖ «ដំបូង​ពួក​ខ្មែរ​យើង​អត់​សូវ​មាន​មន្ត្រី​ប៉ូលិស​ទេ​ដូច្នេះ​ហើយ​មិន​សូវ​ជិត​ស្និទ្ធ​នឹង​គ្នា។ ឥឡូវ​នេះ​ដល់​ពេល​ដែល​ជីមមី​បាន​ចែក​ឋាន​ទៅ​ធ្វើ​ឲ្យ​ពួកខ្ញុំ​គិត​សារ​ជាថ្មី​ថា​ដើម្បី​រួបរួម​គ្នា​ជួយ​ឧបត្ថម្ភ​គ្រួសារ​មន្ត្រី​ប៉ូលិស​ខ្មែរ​ណា​ដែល​បាន​ស្លាប់​ទៅ​ពួកយើង​នឹង​ជួយ​ថវិកា​ឬ​អាហារូបករណ៍​ដើម្បី​ឲ្យ​ក្មេង​ហ្នឹង​បាន​រៀនសូត្រ​តទៅមុខ»។
 
លោក ឌែនី​ គឹម​មិន​មាន​តួលេខ​ប៉ូលិស​ខ្មែរ​-អាមេរិកាំង​ដែល​បាន​ស្លាប់​កន្លង​មក​ក្នុង​ពេល​បំពេញ​ភារកិច្ច​ទេ​គឺ​មាន​តែ​មិត្ត​របស់​លោក​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ក្រោយ​ពី​ចប់​ម៉ោង​ការងារ​ហើយ​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះវិញ​ក្នុង​ឆ្នាំ​២០១៧។ លោក ឌែនី បាន​ជួប​លោក​ជីមមី​ជាលើក​ដំបូង​នៅ​ពិធី​បុណ្យ​សព​នោះ​នឹង​បាន​បន្ត​រាប់អាន​គ្នា​ដោយសារ​តែ​ចរិត​រួសរាយ​របស់​លោកជីមមី។​
 
រីឯ​លោក លី អ៊ិន​ ដែល​ជា​ឪពុក​របស់​លោក ជីមមី​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​ឲ្យ​ជួយ​ដល់​សហគមន៍​ដែល​ពួកគេ​រស់នៅ​ផង​ដែរ៖​«សម្រាប់​យើង​ជា​អតីត​ជន​ភៀសខ្លួន​ឬ​ជន​ដែល​ទើប​មក​នៅ​សហរដ្ឋ​អាមេរិក​នេះ​សូម​ជួយ​សហគមន៍​ដែល​អស់លោក​រស់នៅ​ធ្វើ​ជា​ពលរដ្ឋ​ដ៏​ល្អ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com