ជាតិ
មេសហជីពចាត់ទុកការកាត់បុគ្គលិកនៅ ណាហ្គា ក្នុងបរិបទកូវីដ-១៩ ជារឿងអមនុស្សធម៌
28, May 2021 , 3:02 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់ NAGA
រូបពីទំព័រហ្វេសប៊ុករបស់ NAGA
ភ្នំពេញ៖ មេសហជីពនិងអង្គការគាំទ្រសិទ្ធិការងាររបស់និយោជិត ចាត់ទុក ការកាត់បន្ថយបុគ្គលិកជាង១៣០០នាក់ នៅក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ជាអំពើអមនុស្សធម៌ ។ ការកាត់បន្ថយបុគ្គលិកនេះ ភាគច្រើនជាអ្នកបម្រើការងារពី១០ទៅ២០ឆ្នាំ ហើយខ្លះទៀតទើបសម្រាកកូនរួច ក៏ត្រូវប្រឈមបាត់បង់ការងារដែរ។



សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្ដីថ្លែងការណ៍ ជំទាស់នឹងគម្រោងបញ្ឈប់បុគ្គលិក១៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨០០០នាក់ របស់ក្រុមហ៊ុនណាហ្គាវើលដ៍។ សហជីពនេះ បានស្នើឲ្យក្រុមហ៊ុនបញ្ឈប់គម្រោងកាត់បន្ថយបុគ្គលិក ដោយស្នើសុំចរចាគ្នាជាច្រើនលើកដែរ ប៉ុន្តែភាគីណាហ្គាវើលដ៍មិនបានពិចារណាឡើយ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោកស្រី ឈុន សុខា អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ចាត់ទុកគម្រោងបញ្ឈប់បុគ្គលិកនេះ ជាការរើសអើង និងលុបបំចាត់សំឡេងសហជីព ។ ការលើកឡើងបែបនេះ ដោយសារបុគ្គលិកដែលជាសមាជិកនៃសហជីពលោកស្រី ភាគច្រើនស្ថិតនៅក្នុងបញ្ជីឈ្មោះកាត់ចេញពីក្រុមហ៊ុនជាបន្តបន្ទាប់។ 
 
«យើងសប្បាយចិត្តនូវអំពើសប្បុរសធម៌ពេលក្រុមហ៊ុនចូលរួមផ្ដល់ប្រាក់ឧបត្ថម្ភដល់រដ្ឋាភិបាល ជាស្បៀងអាហារ ដើម្បីជួយដល់ពលដ្ឋកម្ពុជាក្នុងវិបត្តិកូវីដ-១៩។ ប៉ុន្តែធាតុពិត នេះគ្រាន់តែជារូបភាពបោកបញ្ឆោតក្លែងក្លាយនោះទេ ព្រោះទង្វើរដែលក្រុមហ៊ុនបានធ្វើចំពោះបុគ្គលិកផ្ទាល់លើស្រី្តដែលកំពុងមានផ្ទៃពោះនិងស្រី្តសម្រាលកូនរួចក៏ត្រូវក្រុមហ៊ុនផ្ញើសារទៅកាត់ឈ្មោះចេញដែរ»។ នេះបើតាមមេសហជីពរូបនេះ។
 
អ្នកស្រី សម្រិត សុភ័ណ និងស្វាមី បានបម្រើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ រយៈជាង៧ឆ្នាំហើយ ដោយអ្នកស្រីធ្វើការផ្នែកទទួលភ្ញៀវ ខណៈប្តីជាចុងភៅ។ អ្នកស្រី សុភ័ណ ទើបតែសម្រាលកូននៅថ្ងៃទី២៣ ឧសភានេះ ស្រាប់តែទទួលបានដំណឹងថា ប្តីអ្នកស្រី ត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារ តាមផែនការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន។ គ្រាន់តែទទួលបានដំណឹងភ្លាម ស្រី្តរូបនេះអស់សង្ឃឹមជំនួសប្តី ព្រោះមិនដឹងថាត្រូវស្វែងរកការងារនៅកន្លែងឡើយ នៅក្នុងបរិបទកូវីដ១៩ ខណៈជីវភាពក៏កំពុងខ្វះខាត។ «ក្រុមហ៊ុនបានទូរស័ព្ទមកវិញហើយនៅល្ងាចនេះ ថា មានតែប្ដីទេដែលត្រូវជួបពិភាក្សាលើការបញ្ចប់កិច្ចសន្យាការងារ »។ នេះបើតាមការលើឡើងរបស់លោកស្រី សុភ័ណ។ 
 
សម្រាលកូន បានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ស្រី្តរូបនេះ បានបង្ខំចិត្តចេញពីមន្ទីរពេទ្យ ព្រោះខ្វះខាតថវិកាបង់ថ្លៃសម្រាក។  ប្ដីប្រពន្ធទាំងពីរនេះ ទទួលបានប្រាក់ខែជាង៣០០ដុល្លារក្នុងម្នាក់ ប៉ុន្តែនៅអំឡុងពេលកូវីដ-១៩នេះ ប្រាក់ចំណូលពួកគេធ្លាក់ចុះ ដោយសារក្រុមហ៊ុនកាត់បន្ថយម៉ោងធ្វើការ។ ប៉ុន្តែពេលនេះ គ្រួសារអ្នកស្រី សុភ័ណ ត្រូវបាត់បង់ចំណូល១នាក់ទៀត ដោយសារប្តីត្រូវក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងារ។
 
បើតាមអ្នកស្រី សុភ័ណ ជារៀងរាល់ខែគ្រួសារខ្លួន ត្រូវបង់ធនាគារជាង១០០ដុល្លារ ដោយសារទិញម៉ូតូកង់បីសម្រាប់ដឹកភ្ញៀវ ដើម្បីរបស់ចំណូលបន្ថែម រួមទាំងចំណាយថ្លៃព្យាបាលម្ដាយកំពុងមានជំងឺ និងកូនតូច២នាក់ក្នុងបន្ទុកជាដើម ។ ដោយសារបញ្ហានេះ បុគ្គលិកណាហ្គាវើលដ៍ជាង៧ឆ្នាំរូបនេះ បានស្នើឲ្យអង្គការនិងក្រសួងស្ថាប័នពាក់ព័ន្ធ ជួយរកដំណោះស្រាយជាមួយក្រុមហ៊ុន ដើម្បីកុំឲ្យកាត់បន្ថយបុគ្គលិកនេះ។ 
 
ជុំវិញករណីនេះ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ យល់ថា ក្រុមហ៊ុនណាហ្គាវើលដ៍មិនគួរកាត់បន្ថយបុគ្គលិកនៅពេលនេះឡើយ។ ដ្បិតក្រុមហ៊ុននេះ ធ្លាក់ចុះចំណូលមែន ប៉ុន្តែលោក តុលា នៅតែមើលឃើញថា ផលចំណេញរបស់ក្រុមហ៊ុនណាហ្គាវើលដ៍នៅតែខ្ពស់ ពោលគឺប្រមាណ១០០លានដុល្លារ កាលពីឆ្នាំ២០២០។ បើតាមលោក តុលា ក្រុមហ៊ុនគួរតែមានលទ្ធភាពទទួលខុសត្រូវ ជួយបុគ្គលិកខ្លួនឯងក្នុងគ្រាលំបាកដូចគ្នានេះ ព្រោះពួកគេសុទ្ធតែជាអ្នកជួយរកចំណូល និងបម្រើការងារឲ្យក្រុមហ៊ុនជាច្រើនឆ្នាំមកហើយ។ 
 
«ភាពលំបាក់របស់បុគ្គលិកដែលជួបក្នុងអំឡុងពេលកូវីដនេះ វាច្រើនហើយពិបាកជាងក្រុមហ៊ុនទៅទៀត។ ពួកគេធ្វើការទាំងប្រឈមគ្រោះថ្នាក់ កាត់បន្ថយម៉ោងធ្វើការ កាត់បន្ថយប្រាក់ឈ្នួល ដូចេះមិនគួរបញ្ឈប់ការងាររបស់ពួកគេឡើយ ។ ខ្ញុំឃើញក្រុមហ៊ុនជួយរដ្ឋាភិបាលជាច្រើនម៉ឺនដុល្លារដែរ ក្នុងការជួយដល់លំបាកនៅអំឡុងពេលកូវីដ។ ដូចគ្នាដែរ ក្រុមហ៊ុនគួរតែមានសណ្ដានចិត្តជួយបុគ្គលិកខ្លួនដែរ»។ នេះបើតាមការលើកឡើងរបស់លោក មឿន តុលា។ 
 
បុគ្គលិកដែលធ្វើការនៅណាហ្គាវើលដ៍ ពី១០ទៅ២០ឆ្នាំ ភាគច្រើនទទួលបានសារបញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុន និងហៅពួកគេទៅជួបដោះស្រាយប្រាក់អត្ថប្រយោជន៍នានា។ ក្រៅពីនេះ ក៏មានស្រី្តដែលទើបសម្រាកកូនរួច ដែលប្រឈមមុខគេបញ្ឈប់ដែរ។ នេះបើតាម លោកស្រី ឈុន សុខា អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ។
 
មេសហជីពរូបនេះ ចាត់ទុកការបញ្ឈប់ស្ត្រីសម្រាលកូនហើយនេះ ជាការរើងអើងស្រី្តមានផ្ទៃពោះយ៉ាងធ្ងន់ធ្ងរបំផុត ដោយមិនគោរពច្បាប់ និងគ្មានគោលការណ៍មនុស្សធម៍។ 
 
សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពីលោក ឌី សីហា ជាអ្នកគ្រប់គ្រងទំនាក់ទំនងជាបុគ្គលិកនៅណាហ្គាវើលដ៍ និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសាកសួរករណីបញ្ឈប់ និងកិច្ចសម្រួលដោះស្រាយបញ្ហានេះបានទេ។ 
 
បើតាមរបាយការណ៍ចុងក្រោយនៅឆ្នាំ២០១៨ និង២០១៩នោះ ក្រុមហ៊ុនណាហ្គាវើលដ៍ មានប្រាក់ចំណេញពី៤០០ទៅ៥០០លានដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្តែក្នុងបរិបទកូវីដ-១៩ វាយលុកនៅកម្ពុជា ក្នុងឆ្នាំ២០២០នោះ ក្រុមហ៊ុននេះ បានធ្លាក់ប្រាក់ចំណេញមកត្រឹមជាង១០០លានដុល្លារប៉ុណ្ណោះ។ ដោយសារបាត់បង់ប្រាក់ចំណេញនេះ ទើបក្រុមហ៊ុនកាត់បន្ថយការចំណាយផ្សេងៗជាបន្តបន្ទាប់។
 
ចាប់តាំងពីខែមេសា ឆ្នាំ២០២០ បុគ្គលិកជាង៨០០០នាក់ របស់ណាហ្គាវើលដ៍ ត្រូវបាត់បង់ប្រាក់ចំណូល ដោយក្រុមហ៊ុនកាត់បន្ថយម៉ោងធ្វើការ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យា ដោយបានដាក់សម្ពាធឲ្យបុគ្គល ទទួលប្រាក់សំណងដែលមិនពេញលេញតាមច្បាប់ និងគ្មានតំណាងសហជីព ជួបពិភាក្សាជាមួយតំណាងភាគីក្រុមហ៊ុន។ នេះបើតាម ឈុន សុខា អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ។
 
បើតាមលោកស្រី សុខា គិតត្រឹមថ្ងៃទី១៧ឧសភា មានបុគ្គលិកជាង១០០នាក់ប៉ុណ្ណោះ ដែលបានយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារពីជាមួយក្រុមហ៊ុន ហើយក្នុងនោះ ភាគច្រើនដោយសារកត្តាជីវភាពខ្វះខាត ទើបបង្ខំចិត្តយល់ព្រម ដើម្បីបានប្រាក់ដោះស្រាយបញ្ហាចំពោះមុខ៕
 

Tag:
 NaGa
  សិទ្ធិការងារ
© រក្សាសិទ្ធិដោយ thmeythmey.com