COVID-19
អន្តរជាតិ
ប៊ែកខេម, ភើរី និងបុគ្គលល្បីជាង២០នាក់ទៀតស្នើឲ្យ G7 បរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសក្រីក្រ
10, Jun 2021 , 1:29 pm        
រូបភាព
ដោយ: រួបរួម
ទូតសុច្ឆន្ទៈ និងបុគ្គលល្បីៗដែលគាំទ្រសកម្មភាពអង្គការយូនីសេហ្វ ចំនួន២៨នាក់ បានរួមគ្នាអំពាវនាវ ក្នុងលិខិតចំហពិសេសមួយដើម្បីទាមទារមេដឹកនាំនៃក្រុមប្រទេស G7 បរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសក្រីក្រ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសែហ្វ ពីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែមិថុនា។

 
 «មេដឹកនាំក្រុមប្រទេស G7 ប្តេជ្ញាចែករំលែកវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ ២០ភាគរយ ជាបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យនៃការរាលដាលមេរោគនេះ ក៏ដូចជាកាត់បន្ថយការគំរាមកំហែង ដែលកើតដោយ សារមេរោគបំប្លែងខ្លួនថ្មី»។ នេះជាខ្លឹមសារក្នុងលិខិតចំហដែលផ្ញើទៅកាន់មេដឹកនាំក្រុមប្រទេសអ្នកមាន G7 មុនកិច្ចប្រជុំកំពូលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា នៅក្រុងខនវ៉ល ចក្រភពអង់គ្លេស។
 
តារាល្បីៗទាំងក្នុងតួនាទីជាទូតសុច្ឆន្ទៈយូនីសេហ្វ និងអ្នកគាំទ្រ បានស្នើទៅមេដឹកនាំកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស ជប៉ុន និងសហរដ្ឋអាមេរិក បរិច្ចាគវ៉ាក់សាំង  និងធានាឲ្យមានការផ្គត់ផ្គង់ វ៉ាក់សាំង ប្រកបដោយសមធម៌ និងសមធម៌ ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម។
 
យន្តការកូវ៉ាក់ដែលជាគំនិតផ្ដួចផ្ដើមសកល សម្រាប់ជួយឲ្យប្រទេសក្រីក្រទទួលបានវ៉ាក់សាំង កំពុងជួបនឹងបញ្ហាខ្វះខាតវ៉ាក់សាំងចំនួន ១៩០លានដូស និងហើយដើម្បីជួយបំពេញភាពខ្វះខាតនេះ ក្រុមប្រទេស G7 ត្រូវបរិច្ចាគវ៉ាក់សាំងដែលខ្លួនមានចំនួន ២០ភាគរយ នៅចន្លោះពីខែមិថុនា ដល់ខែសីហា ពោលគឺស្មើនឹងជាង ១៥០លានដូស ដែលការធ្វើបែបនេះជាវិធានការបណ្ដោះអាសន្ន ដើម្បីបំពេញចំនួនវ៉ាក់សាំងដែលនៅខ្វះខាតទាំងនេះ។ 
 
ការវិភាគទិន្នន័យថ្មីៗ ដែលធ្វើឡើងដោយក្រុមហ៊ុន Airfinity ដែលជាក្រុមហ៊ុនស្រាវជ្រាវវិទ្យាសាស្ត្រជីវិត ក្រោមការរៀបចំរបស់គណៈកម្មាធិការយូនីសេហ្វប្រចាំចក្រភពអង់គ្លេស បានបង្ហាញថាក្រុមប្រទេស G7 អាច បរិច្ចាគវ៉ាក់សាំងក្នុងបរិមាណបែបនេះ ដោយមិននាំឲ្យមានការពន្យារពេលអនុវត្ត ផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋខ្លួនជាមនុស្សពេញវ័យ នៅក្នុងប្រទេសទាំងនោះឡើយ។
 
លោកដេវីដ ប៊ែកខេម ទូតសុឆន្ទៈយូនីសេហ្វ បានមានប្រសាសន៍ថា៖ «ការរាតត្បាតជាសកល នេះនឹងមិនចប់ឡើយ រហូតដល់ពេលដែលគ្រប់ទីកន្លែងលែងមានការឆ្លងរាលដាលមេរោគនេះទៀត។ ដូច្នេះជាការសំខាន់ណាស់ដែលសហគមន៍ទាំងអស់នៅជុំវិញពិភពលោក អាចទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាបន្ទាន់ ប្រកបដោយយុត្តិធម៌»។
 
លិខិតចំហនេះ បានលើកឡើងថា៖ «កិច្ចប្រជុំកំពូលក្រុមប្រទេស G7 គឺជាឱកាសដ៏សំខាន់ ដើម្បីឲ្យអ្នកទាំង អស់គ្នាឯកភាពលើសកម្មភាពនានា ដែលអាចជួយឲ្យវ៉ាក់សាំងទៅដល់ទីកន្លែងដែលគេត្រូវការជាងគេ ក្នុងល្បឿនដ៏ឆាប់រហ័ស»។
 
បើតាមលោកស្រី ហិនរីតា ហ្វ័រ (Henrietta Fore) នាយិកាប្រតិបត្តិយូនីសេហ្វ នេះគឺជាពេលវេលាដ៏សំខាន់ ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈពេលដែលមេដឹកនាំនានាជួបប្រជុំគ្នា ដើម្បីដាក់ចេញនូវអាទិភាព និងទម្រង់នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
 
បុគ្គលិកល្បីៗទាំង២៨រូបដែលបានរួមគ្នាសរសេរលិខិតចំហរួមមាន៖ រ៉ាំឡា អាលី (Ramla Ali) ហ្វឺណាន់ដូ អាឡុនសូ (Fernando Alonso) ដេវីដ ប៊េកខេម (David Beckham) អូឡានដូ ប្លូម (Orlando Bloom) ហូសេ ម៉ាញូអ៊ែល ខាលដេរ៉ុន (José Manuel Calderón) សុហ្វីយ៉ា ខាសិន (Sofia Carson) ហ្គេមម៉ា ចាន់ (Gemma Chan) ព្រីយ៉ាំងកា ជូបប្រា ចូណាស (Priyanka Chopra Jonas) អូលីវៀ ខូលមិន (Olivia Colman) ប៊េលលី អេលី (Billie Eilish) ផៅ ហ្គាស៊ូល (Pau Gasol) វូភី ហ្គូលបឺហ្គ (Whoopi Goldberg) ដាវីដ ហៀរវូដ (David Harewood) គ្រីស ហយ (Sir Chris Hoy) អង់ជេលីក គីដជូ (Angelique Kidjo) ធី ឡេអូនី (Téa Leoni) ឡូស៊ី លី (Lucy Liu) ជ័ន ម៉ាញ៉ូ ឡូប៉េស អ៊ីទូរៀហ្គា (Juan Manuel López Iturriaga) អ៊ីវ៉ាន ម៉េកហ្គ្រេហ្គឺរ (Ewan McGregor) អាលីសា ម៉ីឡាណូ (Alyssa Milano) អាន់ឌី ម៉ូរ៉េ (Andy Murray) លៀម នីសិន (Liam Neeson) លៀម ភិន (Liam Payne) ខេតធី ភឺរី (Katy Perry) សឺជីអូ រ៉ាម៉ូស (Sergio Ramos) ខ្លូឌី ស្គីហ្វឺរ (Claudia Schiffer) ធឺរីសា វឺចូ (Teresa Viejo) និង ភីងឃ៍ (P!nk)៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com