ជាតិ
ខេត្តក្រចេះដាក់ផែនការពង្រីកសក្តានុពលអេកូទេសចរណ៍
05, Jun 2021 , 9:59 pm        
រូបភាព
លោក ជា សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ។ រូបភាពពីមន្ទីរទេសចរណ៍ខេត្តក្រចេះ
លោក ជា សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ។ រូបភាពពីមន្ទីរទេសចរណ៍ខេត្តក្រចេះ
ដោយ:
ក្រចេះ ជាខេត្តសម្បូរតំបន់អេកូទេសចរណ៍ជាច្រើនដូចជា តំបន់អន្លង់ផ្សោតកាំពី និងដែនជម្រកព្រៃឡង់ កោះព្រហ្មចារី កោះសាមសិប និងតំបន់ទេសចរណ៍សហគមន៍ជាច្រើនទៀត។ តំបន់ទេសចរណ៍ទាំងនេះ នឹងទាក់ទាញទេសចរប្រមាណ១៨ម៉ឺននាក់ តាមផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះឆ្នាំ២០២១-២០២៥។


 
គម្រោងនេះ នឹងផ្ដោតលើការអភិវឌ្ឍន៍ធនធានមនុស្ស, បង្កើតផលិតផលទេសចរណ៍ថ្មី, អភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តនៅភាគឦសាននេះក្លាយជាទិសដៅទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍ សុទ្ធតែមានក្នុងខេត្តនេះ។ ទោះមានតំបន់ទេសចរណ៍ច្រើនក្ដី ខេត្តមួយនេះ នៅមិនទាន់មានទេសចរដើរកម្សាន្តច្រើននៅឡើយទេ។
 
បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តក្រចេះ គម្រោងនេះនឹងអាចទាក់ទាញទេសចរជាតិចំនួន១៧ម៉ឺននាក់ និងអន្តរជាតិ ១,៧ម៉ឺននាក់ ដែលអាចរកចំណូលប្រមាណ ៦,៥លានដុល្លារ នៅឆ្នាំ២០២៥។ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានលើកឡើងថា មន្ទីរទេសចរណ៍ខេត្ត នឹងធ្វើការជាអន្តរមន្ទីរ ដើម្បីបង្កើនផលិតផលទេសចរណ៍ និងអភិវឌ្ឍតំបន់ទេសចរណ៍ដែលមានស្រាប់។
 
«ជាគោលការណ៍រួមគឺយើងយកចិត្តទុកដាក់អភិរក្សសត្វផ្សោត នៅតំបន់អន្លង់ផ្សោតកាំពី និងដែនជម្រកព្រៃឡង់ហើយ កោះព្រហ្មចារី ក៏យើងត្រូវអភិរក្សដែរ»។ នេះជាបញ្ជាក់របស់ប្រធានមន្ទីរខេត្តក្រចេះ ប្រាប់ ThmeyThmey25 ដែលបន្ថែមថា សហគមន៍ទេសចរណ៍ និងទេសចរណ៍វប្បធម៌ នឹងត្រូវអភិវឌ្ឍបន្ថែមដើម្បីឱ្យខេត្តក្រចេះ មានតំបន់ទេសចរណ៍សប្បូរបែប។ កសិ-ទេសចរណ៍ នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីក្នុងខេត្តនៅភាគឦសាន្តនេះផងដែរ។ 
 
ទន្ទឹមនឹងការអភិរក្ស និងការច្នៃផលិតផលទេសចរណ៍ថ្មី ការអភិវឌ្ឍធនធានមនុស្សក៏ជារឿងសំខាន់មួយផងដែរ។ ធនធានមនុស្សក្នុងវិស័យទេសចរណ៍អាចនឹងមានការខ្វះខាត ដោយសារអ្នកជំនាញក្នុងវិស័យនេះមួយចំនួន បានងាកចេញពី ជំនាញរបស់ខ្លួនព្រោះការរាតត្បាត នៃជំងឺកូវីដ-១៩ ។ 
 
ជុំវិញបញ្ហានេះ លោក ចាន់ សុគន្ធី លើកឡើងថា មន្ទីរទេសចរណ៍ខេត្តក្រចេះកំពុង បើវគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់អ្នកជំនាន់ក្រោយ ជាពិសេសប្រជាជនក្នុងសហគមន៍បន្ថែមទៀត។ លោក មិនហ៊ានរំពឹង ថាអ្នកជំនាញដែលបានចាកឆ្ងាយពីវិស័យទេសចរណ៍នឹងងាកមកបម្រើការក្នុងវិស័យនេះវិញច្រើននោះទេ។ ដូច្នេះទើបមន្ទីរទេសចរណ៍ខេត្ត ពង្រឹងការបណ្ដុះបណ្ដាលដល់អ្នកជំនាន់ក្រោយ។
គួរបញ្ជាក់ផងដែរថានៅខែឧសភា ឆ្នាំ២០២១ កន្លងទៅខេត្តក្រចេះទទួលបានភ្ញៀវទេសចរប្រមាណ ៤ពាន់នាក់ ខណៈភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេសមានប្រមាណ ១៩ម៉ឺននាក់៕ 
 
រូបភាពពីប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ៖





Tag:
 អេកូទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com