អន្តរជាតិ
តៃវ៉ាន់ថា វ៉ាក់សាំងដែលបញ្ជាទិញពីថៃត្រូវពន្យារពេល ព្រោះថៃកំពុងត្រូវការដែរ
11, Jun 2021 , 4:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី១១ ខែមិថុនា បានលើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលតៃវ៉ាន់បញ្ជាទិញពីថៃ ត្រូវបានព្យារពេលដឹកជញ្ជូន។ បើតាមលោកស្រី Tsai ស្ថានការណ៍ជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ កំពុងតែធ្ងន់ធ្ងរដែរ ទើបការដឹកជញ្ជូន ត្រូវពន្យារពេលបែបនេះ។

 
មកទល់ពេលនេះ ប្រជាជនតៃវ៉ាន់ត្រឹមតែ ៣ភាគរយ នៃប្រជាជនសរុប ២៣,៥លាននាក់ ប៉ុណ្ណោះ ដែលទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ យ៉ាងហោចណាស់មួយដូស។ ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ រដ្ឋាភិបាលក្រុងតៃប៉ិ បានបញ្ជាទិញវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ជាច្រើនលានដូស ប៉ុន្តែមិនទាន់ដឹកមកដល់។
 
ថ្លែងប្រាប់ស្ថានីយវិទ្យុតៃវ៉ាន់ លោកស្រីប្រធានាធិបតី Tsai Ing-wen បានអះអាងថា តៃវ៉ាន់ បានបញ្ជាទិញវ៉ាក់សាំងរបស់ AstraZeneca ចំនួន ១០លានដូស ដែលផលិតនៅក្នុងប្រទេសថៃ ប៉ុន្តែបញ្ហានៅត្រង់ថា វ៉ាក់សាំង ដែលគួរតែមកដល់ខែមិថុនា បែរជាអត់ទៅវិញ។ បើតាមលោកស្រី Tsai ការយឺតយ៉ាវការដឹកជញ្ជូននេះ ដោយសារតែថៃកំពុងផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ដែរ។ ហេតុនេះហើយ ទើបធ្វើឱ្យថៃផ្តោតអទិភាពនៅក្នុងស្រុក និងធ្វើឱ្យការដឹកជញ្ជូនមានភាពយឺត។ 
 
«ពេលនេះ ស្ថានភាពកូវីដ-១៩ នៅថៃ កំពុងតែធ្ងន់ធ្ងរ ហើយពួកគេផ្តល់អាទិភាពវ៉ាក់សាំង ដើម្បីប្រើប្រាស់នៅថៃ»។ លោកស្រី Tsai បានសង្កត់ធ្ងន់បែបនេះ។ 
 
ចំណែកក្រុមហ៊ុន AstraZeneca មិនទាន់បានឆ្លើយតបនឹងបញ្ហានេះឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
កន្លងមក រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់ លោក Chen Shih-chung បានថ្លែងប្រាប់សមាជិកសភាថា វ៉ាក់សាំង ដែលបញ្ជាទិញពីក្រុមហ៊ុន AstraZeneca នឹងត្រូវពន្យារពេលដឹកជញ្ជូនរយៈពេល មួយខែ ដោយសារតែបញ្ហាផលិតកម្មនៅក្នុងប្រទេសថៃ។ 
 
នៅសប្តាហ៍មុន ជប៉ុនបានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន១,២៤ លានដូស ខណៈអាមេរិក សន្យាផ្តល់វ៉ាក់សាំង ៧៥ម៉ឺនដូស។ ប៉ុន្តែការផ្តល់វ៉ាក់សាំងពីសំណាក់ជប៉ុន បានរងការជំទាស់ពីចិន ដោយក្រុងប៉េកាំងបានចាត់ទុកការផ្តល់វ៉ាក់សាំងនោះ ជាកាយវិការនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្លួន។ 
 
ស្របគ្នានេះ ចិនក៏ធ្លាប់ដាក់សំណើផ្តល់វ៉ាក់សាំងទៅតៃវ៉ាន់ផងដែរ ប៉ុន្តែរដ្ឋាភិបាលដែនកោះមួយនេះ បដិសេធមិនទទួល ព្រោះខ្លួនមានគោលនយោបាយប្រឆាំងការនាំចូលវ៉ាក់សាំងចិន។ 
 
តៃវ៉ាន់មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៥០០ករណី និងអ្នកស្លាប់មានចំនួន ៣៨៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១ម៉ឺននាក់។ 
 
ស្របគ្នានេះ ករណីឆ្លងកូវីដ-១៩ នៅថៃ ក៏កំពុងផ្ទុះឡើងយ៉ាងខ្លាំងដែរ ដោយមួយថ្ងៃមានជាច្រើនពាន់ករណី។ តាមការសិក្សាមួយរបស់នាយកដ្ឋានវិទ្យាសាស្រ្តសុខាភិបាល ថៃបានរកឃើញថា ៨៨ភាគរយនៃករណីឆ្លង ជវីរុសបំប្លែងខ្លួនអាល់ហ្វា ដែលរកឃើញដំបូងនៅអង់គ្លេស។ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ថៃមានករណីឆ្លងសរុបជិត ១៩ម៉ឺនករណី និងអ្នកស្លាប់មាន ១៤០២នាក់៕ 
 

Tag:
 ថៃ
  តៃវ៉ាន់
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com