ជាតិ
អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុល «ប្រាសាទផ្ទី» ដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា
06, Jun 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ប្រាសាទផ្ទី ដែលស្ថិតនៅចំកណ្តាលបារាយណ៍នៃប្រាសាទបេងមាលា ក្នុងខេត្តសៀមរាបបានបញ្ចប់ការជួសជុលនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាចេញផ្សាយថ្ងៃទី០១ ខែមិថុនា នេះ។


 
ប្រាសាទផ្ទី ត្រូវបានធ្វើកំណាយពិនិត្យរចនាសម្ពន្ធប្រាសាទកាលពីដើមខែមីនា និងបានចាប់ផ្តើមជួសជុលនៅខែមេសា។ ក្នុងដំណើរការជួសជុលនេះ មានការចូលរួមឧបត្ថម្ភដោយវិស័យឯកជន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។
 
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា លើកឡើងថា ក្នុងដំណើរការជួសជុលនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរាមានការលំបាកបន្ដិច ដោយសារការដ្ឋានស្ថិតនៅកណ្ដាលបារាយណ៍ក្នុងព្រៃ និងមានផ្លូវធ្វើដំណើរតូចបន្ដិច ដែលពិបាកក្នុងការដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់។ ដ្បិតដំណើរការជួសជុលលំបាកបន្តិច តែលោកបានបង្ហាញសុទិដ្ឋិនិយម និងអារម្មណ៍រីករាយជាខ្លាំងជាមួយសមិទ្ធផលថ្មីនេះ ពិសេសប្រាសាទដែលដួលរលំឃើញតែគំនរដុំថ្ម ហើយបានខិតខំរកផ្គុំឱ្យមានរូបរាងឡើងវិញ។
 
ប្រាសាទនេះ ស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ត្រូវបានសាងសង់អំពីថ្មបាយក្រៀមរាងការេ ប្រវែង១៥ម៉ែត្របួនជ្រុង និងមានជញ្ជាំងព័ន្ធជុំវិញកម្ពស់ ១ម៉ែត្រ។ នៅចំកណ្តាលប្រាសាទ មានតម្កល់រូបព្រះពុទ្ធប្រក់នាគសរុបទាំងខឿនកម្ពស់ ៦,៥ម៉ែត្រ ធ្វើអំពីភក់ ដែលទំនងជាសាងសង់រវាងពាក់កណ្តាលសតវត្សទី១២ ទៅចុងសតវត្សទី១២៕


ប្រសាទផ្ទី​ ក្រោយបញ្ចប់ការជួសជុល។ រូបភាពពី៖ ហ្វេសប៊ុកអាជ្ញាធរជាតិអប្សារា


ប្រាសាទផ្ទី ក្រោយបញ្ចប់ការជួសជុល។ រូបភាពពី៖ ហ្វេសប៊ុកអាជ្ញាធរជាតិអប្សារា


ព្រះពុទ្ធប្រក់នាគ កម្កល់នៅចំកណ្តាលប្រាសាទផ្ទី។ រូបភាពពី៖ ហ្វេសប៊ុកអាជ្ញាធរជាតិអប្សារា


សកម្មភាពជួសជុលប្រាសាទរបស់ក្រុមការងារអាជ្ញាធរជាតិអប្សារា។ រូបភាពពី៖ ហ្វេសប់ុកអាជ្ញាធរជាតិអប្សារា


សកម្មភាពជួសជុលរូបព្រះពុទ្ធប្រក់នាគ នៃប្រាសាទផ្ទី។ រូបភាពពី៖ ហ្វេសប៊ុកអាជ្ញាធរជាតិអប្សារា


Tag:
 ប្រាសាទផ្ទី
 បារាយណ៍ប្រាសាទបេងមាលា
  ខេត្តសៀមរាប
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com