អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រៀបចំពិធីសែនដាក់ឱ្យប្រើប្រាស់អគារ MJQE Tower ថ្មីលើមហាវីថីម៉ៅសេទុង
27, May 2021 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ – ថ្ងៃពុធទី២៦ ខែឧសភា ឆ្នាំ២០២១៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQ Education) ជាសាជីវកម្ម មានមូលដ្ឋាននៅប្រទេសកម្ពុជាមួយ ដែលមានកេរ្តិ៍ឈ្មោះល្បីសម្រាប់ការនាំមកនូវ ប្រព័ន្ធអប់រំដែលមានគុណភាព វិន័យ និងសេវាកម្មឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQ Education)  សម្រេចបាននូវសមិទ្ធផលដ៏ធំមួយទៀត ជាមួយនឹងពិធីសែន ដាក់ឱ្យប្រើប្រាស់អគារ MJQE Tower ថ្មី ដែលស្ថិតនៅលើមហាវិថី ម៉ៅសេទុង។
 
ស្ថិតនៅក្នុងតំបន់មួយដែល ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានកសាងមូលដ្ឋានគ្រឹះដំបូងរបស់ខ្លួន នៅឆ្នាំ២០០៥ អគារកម្ពស់១៤ ជាន់នេះ នឹងបម្រើមុខងារជាមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង ដែលផ្តល់ជូនឱ្យសិស្ស និស្សិត នូវវគ្គសិក្សាភាសាបរទេស ដែលមានគុណភាពខ្ពស់។ អគារនេះ ក៏បម្រើមុខងារ ជាទីតាំងផ្តល់សេវាកម្មស្តង់ដារអន្តរជាតិផ្សេងទៀត ដូចជា International Cultural Exchange Services Cambodia (ICES Cambodia) ដែលផ្តោតទៅលើការផ្លាស់ប្តូរបទពិសោធ របស់សិស្ស តាមរយៈការសិក្សានៅក្រៅប្រទេស កម្មវិធីប្រឡងសមត្ថភាព TOEFL Test Center និង TESOL House ជាកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនភាសាអង់គ្លេស ។


 
ថ្លែងក្នុងពិធីបើកសម្ពោធនៅថ្ងៃពុធសប្តាហ៍នេះ លោក ឡុង ពិសី នាយកសាខា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង បានមានប្រសាសន៍ថា អគារ MJQE Tower ត្រូវបានរចនា និងសាងសង់រួមគ្នា ដោយក្រុមហ៊ុនម៉ៅការឯកជន ដែលមានគុណវុឌ្ឍិល្អ និងបទពិសោធច្រើនឆ្នាំ ជាមួយនិង ផ្នែករចនា និងសំណង់ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ។
 
លោក ឡុង ពិសី ថ្លែងថា៖ «គំនិតនៅខាងក្រោយអគារនេះ ត្រូវបានផ្អែកទៅលើដោយស្ថាបត្យកម្មលោកខាងលិច ជាពិសេសរចនាប័ទ្មអាមេរិក។ លក្ខណៈពិសេស លេចធ្លោមួយរបស់វាគឺកម្រិតអាទិភាព ដែលវាផ្តល់ទៅលើសុវត្ថិភាព និងសុខុមាលភាពរបស់អ្នក ដែលនៅខាងក្នុងអគារ» ។
លោកបន្តថា៖ «ការរចនាអគារនេះ គឺតែងតែគិតសុវត្ថិភាពជាមុន ដែលមានន័យថា សិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ ត្រូវបានការពារបានល្អគ្រប់ពេល នៅពេលពួកគេកំពុងរៀន និងធ្វើការ។ ពួកគាត់ ក៏អាចត្រូវបានជម្លៀសចេញយ៉ាងឆាប់រហ័ស និងដោយសុវត្ថិភាព ក្នុងពេលមានអាសន្នណាមួយ»។


 
ដោយចំណាយពេលសាងសង់ ២ ឆ្នាំ  អគារ MJQE Tower បន្ថែមពីលើការរចនាម៉ូដបែបសាមញ្ញ តែទំនើបគួរឱ្យទាក់ទាញ អគារ ត្រូវបានបំពាក់ដោយបរិក្ខារទំនើបៗ ដើម្បីជួយសិស្ស ឱ្យសិក្សាបានល្អបំផុត រួមទាំងបន្ទប់ពិសោធន៍ ភាសាបច្ចេកវិទ្យាខ្ពស់ ដែលសិស្សអាចប្រើប្រាស់ ដើម្បីបង្កើនជំនាញរបស់ពួកគេថែមទៀត។ អគារនេះ ក៏រួមមានបណ្ណាល័យ ហាងសៀវភៅ អាហារដ្ឋាន ហាងកាហ្វេ និងកន្លែង សម្រាប់សិស្សសម្រាកផងដែរ ។
 
លោកនាយក ឡុង ពិសី បានបន្ថែមថា៖« ខណៈអគារនេះ ត្រូវបានគេបង្កើតឡើង ដើម្បីគុណភាពការសិក្សារបស់សិស្សយើង តែយើងក៏ចង់ធ្វើឱ្យវា ក្លាយជាផ្ទះទី២ សម្រាប់សិស្សរបស់យើង ដែលពួកគេអាច មានទំនាក់ទំនងសង្គម និងសម្រាកលំហែអារម្មណ៍ផងដែរ» ។


 
ទន្ទឹមនឹងនេះ លោកគួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានមានប្រសាសន៍ថា អគារ MJQE Tower គឺជាសមិទ្ធផលដ៏សំខាន់ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន ក្នុងការជំរុញវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា។
 
លោកថ្លែងថា៖ «យើងមានមោទកភាពដែលមានអគារនេះ ប៉ុន្តែវាមិនមែនជារឿងអស្ចារ្យទេសម្រាប់យើង ដែលជាស្ថាប័នដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលមានអគារខ្ពស់ៗនោះទេ »។ យើងមានសម្ពោធអគារជាច្រើនរួចហើយ ហើយយើងគ្រោងសាងសង់អគារជាច្រើនទៀត រួមមានសាខាថ្មី លើដីទំហំ ៣ ហិកតា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ និងអគារជាច្រើនទៀត នៅតាមបណ្តាខេត្ត»។
លោកបានបន្ថែមថា៖« យើងចង់មានកន្លែងបន្ថែមទៀត សម្រាប់បណ្តាសិស្សសិក្សាប្រកបដោយប្រសិទ្ធភាព លេងដោយសុវត្ថិភាព និងរាប់អានមិត្តភក្តិជាច្រើន»។
អគារសិក្សា MJQE Tower បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការរទទួលសិស្ស ឱ្យចូលសិក្សា នៅពេលដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតជាផ្លូវការ ឱ្យគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស បើកដំណើរការ ឱ្យសិស្សនិស្សិតចូលរៀនឡើងវិញ៕


















(អត្ថបទពាណិជ្ជកម្ម) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com