COVID-19
ជាតិ
កូវីដ-១៩៖ ភ្នំពេញមាន២៤៥នាក់ទៀត ភាគច្រើនជាកម្មកររោងចក្រ និង១២ករណីនៅវត្តសារាវ័ន
24, May 2021 , 5:26 pm        
រូបភាព
ក្រុមគ្រូពេទ្យចុះយកអ្នកជំងឺនៅវត្តសារាវ័ន។ រូបថត អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩
ក្រុមគ្រូពេទ្យចុះយកអ្នកជំងឺនៅវត្តសារាវ័ន។ រូបថត អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩
រដ្ឋបាលរាជធានីភ្នំពេញបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២៤៥ករណីទៀតនៅថ្ងៃទី២៣ ឧសភា ដោយក្នុងនោះជាពាក់កណ្តាលជាកម្មកររោងចក្រ ខណៈព្រះសង្ឃ៣អង្គគង់នៅវត្តសារាវ័នតេជោ និងអ្នកពាក់ព័ន្ធ ៩នាក់ទៀតក៏វិជ្ជមានកូវីដ-១៩ដែរ។



តាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ  ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៤៥ករណីនេះ មាន ១០៣នាក់ ជាកម្មកររោងចក្រ GW ដែលមានទីតាំងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ រោងចក្រ TRAX ដែលមានទីតាំងនៅខណ្ឌសែនសុខដែរនោះ ក៏មានកម្មករ-កម្មការិនី២០នាក់ឆ្លងកូវីដ-១៩ ដែរ ខណៈ កម្មការិនី៣៣នាក់នៃរោងចក្រ H 7 ដែលស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍ សែនជ័យ ក៏មានវិជ្ជមានកូវីដ-១៩ដែរ។

ក្រៅពីកម្មកររោងចក្រ ព្រះសង្ឃ៣អង្គ ដែលគង់នៅវត្តសារាវ័នតេជោ រួមនឹងអ្នកពាក់ព័ន្ធចំនួន៩នាក់ទៀត ក៏ត្រូវបានប្រកាសថាបានឆ្លងកូវីដ-១៩ ដែរ។ អ្នកវិជ្ជមានផ្សេងទៀត ជាអាជីវករ, មន្ត្រីរាជការ, អ្នករត់ម៉ូតូកង់បី និងកម្មករសំណង់ជាដើម។


សូមជម្រាបថា ក្រសួងសុខាភិបាល បានប្រកាសថា មានមនុស្សសរុប ៥៥៦នាក់ទៀត បានឆ្លងកូវីដ-១៩ នៅកម្ពុជា នៅថ្ងៃទី២៣ ឧសភានេះ។ ភ្នំពេញ មាន ៣៤៥ករណី ដែលស្មើនឹងជិតពាក់កណ្តាលនៃអ្នកឆ្លងប្រចាំថ្ងៃទី២៣ឧសភា។  មកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៥,៧៦១ នាក់ ដោយសះស្បើយមាន ១៨, ៣៥៩ នាក់ និងស្លាប់កើនដល់ ១៧៩នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com