ជាតិ
មេសហជីពប្រមូលស្នាមេដៃបុគ្គលិកណាហ្គាវើលដ៍ ជាង២ពាន់នាក់ ប្ដឹងទៅក្រសួងការងារ ជួយអន្តរាគមន៍
08, Jun 2021 , 3:30 pm        
រូបភាព
មេសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍យកពាក្យបណ្ដឹងទៅក្រសួងការងារ នៅថ្ងៃទី៨មិថុនា ២០២១។ (រូបពី លោកស្រី ឈុន សុខា)
មេសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍យកពាក្យបណ្ដឹងទៅក្រសួងការងារ នៅថ្ងៃទី៨មិថុនា ២០២១។ (រូបពី លោកស្រី ឈុន សុខា)
ភ្នំពេញ៖ មេសហជីពប្រមូលស្នាមមេដៃបុគ្គលិកណាហ្គាវើលដ៍(Naga World)ជាង២ពាន់នាក់ ដើម្បីប្ដឹងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយអន្តរាគមន៍ឲ្យភាគីក្រុមហ៊ុនណាហ្គាវើសដ៍ ទទួលពួកគេចូលធ្វើការវិញ ហើយបន្តបើកប្រាក់អតីតភាពការងារទាំងអស់វិញ។ ក្រោយទទួលពាក្យបណ្ដឹង លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា ក្រសួងនឹងដោះស្រាយវិវាទនេះតាមនីតិវិធីនៃច្បាប់។

 
លោកស្រី ឈុន សុខា អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានអះអាងថា ក្រុមហ៊ុនណាហ្គាវើលដ៍ទំនងមានចេតនាបំបាត់សំឡេងសហជីព។ មូលហេតុដែលលោកស្រី សុខា ហ៊ានអះអាងបែបនេះ ដោយសារលោកស្រី និងកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព រួមទាំងតំណាងសហជីព តាមផ្នែកប្រមាណ៤០ទៀត សុទ្ធតែទទួលបានសារបញ្ឈប់កិច្ចសន្យាការងារ ខណៈបុគ្គលិកជាង១ពាន់នាក់ ស្ថិតនៅក្នុងបញ្ជីឈ្មោះកាត់ចេញពីក្រុមហ៊ុន។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ សហជីពរូបនេះ បាននិយាយដូច្នេះថា៖ «ក្រុមហ៊ុនណាហ្គាវើលដ៍គ្មានមូលហេតុសមស្របក្នុងកាត់បុគ្គលិក១៣២៩នាក់ទេ។ ក្រុមហ៊ុននៅមានលទ្ធភាព យើងអាចពិនិត្យឃើញនៅអំឡុងឆ្នាំ២០២០ ក្រុមហ៊ុននូវតែអាចចំណេញជាង១០០លានដុល្លារ។ យើងសង្ឃឹមថា ក្រសួងនឹងមានដំណោះជូនពួកយើង»។ 
 
បណ្ដឹងរបស់មេសហជីព និងបុគ្គលិកហ្គាវើលដ៍ជាង២០០០នាក់ ដែលបានដាក់ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៨ មិថុនានេះ បានទាមទារឲ្យនិយោជកក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ជាបន្ទាប់នូវគម្រោងកាត់បន្ថយបុគ្គលិក។ ភាគីក្រុមហ៊ុនត្រូវបញ្ឈប់ការបំភិតបំភ័យបុគ្គលិក តាមរយៈការហៅអ្នកដែលទទួលបានសារកាត់ឈ្មោះចេញទៅជួបដោះស្រាយ ជាពិសេសត្រូវឲ្យអ្នកលាឈប់ពីការងារទាំងបង្ខិតបង្ខំនោះ ចូលធ្វើការវិញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបន្តបើកប្រាក់រំលឹកអតីតភាពការងារឡើងវិញ ព្រមទាំងរៀបចំកន្លែងការងារ ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ លើសពីនេះ ត្រូវផ្ដល់ប្រាក់នៃការផ្ដាច់កិច្ចសន្យាការងារ ឲ្យស្របតាមច្បាប់ទៅឲ្យបុគ្គលិក ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់នៅចុងឆ្នាំ២០២០។ នេះបើតាមពាក្យបណ្ដឹងរបស់មេសជីពនិងបុគ្គលិកណាហ្គាវើលដ៍។
 
ជុំវិញវិវាទនេះ លោក ហេង សួរ ឆ្លើយប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា ក្រសួងការងារនឹងដោះស្រាយបញ្ហាការងារជូនដល់បុគ្គលិកណាហ្គាវើលដ៍។ អ្នកនាំពាក្យក្រសួងការងាររូបនេះ បានសរសេរយ៉ាងដូច្នេះថា៖ «នាថ្ងៃនេះ ក្រសួងទទួលបានលិខិតរបស់សហជីព។ ជានីតិវិធី ក្រសួងនឹងអនុវត្តទៅតាមនីតិវិធីនៃការដោះស្រាយវិវាទនៅកម្ពុជា។ យើងមិនអាចធ្វើអ្វីក្រៅនីតិវិធីនោះទេ ទោះជាជម្លោះនៅក្នុងវិស័យណាក៏ដោយ»។ 
 
ពាក់ព័ន្ធនឹងរឿងនេះ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ យល់ថា ក្រុមហ៊ុនណាហ្គាវើលដ៍មិនគួរកាត់បន្ថយបុគ្គលិកនៅពេលនេះឡើយ។ ដ្បិតក្រុមហ៊ុននេះ ធ្លាក់ចុះចំណូលមែន ប៉ុន្តែលោក តុលា នៅតែមើលឃើញថា ផលចំណេញរបស់ក្រុមហ៊ុនណាហ្គាវើលដ៍នៅតែខ្ពស់កាលពីឆ្នាំ២០២០។ បើតាមលោក តុលា ក្រុមហ៊ុនគួរតែមានលទ្ធភាពទទួលខុសត្រូវ ជួយបុគ្គលិកខ្លួនឯងក្នុងគ្រាលំបាកដូចគ្នានេះ ព្រោះពួកគេសុទ្ធតែជាអ្នកជួយរកចំណូល និងបម្រើការងារឲ្យក្រុមហ៊ុនជាច្រើនឆ្នាំមកហើយ។ 
 
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ ធ្លាប់បានលើកឡើងដូច្នេះ៖ «ភាពលំបាករបស់បុគ្គលិកដែលជួបក្នុងអំឡុងពេលកូវីដនេះ វាច្រើនហើយពិបាកជាងក្រុមហ៊ុនទៅទៀត។ ពួកគេធ្វើការទាំងប្រឈមគ្រោះថ្នាក់ កាត់បន្ថយម៉ោងធ្វើការ កាត់បន្ថយប្រាក់ឈ្នួល ដូចេះមិនគួរបញ្ឈប់ការងាររបស់ពួកគេឡើយ ។ ខ្ញុំឃើញក្រុមហ៊ុនជួយរដ្ឋាភិបាលជាច្រើនម៉ឺនដុល្លារដែរ ក្នុងការជួយដល់លំបាកនៅអំឡុងពេលកូវីដ។ ដូចគ្នាដែរ ក្រុមហ៊ុនគួរតែមានសណ្ដានចិត្តជួយបុគ្គលិកខ្លួនដែរ»។ 
 
ចាប់តាំងពីខែមេសា ឆ្នាំ២០២០ បុគ្គលិកជាង៨០០០នាក់ របស់ណាហ្គាវើលដ៍ ត្រូវបាត់បង់ប្រាក់ចំណូល ដោយក្រុមហ៊ុនកាត់បន្ថយម៉ោងធ្វើការ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យា ដោយបានដាក់សម្ពាធឲ្យបុគ្គល ទទួលប្រាក់សំណងដែលមិនពេញលេញតាមច្បាប់ និងគ្មានតំណាងសហជីព ជួបពិភាក្សាជាមួយតំណាងភាគីក្រុមហ៊ុន។ នេះបើតាម ឈុន សុខា អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ។ 
 
បើតាមរបាយការណ៍ចុងក្រោយនៅឆ្នាំ២០១៨ និង២០១៩នោះ ក្រុមហ៊ុនណាហ្គាវើលដ៍ មានប្រាក់ចំណេញពី៤០០ទៅ៥០០លានដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្តែក្នុងបរិបទកូវីដ-១៩ វាយលុកនៅកម្ពុជា ក្នុងឆ្នាំ២០២០នោះ ក្រុមហ៊ុននេះ បានធ្លាក់ប្រាក់ចំណេញមកត្រឹមជាង១០០លានដុល្លារប៉ុណ្ណោះ។ ដោយសារបាត់បង់ប្រាក់ចំណេញនេះ ទើបក្រុមហ៊ុនកាត់បន្ថយការចំណាយផ្សេងៗជាបន្តបន្ទាប់៕ 
 
 

Tag:
 សិទ្ធិការងារ
© រក្សាសិទ្ធិដោយ thmeythmey.com