ជាតិ
លោក ហ៊ុន ម៉ានី ថាកិច្ចប្រជុំសភាវ័យក្មេងចិន-កម្ពុជាធ្វើឱ្យមិត្តភាពប្រទេសទាំង២កាន់តែរឹងមាំ
25, May 2021 , 7:44 am        
រូបភាព
សមាជិករដ្ឋសភាវ័យក្មេងរបស់ប្រទេសកម្ពុជា និងចិនបានជួបប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធអនឡាញនាថ្ងៃទី២៤ខែឧសភា ដើម្បីពង្រឹងចំណងមិត្តភាពរវាងស្ថាប័ននីតិបញ្ញតិ និងប្រទេសទាំងពីរ។

 
លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ក្មេងជាងគេនៃរដ្ឋសភាកម្ពុជាបានដឹកនាំកិច្ចប្រជុំទ្វេភាគី ជាមួយសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដែលដឹកនាំដោយលោកស្រី វ័ង ហុងយៀន (Wang Hongyan) ដែលសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។
 
យោងតាមទំព័រហ្វេសប៊ុករបស់គណៈកម្មកាទី៧នៃរដ្ឋសភាដែលោក ហ៊ុន ម៉ានី ជាប្រធាន កិច្ចប្រជុំទ្វេភាគីនោះនឹងអនុញ្ញាតឱ្យសមាជិក សភាវ័យក្មេងនៃប្រទេសទាំងពីរមានឱកាសចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងការពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ជាដើម។
 
«កិច្ចប្រជុំទ្វេភាគីដ៏សំខាន់នេះ គឺជាការឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិន ក្នុងការកសាងសហគមន៍ជោគវាសនារួមដែលមានលក្ខណៈយុទ្ធសាស្រ្ត ជាពិសេសរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្រសិទ្ធនាមថា ចំណងមិត្តភាពដែកថែប និងបានបង្កើត ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។»។
 
ក្នុងខែធ្នូ ឆ្នាំ២០១០ កម្ពុជា និងចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតទ្វេភាគី។ ការសម្រេចនេះ ធ្វើឡើងអំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (Wen Jiabao)។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសុទ្ធតែផ្ដល់ប្រយោជន៍ដល់ភាគីទាំងសងខាង។


 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com