ជាតិ
ក្រសួងមហាផ្ទៃ៖ គ្មានការរើសអើងចំពោះឋានៈ ឬបុគ្គលឡើយក្នុងការអនុវត្តច្បាប់
24, May 2021 , 9:20 pm        
រូបភាព
ដោយ:
ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែឧសភានេះ បានឲ្យដឹងថា ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ ក្រសួងមហាផ្ទៃ តែងយកចិត្តទុកដាក់ជាប្រចាំនូវតួនាទី ភារកិច្ច និងទំនួលខុសត្រូវ។ ដើម្បីថែរក្សាសុន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ គ្មានការរើសអើងចំពោះឋានៈ ឬបុគ្គលឡើយ ក្នុងការអនុវត្តច្បាប់។

 
ការឆ្លើយរបស់ក្រសួងមហាផ្ទៃរូបនេះ បន្ទាប់ពីមានអង្គការសង្គមស៊ីវិល និងពលរដ្ឋមួយចំនួន ស្នើឲ្យក្រសួងមហាផ្ទៃ មានចំណាត់ការតាមផ្លូវច្បាប់ លើបទល្មើស និងអំពើមិនគប្បីនានា ដែលប្រព្រឹត្តដោយបុគ្គលមានធនធាន និងមន្រ្តីរាជការមួយចំនួន កន្លងមក។
 
ក្រសួងមហាផ្ទៃ បានរៀបរាប់ដូច្នេះ៖«រាល់ករណីបទល្មើសដែលកើតមានកន្លងមក ទោះពាក់ព័ន្ធពលរដ្ឋទូទៅក្ដី ឬកងកម្លាំងអនុវត្តច្បាប់ក្ដី ក្រសួងមហាផ្ទៃតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង»។ 
 
ក្នុងឆ្នាំ២០២០កន្លងមក ក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសគ្រប់ប្រភេទស្មើនឹង ៩០ភាគរយ នៃបទល្មើសដែលបានកើតឡើង។ ក្នុងនោះបទល្មើសដែលបានបញ្ជូនទៅតុលាការ មានចំនួន ២៩៤០ករណី និងមានមនុស្ស ៤២៧៦នាក់។ ចំពោះក្នុងក្របខ័ណ្ឌនៃការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់កងកម្លាំងអនុវត្តច្បាប់ ក្រសួងបានអនុវត្តវិន័យលើកងកម្លាំងចំនួន ២៥៦នាក់ ដែលបានប្រព្រឹត្តល្មើសលក្ខន្តិកៈ និងក្រមសីលធម៌។ ក្នុងនោះមាន ១២៣នាក់បានបណ្ដេញចេញពីក្របខណ្ឌ,១៣នាក់ត្រូវដកហូតមុខតំណែង,៣៨នាក់បន្ថយឋានន្តរស័ក្តិ,៦៥នាក់ទទួលការព្រមាន និង១៥នាក់ផ្អាកការងារបណ្ដោះអាសន្ន។
 
ទន្ទឹមនោះក្រសួងមហាផ្ទៃ ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ករណីពាក់ព័ន្ធអំពើល្មើស ការប្រើប្រាស់តួនាទីបំពានសិទ្ធអំណាច និងការប្រព្រឹត្តមិនគប្បីរបស់មន្រ្តីរាជការ ឬកងកម្លាំងអនុវត្តច្បាប់ ដោយអនុវត្តដោយខ្ជាប់ខ្ជួន ស្របតាមច្បាប់បទបញ្ញាត្តិ និងលក្ខន្តិកៈនានា ជាធរមាន។ ក្រសួងបានអនុវត្តតាមរូបភាពជាការព្រមាន ការដាក់ពិន័យ ការបន្ថយឋានន្តរស័ក្តិ ការដកហូតមុខតំណែង និងការផ្ដន្ទាទោសដោយស្ថាប័នតុលាការជាដើម៕
 

Tag:
 សង្គម
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com