ជាតិ
ក្រសួងអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានឯកជន ប្រឡងបញ្ចប់ថ្នាក់ទី៦ និងទី៩
04, Jun 2021 , 9:59 pm        
រូបភាព
រូបភាពទិដ្ឋភាពសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៧
រូបភាពទិដ្ឋភាពសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៧
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនទាំងអស់ រៀបចំការប្រឡងបញ្ចប់ថា្នក់ទី៦ និងថ្នាក់ទី៩ នៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួន។  នេះបើតាមលិខិតក្រសួងអប់រំ ដែលឆ្លើយតាមសំណើរបស់ប្រធានគណៈប្រតិបត្តិសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

 
លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ក្នុងលិខិតថា ក្រសួងអប់រំនឹងផ្តល់ការទទួលស្គាល់ចំពោះលទ្ធផលនៃការប្រឡងបញ្ចប់ថ្នាក់ទី៦ និងថ្នាក់ទី៩ របស់គ្រឹះស្ថានសិក្សាឯកជន និងធ្វើអធិការកិច្ច ប្រសិនបើចំាបាច់។ 
 
ទាក់ទងនឹងព័ត៌មានលម្អិតពីដំណើរការរៀបចំបញ្ចប់ថ្នាក់ទី៦ និងទី៩របស់គ្រឹះស្ថានសិក្សាឯកជន លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំនឹងចេញសេចក្តីប្រកាសនៅថ្ងៃខាងមុខ។ 
 
«នាពេលខាងមុខ ឆាប់ៗនេះ ក្រសួងនឹងចេញសេចក្តីណែនាំស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០២០-២០២១»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ 
 
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នំា២០២១ លោក លី ឆេង ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងបញ្ចប់ថ្នាក់ទី៦ ទី៩ និងទី១២ទៅតាមសាមីគ្រឹះស្ថានសិក្សារៀងៗគ្នា។  
 
ទាក់ទងនឹងសំណើនេះ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាបានបញ្ជាក់មូលហេតុដែលប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដាក់សំណើនេះទៅក្រសួងអប់រំដូច្នេះថា៖«សាលារៀនឯកជន បើកាលណាមិនឲ្យប្រឡង។ អ៊ីចឹងរង់ចំាដូចសាលារៀន ការប្រឡងឌីប្លូម និងបាក់ឌុបនឹងដាច់មួយកង់ កូនសិស្សនៅទំនេរច្រើន។ បើសិនយើងមិនព្រមឲ្យសាលាឯកជនប្រឡងទេ ទីមួយលុយកក់ និរន្តភាពលុយកក់ ហើយកាលបរិច្ឆេទរៀនហ្នឹងគឺវាដាច់មួយកង់»។
 
ក្រោមហេតុផលខាងលើនេះ ទើបប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សម្រេចចិត្តស្នើក្រសួងអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងតាមបែបប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩៕
 

Tag:
 គ្រឹះស្ថានសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com