COVID-19
ជាតិ
កូវីដ-១៩៖ ២៩៩ករណីនៅភ្នំពេញ ភាគច្រើននៅសង្កាត់ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
27, May 2021 , 5:15 pm        
រូបភាព
អ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ត្រូវពេទ្យបាញ់អាល់កុលសម្លាប់មេរោគឡើងរថយន្តសង្គ្រោះ។ (រូបភាព៖សាលាសង្កាត់ស្ទឹងមានជ័យ)
អ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ត្រូវពេទ្យបាញ់អាល់កុលសម្លាប់មេរោគឡើងរថយន្តសង្គ្រោះ។ (រូបភាព៖សាលាសង្កាត់ស្ទឹងមានជ័យ)
រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ២៩៩ករណីទៀត នៅថ្ងៃទី២៦ ឧសភា ក្នុងនោះមានកុមារ និងទារកចំនួន ១៧នាក់។ បើតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ អ្នកឆ្លងភាគច្រើន គឺជាកម្មកររោងចក្រ និងកម្មករសំណង់។

 
 
របាយការណ៍ ដដែលឱ្យដឹងទៀតថា ខណ្ឌមានជ័យ ដែលមានអ្នកឆ្លងថ្មីជាង១០០នាក់ ដែលភាគច្រើនជាអ្នករស់នៅ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ និងសង្កាត់ស្ទឹងមនាជ័យ ៣  ។ ខណ្ឌឫស្សីកែវ ក៏បន្តមានអ្នកផ្ទុកកូវីដ-១៩ ជិត៦០នាក់ដែរ ខណៈខណ្ឌសែនសុខ និងពោធិ៍សែនជ័យ មានប្រមាណ៣០ករណី រៀងខ្លួន។ 
 
ក្រៅពីនេះ នៅមានខណ្ឌច្បារអំពៅ ,បឹងកេងកង,ទួលគោក, ចំការមន, កំបូង,ដង្កោ, ដូនពេញ, ជ្រោយចង្វារ និងខណ្ឌ៧មករា  ក៏បន្តរកឃើញករណីឆ្លងថ្មីដែរ។ ជាមួយគ្នានេះ ក៏មានអ្នកដែលមានអាសយដ្ឋាននៅកំពង់ស្ពឺង និងកណ្តាល សរុប៥នាក់ដែរ ដែលមានតេស្តវិជ្ជមាននៅរាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍អ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃទី២៦ ឧសភារបស់រដ្ឋបាលរាជធានីភ្នំពេញ។ 
 
គួរកត់សម្គាល់ថា ករណីថ្មីនៃកូវីដ-១៩ នៅភ្នំពេញ បានហក់ឡើងវិញចន្លោះ ពី២១៥ ដល់៣១០ នៅរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។ កំណើនឡើងនៃអ្នកវិជ្ជមានកូវីដ-១៩ បានធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៦ ឧសភា សម្រេចដាក់ផ្នែកខ្លះនៃភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំវិញ។  
 
សូមជម្រាបថា នៅថ្ងៃទី២៦ ឧសភា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៦៤៩ ក្នុងនោះ១៦នាក់ ជាករណីនាំចូលពីបរទេស។ អ្នកសះស្បើយមាន ៦២៦នាក់បន្ថែម ខណៈមានអ្នកស្លាប់៤នាក់ទៀត។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន ២៧ ៦៣៨នាក់ សះស្បើយសរុប ២០ ៣៩៨នាក់ និងស្លាប់ ១៩៤នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com