ជាតិ
សម្ដេច ស ខេង បញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ជួយសម្រួលកិច្ចការទប់ស្កាត់កូវីដ-១៩ នៅក្នុងពន្ធនាគារ
09, Jun 2021 , 10:44 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ប្រាប់ឲ្យអភិបាលរាជធានី-ខេត្តជួយគាំទ្រដល់អង្គភាពនៃមណ្ឌលអប់រំកែប្រែនិងពន្ធនាគារ ដោយយកចិត្តទុកដាក់ក្នុងការសម្របសម្រួលជាមួយមន្ទីរសុខាភិបាល ដើម្បីចាត់ចែងការព្យាបាលអ្នកជំងឺកូវីដ-១៩ក្នុងពន្ធនាគារ។ នេះបើតាមលិខិតសម្ដេច ស ខេង ចេញថ្ងៃទី៩មិថុនា។


សម្ដេច ស ខេង ប្រាប់អភិបាលរាជធានី-ខេត្តថា អ្នកជាប់ឃុំនិងមន្រី្តពន្ធនាគារ បានឆ្លងកូវីដ-១៩ ច្រើ់នហើយ ក្រោយឆ្លងចូលក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារតាមបណ្ដាខេត្តកន្លងមក។ ដើម្បីគ្រប់គ្រងស្ថានការនេះ សម្ដេច ស ខេង បានឲ្យអភិបារាជធានី-ខេត្តនីមួយៗ ជួយដឹកនាំសម្របសម្រួលជាមួយមមន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធ ក្នុងការចាត់ចែងព្យាបាលអ្នកជំងឺកូវីដ-១៩លើអ្នកជាប់ឃុំនិងមន្រី្តពន្ធនាគារ។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងអនុវត្តវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩បន្ថែមទៀត។ 
 
ចំពោះមណ្ឌលអប់រំកែប្រែនិងពន្ធនាគារ ដែលមិនទាន់មានករណីឆ្លងកូវីដ-១៩ចូល គឺត្រូវពង្រឹងវិធានការសុខាភិបាល រក្សាអនាម័យ លាងសំអាត និងវាស់កម្ដៅទាំងអ្នកជាប់ឃុំ និងមន្រី្តពន្ធនាគារឲ្យបានហ្មត់ចត់។ ករណីមានការឆ្លងកូវីដ-១៩ចូលពន្ធនាគារឬមណ្ឌលអប់ណាមួយ អភិបាលរាជធានី-ខេត្ត ត្រូវជួយអន្តរាគមន៍ និងរាយការណ៍ជាបន្ទាន់ទៅក្រសួងមហាផ្ទៃ។ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃ។
 
បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ មិនទាន់បង្ហាញតួលេខនៃអ្នកជាប់ឃុំនិងមន្រី្តពន្ធនាគារដែលបានឆ្លងកូវីដ-១៩នៅឡើយទេ។ ប៉ុន្តែកន្លង ឃើញមានការឆ្លងកូវីដ-១៩ ចូលពន្ធនាគារនៅខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ មិនតិចជាង១០០នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ នេះ ហើយក្នុងនោះ មានស្រី្តជាប់ឃុំម្នាក់នៅខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជំងឺនេះដែរ។ 
 
កាលពីថ្ងៃទី៦មិថុនានេះ លោក ​Phil​ Robertson នាយករងនៃអង្គការ Human Rights Watch បានលើកឡើងថា ប្រទេសថៃមានគម្រោងដោះលែងអ្នកជាប់ឃុំ រហូតដល់៥ម៉ឺននាក់ ដើម្បីជួយសម្រាលបន្ទុកពន្ធនាគារ និងកាត់បន្ថយការឆ្លងកូវីដ-១៩។ ករណីនេះ កម្ពុជាគួរពិចារណាតាមដើម្បីជាស្មារីទទួលខុសត្រូវ ហើយកម្ពុជាមិនគួរដោះសារគេចវេះឡើយ។ 
ការលើកឡើងរបស់​មន្រ្តី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ​ ធ្វើ​ឡើង​ក្រោយលោក ជិន​ ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​​យុត្តិធម៌​ អះអាងថា កម្ពុជាមិនអាចដោះលែងបែបនេះទេ ព្រោះវានឹងបង្កផលប៉ះពាល់ដល់សន្តិសុខមូលដ្ឋាន។
 
 

Tag:
 ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com