COVID-19
ជាតិ
កូវីដ-១៩ពី៣ខេត្តទៀត៖ បន្ទាយមានជ័យ កំពង់ឆ្នាំង ខណៈអ្នកឆ្លងនៅកំពតសុទ្ធតែជាកសិករ
03, Jun 2021 , 4:51 pm        
រូបភាព
ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៩នាក់ នៅថ្ងៃទី២ ខែមិថុនា ដោយភាគច្រើនជាពលរដ្ឋដែលទើបត្រឡប់មកពីខេត្តប៉ៃលិន។ ករណីឆ្លងប្រចាំថ្ងៃ នៅខេត្តតាកែវ ក៏នៅបន្តហក់ឡើងដែរ ដោយនៅថ្ងៃទី២មិថុនា មាន៥០នាក់ ខណៈខេត្តព្រៃវែង ករណីឆ្លងបានហក់ឡើងដល់ ៤៥នាក់វិញ។ ចំណែកខេត្តត្បូងឃ្មុំ បានកត់ត្រាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់ខេត្ត ដោយមាន២៧នាក់នៅថ្ងៃទី២មិថុនា។ កំពង់ចាម ពោធិ៍សាត់ ឧត្តរមានជ័យ កំពង់ធំ សៀមរាប កោះកុង ស្វាយរៀង រតនគិរី បន្ទាយមានជ័យ កំពត និងកំពង់ឆ្នាំង​បាន​ចេញរបាយការណ៍ជាបន្ត​បន្ទាប់​ផងដែរ។

 
បាត់ដំបង៖ រកឃើញ៦៩នាក់ ក្នុងនោះ៦០នាក់ទើបត្រឡប់មកពីខេត្តប៉ៃលិន
 
រដ្ឋបាលខេត្តបាត់ដំបង បានរកឃើញមនុស្ស ៦៩នាក់ទៀត វិជ្ជមានកូវីដ-១៩ ដោយក្នុងនោះមាន៦០នាក់ជាពលរដ្ឋដែលទើបត្រឡប់មកពីខេត្តប៉ៃលិន, ៥នាក់ជាអ្នកដែលត្រឡប់ពីប្រទេសថៃ ខណៈ៤នាក់ទៀត ជាពលរដ្ឋនៅខេត្តបាត់ដំបង។ ក្រៅពីរកឃើញអ្នកឆ្លងថ្មី៦៩នាក់ ក៏មានអ្នកជំងឺ ១២នាក់បានជាសះស្បើយផងដែរ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង៦៩នាក់ មាន ៥០នាក់ជាពលរដ្ឋស្រុកកំរៀង, ៤នាក់នៅស្រុករតនមណ្ឌល, ៤នាក់ នៅក្រុងបាត់ដំបង, ៤នាក់នៅស្រុកថ្មគោក, ២នាក់នៅស្រុកបវេល ខណៈ ស្រុកបាណន់ សំពៅលូន និងស្រុកមោងឫស្សីាមាន១នាក់រៀងខ្លួន។ អ្នកជំងឺម្នាក់ទៀតមានអាយដ្ឋាននៅក្រុងប៉ៃលិន ខេត្តប៉ៃលិន និងម្នាក់ទៀតជាអ្នកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
 
ក្រោយមានករណីឆ្លងច្រើនដូច្នេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចដាក់វិធានការរដ្ឋបាល ដែលមានទាំងបំរាមគោចរ និងរឹតត្បិតមូលដ្ឋានអាជីវកម្មលក់ដូរ នៅទីប្រជុំជន ស្រុកកំរៀង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ អាជ្ញាធរ ក៏បានសម្រេចបិទខ្ទប់បណ្តោះអាសន្ន តាំងចំនួន ១៧កន្លែង ស្ថិតក្នុង ភូមិសាស្ត្រ ស្រុកកំរៀង និងទីតាំងផ្ទះចំនួន៤ ខ្នង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ 
 
បច្ចុប្បន្នខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ-១៩សរុប ៣០៣នាក់ ក្នុងនោះ១០៥នាក់សះស្បើយ និង២នាក់ស្លាប់ និង១៩៦នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។
 
តាកែវ៖ រកឃើញ៥០នាក់ទៀត ក្នុងនោះ១២នាក់ជាទារក និងកុមារ
 រដ្ឋបាលខេត្តតាកែវ បន្តរកឃើញមនុស្ស ៥០នាក់បន្ថែមទៀត ឆ្លងកូវីដ-១៩ ក្នុងនោះ១២នាក់គឺជាទារក និងកុមារអាយុក្រោម១៥ឆ្នាំ។ នេះបើយោងតាមលិខិតដែលស្នងការខេត្ត ជម្រាបទៅអភិបាលខេត្តតាកែវ។ លិខិតដដែល បានឱ្យដឹងទៀតថា អ្នកឆ្លងថ្មីក៏មានដែរកម្មកររោងចក្រ , អាជីវករ, សិស្ស និងកសិករ។  
 
 ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥០នាក់នេះ មាន២៥នាក់ រស់នៅស្រុកព្រៃកប្បាស, ៥នាក់នៅស្រុកសំរោង, ៤នាក់នៅស្រុកទ្រាំង, ២នាក់នៅស្រុកត្រាំកក់, ២នាក់នៅក្រុងដូនកែវ, ខណៈស្រុកបាទី និងស្រុកគិរីវង់ មាន១នាក់រៀងខ្លួន។ 
 
ព្រៃវែង៖ ៤៥នាក់ ដោយ៣០នាក់ជាអ្នកស្រុកព្រះស្តេច 
 
រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញមនុស្ស ៤៥នាក់ មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២មិថុនា ដែលអ្នកឆ្លងភាគច្រើនជាកម្មកររោងចក្រ និងជាអ្នកដែលធ្លាប់ប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ-១៩កន្លងមក។ 
 
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងចំណោម អ្នកវិជ្ជមានសរុប មាន ៣០នាក់ នៅស្រុកព្រះស្តេច,  ៦នាក់នៅស្រុកបាភ្នំ ,៤នាក់នៅស្រុកស្វាយអន្ទរ ខណៈស្រុកមេសាង និងស្រុកស៊ីធរកណ្តាល មាន១នាក់រៀងខ្លួន។ អ្នកជំងឺម្នាក់ទៀត មានអាសយដ្ឋាននៅឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ខេត្តព្រៃវែង មានអ្នកកើតកូវីដ-១៩ សរុប ៥២០នាក់ ក្នុងនោះសះស្បើយ ២១៥នាក់ ស្លាប់៥នាក់ និងអ្នកជំងឺ ៣០០នាក់ កំពុងបន្តព្យាបាល។ 
 
ស្វាយរៀង៖ ៣៣នាក់ និងករណីស្លាប់១នាក់បន្ថែម
ខេត្តស្វាយរៀង បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៣នាក់ទៀត ដែលភាគច្រើនជាកម្មករោងចក្រ និងអ្នកធ្លាប់ប៉ះពាល់នឹងអ្នកវិជ្ជមានកន្លងមក។ ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសពីករណីស្លាប់ ១នាក់ដែរ ដែលជាបុរសដែលមានទីលំនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំង ៣៣នាក់នេះ មាន ៨នាក់ នៅក្រុងស្វាយរៀង, ៨នាក់ នៅស្រុកស្វាយជ្រំ, ៥នាក់នៅក្រុងបាវិត, ៤នាក់ នៅស្រុកចន្ទ្រា, ស្រុករំដួល និងស្រុកកំពង់រោទិ៍ មាន៣នាក់រៀងខ្លួន ខណៈស្រុកស្វាយទាប មាន២នាក់។

បច្ចុប្បន្នខេត្តស្វាយរៀង មានអ្នកកូវីដ-១៩ សរុប ៩១៣នាក់ ក្នុងនោះ៤៦៣នាក់បានជាសះស្បើយ, ស្លាប់៦នាក់ និង៤៤៣នាក់កំពុងបន្តព្យាបាល។

កំពង់ចាម៖ ឆ្លងថ្មី៣២នាក់ ភាគច្រើនជាកម្មកររោងចក្រ

ខេត្តកំពង់ចាម បន្តរកឃើញមនុស្សចំនួន៣២នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២ មិថុនា។ តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត អ្នកឆ្លងថ្មីគឺបានប៉ះពាល់នឹងអ្នកវិជ្ជមានកន្លងមក ដែលក្នុងនោះមាន ១៥នាក់ រស់នៅស្រុកព្រៃឈរ, ១០នាក់ស្រុកជើងព្រៃ, ៥នាក់នៅស្រុកបាធាយ, ១នាក់នៅស្រុកកងមាស និង១នាក់ទៀត ជាអ្នកដំណើរពីខេត្តកំពត។

ត្បូងឃ្មុំ៖ ២៧នាក់ ជាចំនួនឆ្លងច្រើនបំផុតប្រចាំថ្ងៃ 
 
ខេត្តត្បូងឃ្មុំ មានអ្នកឆ្លងកូវីដ-១៩ចំនួន ២៧នាក់ទៀត ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតសម្រាប់ខេត្តនេះ។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មាន១១នាក់ជាអ្នកទើបត្រឡប់ពីរាជធានីភ្នំពេញ, ១នាក់ពីប្រទេសថៃ។ ក្រៅពីនេះ ជាករណីឆ្លងបន្តគ្នា ក្នុងមូលដ្ឋាន។  
 
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២៧នាក់នេះ មានពលរដ្ឋ៧នាក់ ជាអ្នកស្រុកត្បូងឃ្មុំ, ៦នាក់នៅស្រុកអូររាំងឪ, ៤នាក់នៅក្រុងសួង, ១នាក់នៅស្រុកតំបែរ, ៣នាក់នៅខេត្តកំពង់ចាម,  ២នាក់នៅខេត្តព្រៃវែង, ២នាក់នៅខេត្តស្វាយរៀង និង២នាក់នៅខេត្តបាត់ដំបង។

កោះកុង៖ រកឃើញអ្នកស្រុកស្រែអំបិល ១២នាក់ទៀត
មនុស្ស ១២នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ដែលសុទ្ធតែជារស់នៅក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក៏មានទារក និងកុមារ ចំនួន៤នាក់ដែរ។

ពោធិ៍សាត់៖ មាន៩នាក់ថ្មី ដោយ៨នាក់ជាអ្នកដំណើរពីភ្នំពេញ
រដ្ឋបាលខេត្តពោធិ៍សាត់ បានរកឃើញមនុស្ស ៩នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះ៨នាក់ជាអ្នកទើបត្រឡប់ពីរាជធានីភ្នំពេញ និង១នាក់ជាអ្នកមកពីខេត្តកណ្តាល។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ១នាក់ បានជាសះស្បើយផងដែរ។

គិតត្រឹមថ្ងៃទី២ ខែមិថុនា  ខេត្តពោធិ៍សាត់ មានអ្នកឆ្លងកូវីដ-១៩ ចំនួន១២៦នាក់  ក្នុងនោះ៦៣នាក់ជាសះស្បើយ ១នាក់ស្លាប់ និង៦២នាក់ទៀតកំពុងបន្តព្យាបាល។

កំពង់ធំ៖ មាន៦នាក់ទៀត ដែល២នាក់មកពីថៃ និង២នាក់ពីភ្នំពេញ
 អាជ្ញាធរខេត្តកំពង់ធំ ប្រកាសថា មានមនុស្ស៦នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២ ខែមិថុនា ដែលក្នុងនោះមាន ២នាក់ជាអ្នកទើបត្រឡប់ពីរាជធានីភ្នំពេញ, ២នាក់ជាអ្នកត្រឡប់ពីប្រទេសថៃ និង២នាក់ទៀតឆ្លងក្នុងមូលដ្ឋាន។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត អ្នកវិជ្ជមាន២នាក់ មានអាសយដ្ឋាននៅឃុំទួលគ្រើល ស្រុកប្រាសាទបាល្ល័ង្ក, ២នាក់ នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ, ១នាក់ នៅឃុំច្រនាង ស្រុកតាំងគោក និង១នាក់ទៀតនៅឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បច្ចុប្បន្ន ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ២៧៣នាក់ ក្នុងនោះ១១៦នាក់ បានជាសះស្បើយ ខណៈ១៥៧នាក់ទៀត កំពុងសម្រាកព្យាបាល។

ឧត្តរមានជ័យ៖ មាន២នាក់ទៀតករណីនាំចូលពីថៃ
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរកឃើញពលរដ្ឋខ្មែរ២នាក់ទៀត ដែលទើបត្រឡប់ពីប្រទេសថៃ មានវិជ្ជមានកូវីដ-១៩ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត អ្នកទាំង២ មានអាសយដ្ឋាននៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៧ នាក់ក្នុងនោះ ៥៥នាក់ជាករណីនាំចូលពីក្រៅប្រទេស។ បច្ចុប្បន្ន មានអ្នកជំងឺ ១៦នាក់ហើយ បានជាសះស្បើយ ខណៈ៤១នាក់ទៀត កំពុងសម្រាកព្យាបាល។

សៀមរាប៖ មានអ្នកឆ្លងថ្មី១នាក់ និងជាសះស្បើយ ១នាក់

ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១នាក់ ជាស្ត្រី វ័យ៥១ឆ្នាំ ដែលមានអាសយដ្ឋាននៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប នៅថ្ងៃទី២ មិថុនា។ ទន្ទឹមនឹងនេះ ក៏មានអ្នកជំងឺ១នាក់ បានជាសះស្បើយផងដែរ។ តាមរដ្ឋបាលខេត្តសៀមរាប អ្នកសះស្បើយរូបនេះ ជាស្ត្រីវ័យ ៣១ឆ្នាំ រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប។ បច្ចុប្បន្ន ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១២៥នាក់ ក្នុងនោះ ៦៨នាក់បានជាសះស្បើយ, ២នាក់បានស្លាប់ និង៥៥នាក់ បន្តសម្រាកព្យាបាល។

រតនគិរី៖ រកឃើញ១នាក់ទៀត ជាបុរសអាយុ៧៩ឆ្នាំ
ខេត្តរតនគិរី បានរកឃើញអ្នកឆ្លងកូវីដ-១៩ ម្នាក់ទៀត នៅថ្ងៃទី២ ខែមិថុនា ដែលជាបុរសវ័យ ៧៩ឆ្នា មានទីលំនៅក្នុងភូមិមហាសេនា ឃុំតាផន ស្រុកត្រាំកក់ ខេត្តតាកែវ។ នេះគឺជាករណីឆ្លងទី១៦ នៅក្នុងខេត្តរតនគិរី។

Update បន្ទាយមានជ័យ៖ ៤១នាក់ ក្នុងនោះ១៤នាក់មកពីប្រទេសថៃ  

រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញមនុស្ស ៤១នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ២១៤នាក់ពលរដ្ឋខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ។ ក្រៅពីនេះ អ្នកឆ្លងគឺជាកម្មកររោងចក្រ និងអ្នកទើបត្រឡប់ពីរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងចំណោមអ្នកថ្មីទាំង ៤១នាក់នេះ មានពលរដ្ឋ ២៥នាក់នៅក្រុងប៉ោយប៉ែត, ៦នាក់នៅស្រុកមង្គលបុរី, ៤នាក់នៅស្រុកថ្មពួក, ៣នាក់នៅស្រុកស្វាយចេក, ១នាក់នៅស្រុកព្រះនេត្រព្រះ, ១នាក់នៅស្រុកភ្នំស្រុក និង១នាក់នៅខេត្តបាត់ដំបង។

កំពត៖ មាន ៣៨ នាក់ទៀត សុទ្ធតែជាកសិករ
រដ្ឋបាលខេត្តកំពត បន្តរកឃើញមនុស្ស ៣៨នាក់ទៀត វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២ មិថុនា ដែលសុទ្ធតែជាកសិករ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះ មាន៣០នាក់ជាពលរដ្ឋនៅស្រុកកំពង់ត្រាច, ២នាក់នៅស្រុកបន្ទាយមាស,១នាក់នៅស្រុកអង្គរជ័យ, ១នាក់នៅស្រុកទឹកឈូ, ១នាក់នៅក្រុងកែប ខេត្តកែប, ១នាក់នៅស្រុកគិរីវង់ ខេត្តតាកែវ និង១នាក់ទៀត ជាអ្នកនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កំពង់ឆ្នាំង៖ មាន២២នាក់ ភាគច្រើនជាកម្មកររោងចក្រ

ខេត្តកំពង់ចាម បានរកឃើញមនុស្ស ២២នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ដែលភាគច្រើនជាកម្មកររោងចក្រ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២២នាក់នេះ មាន៩នាក់ជាពលរដ្ឋរស់នៅស្រុកសាមគ្គីមានជ័យ, ៩នាក់នៅស្រុកកំពង់ត្រឡាច, ៣នាក់នៅស្រុករលាប្អៀរ និង១នាក់ជាពលរដ្ឋនៅស្រុកបាធាយ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប២៦៨នាក់ ក្នុងនោះ ៦១នាក់ជាសះស្បើយ។ អ្នកជំងឺ៣នាក់ បានស្លាប់ ខណៈ ២០៤នាក់ទៀតកំពុងសម្រាកព្យាបាល។



គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៣២ ១៨៩នាក់ ក្នុងនោះករណីនាំចូលសរុបមាន៩៩៤នាក់។ អ្នកជាសះស្បើយ២៤ ៧៦៣ នាក់ ខណៈអ្នកស្លាប់ កើនដល់ ២៣៦នាក់៕

 
 

Tag:
 បាត់ដំបង
 តាកែវ
 ព្រៃវែង
 ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com