ជាតិ
ឃ្លានបាយ! ត្រួយ ស្លឹក ផ្លែ ដែលបន្ថែមរសជូរឆ្ងាញ់ក្នុងអាហារខ្មែរ!
12, Jun 2021 , 6:24 pm        
រូបភាព
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ ស្វាយ សណ្ដាន់ ម្កាក់ ក្រូចឆ្មារ ថ្នឹង អម្ពិល  ក្រសាំង ពោន ល្ងៀង ជាប្រភេទម្ជូរ ដែលគេប្រើ ដើម្បីបន្ថែមរសជូរទៅក្នុងអាហារ។ ម្ជូរទាំង៩ប្រភេទនេះ  មានមួយចំនួនអាចប្រើបានទាំងផ្លែ ត្រួយ ស្លឹក និងផ្កា។



នៅកម្ពុជាមានបន្លែ និងផ្លែឈើច្រើនប្រភេទ។ ផ្លែឈើខ្លះ ត្រូវបានគេបរិភោគ និងច្នែធ្វើជាម្ជូរដាក់ទៅក្នុងអាហារ។ ស្វាយ សណ្ដាន់ ម្កាក់ ក្រូចឆ្មារ ថ្នឹង អម្ពិល ក្រសាំង ពោន ល្ងៀងត្រូវបានប្រជាពលរដ្ឋភាគច្រើន ប្រើជាម្ជូរ ដើម្បីផ្សំបង្កើនរសជូរនៅក្នុងសម្ល។ ម្ជូរទាំង៩ប្រភេទនេះ មួយចំនួនមានអ្នកស្គាល់ច្រើន ប៉ុន្តែខ្លះទៀតមិនសូវមានអ្នកស្គាល់ទេ ព្រោះប្រភេទខ្លះ មានតែនៅតាមតំបន់ ក្នុងព្រៃ និងតាមភ្នំតែប៉ុណ្ណោះ។ 
 
ស្វាយ៖ ជាឈើដំណាំដើមធំ ផ្លែនៅខ្ចី ឬចាស់ច្រើនតែជូរ លុះដល់ទុំច្រើនតែផ្អែម។ ស្វាយមានច្រើនប្រភេទដូចជា ស្វាយកែវ ស្វាយក្បាលដំរី ស្វាយខ្ទិះ ស្វាយចេក ស្វាយទុរេន ស្វាយពងត្រង ស្វាយពុំសែន ស្វាយមាស ស្វាយមីង ស្វាយសជាដើម។ ស្វាយខ្ចី ឬស្ទើរចាស់ ភាគច្រើនមានរសជូរ ជាហេតុធ្វើឱ្យ ពលរដ្ឋខ្មែរមួយចំនួនធំ យកមកជំនួសម្ជូរផ្សេងប្រើក្នុងសម្ល។
សម្លដែលគេអាចយកស្វាយធ្វើជាម្ជូរបានរួមមាន ស្ងោរជ្រក់ ខប្រៃត្រី ស្លម្ជូរ និងធ្វើជាទឹកត្រីម្ជូរស្វាយជាដើម។ ការនិយមយកស្វាយទៅជំនួសប្រភេទម្ជូរផ្សេងក្នុងសម្លខ្មែរ អាចអាស្រ័យតាមតំបន់ ឬចំណូលចិត្តរបស់ពលរដ្ឋតាមខេត្តនីមួយៗ។



សណ្ដាន់៖ ជាឈើរនាមមួយប្រភេទ ស្លឹកនិងផ្លែមានរសជូរ សម្រាប់ប្រើធ្វើជាម្ជូរស្ល។ ផ្លែស្រស់គេអាចទៅស្លភ្លាមៗក៏បាន ឬអាចយកដុតធ្វើជាម្ជូរដាក់ជាមួយទឹកត្រី ឬទឹកប្រហុក ដើម្បីផ្ទាប់ជាមួយត្រីអាំង ឬសាច់អាំង។ ក្រៅពីនេះ គេអាចយកផ្លែរបស់វា ទៅឆាកជាចំណិតតូចៗរួចយកទៅហាលឱ្យក្រៀមទុកបានរាប់ឆ្នាំ។
 
ផ្លែសណ្ដាន់មានពណ៌បៃតងផ្នែកខាងក្រៅ។ សាច់ខាងក្នុងពណ៌ស និងសម្បូរដោយគ្រាប់។ សណ្ដាន់នឹងប្រែទៅជា ពណ៌ឈាមជ្រូកនៅពេលហាលក្រៀម។ ចាស់ៗជំនាន់មុន តែងនិយមយកស្លឹករបស់វាទៅស្លម្ជូរក្បាលត្រី ជាងសម្លស្លផ្សេងៗទៀត។ តាមចំណាំស្លឹកសណ្ដាន់ មានរសជូរឆ្ងាញ់ មិនស្កាតដូចស្លឹកម្កាក់ ទេ។ គេអាចបេះស្លឹកសណ្ដាន់ពីដើម ហើយយកទៅលាងទឹក រួចយកទៅហ័ន ហើយបង់ចូលសម្លតែម្ដង។ សណ្ដាន់ក្រៀម និងស្លឹក គេអាចយកទៅស្លជាម្ជូរសាច់គោ ម្ជូរក្បាលត្រី ម្ជូរត្រកួន ម្ជូរព្រលឹត ម្ជូរគ្រឿង ខប្រៃត្រី និងបង្កងស្ងោរជ្រក់ម្ជូរសណ្ដាន់ក្រៀម ជាដើម។
  


ម្កាក់៖ ឈ្មោះឈើមួយប្រភេទមានដើមធំ ស្លឹកខ្ចី និងផ្លែមានរសជូរ។ ម្កាក់មានពីរប្រភេទគឺ ម្កាក់ព្រៃ និងម្កាក់ស្រុក។ ស្លឹកខ្ចី និងផ្លែគេអាចប្រើជាអន្លក់ ឬស្លម្ជូរបាន។ តាមការសម្គាល់ ម្កាក់ព្រៃមានរសជូរជាងម្កាស់ស្រុក។ គេអាចយកស្លឹកម្កាក់ទៅស្លម្ជូរកូនត្រី ម្ជូរក្បាលត្រី ម្ជូរដើមចេក  និងសម្លច្រើនមុខទៅតាមចំណូលចិត្ត។ អ្នកស្រុកខ្លះ គេយកស្លឹកម្កាក់ហ័ន ហើយបុកឱ្យហ្មត់សិន ទើបបង់ចូលសម្ល គេធ្វើបែបនេះ កដើម្បីកាត់បន្ថយស្កាតចេញពីស្លឹកម្កាក់។
 
ថ្នឹង៖ ជាវល្លិមួយប្រភេទ ស្លឹក ផ្កា ផ្លែមានរសជូរ សម្រាប់ប្រើជាម្ជូរស្ល។ អ្នករស់នៅតំបន់ដែលមានព្រៃ និងក្នុងព្រៃភ្នំច្រើនសម្បូរម្ជូរប្រភេទនេះ។ ចំណែកឯ នៅតំបន់មួយចំនួននៅកម្ពុជាគ្មាន និងស្គាល់ស្លឹកថ្នឹងទេ។ គេអាចយកទៅស្លម្ជូរគ្រឿងសាច់គោ សាច់ទា សាច់ជ្រូកជាដើម។
 
 អម្ពិល៖ ជាប្រភេទឈើមួយប្រភេទមានដើមធំៗ។ អម្ពិលមានជូរ និងផ្អែម និងមានច្រើនឈ្មោះច្រើនខុសៗគ្នា។ ម្ជូរប្រភេទនេះ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាស្គាល់ នៅតាមទីផ្សារមានលក់ហូរហែ មិនដែលដាច់ឡើយ។ ស្លម្ជូរស្លឹកអម្ពិលកូនត្រី ម្ជូរត្រកួន ម្ជូរននោង ទាំងត្រួយ ផ្លែចាស់ ខ្ចី ទុំ រួមទាំងផ្កាសុទ្ធសឹងអាចប្រើបានទាំងអស់។


 
ក្រសាំង៖ ក្រសាំង ជាឈើមួយប្រភេទ មានផ្លែប្រើជាម្ជូរបាន ស្លឹកល្អិត ផ្កាធ្វើជាអន្លក់ទឹកគ្រឿង ឬ ជាបន្លែសម្លកកូរ។ គេយកទៅចិញ្ចាំ្រជាមួយប្រហុកធ្វើជាប្រហុកខ្ទិះ ប្រហុកឆៅ ខ្ចប់ជាមួយប្រហុកយកទៅដុតក៏មាន។ ដាក់ជាមួយទឹកត្រី ទឹកអំបិល ទឹកប្រហុក បុកត្រី បុកក្ដាម ឬបុកក្រសាំងលាយអំបិល និងដាក់ស្ករបន្តិច ក៏បាន អាហាររៀបរាប់ខាងលើនេះ ភាគច្រើនកសិករ និងពលរដ្ឋរស់នៅស្រុកស្រែចម្ការនិយម និងឧស្សាហ៍ធ្វើទទួលទានណាស់។ ចំណែកឯ សម្លទឹកវិញអាចយកទៅ ស្លរម្ជូរគ្រឿងសាច់គោ សាច់ជ្រូក សាច់មាន់ សាច់ត្រី និងសម្លម្ជូរបានស្ទើរគ្រប់ប្រភេទ រួមទាំងស្ងោរជ្រកផងដែរ។
 
 ពោន៖ ឈ្មោះឈើមួយប្រភេទពួកម្កាក់ ផ្លែសណ្ឋានស្រដៀងនឹងម្កាក់ដែរ តែស្លឹកធំៗជាង។ ផ្លែពោន មិនសូវមានអ្នកស្គាល់ទេ ភាគច្រើនពលរដ្ឋដែលរស់នៅភូមិភាគឦសាន ឬអ្នករស់នៅក្នុងតំបន់ព្រៃភ្នំ ទើបស្គាល់ម្ជូរប្រភេទនេះ។ ផ្លែខ្ចីមានសម្បកមានពណ៌បៃតង តែនៅពេលទុំពណ៌ប្រែជាទៅជាលឿងបន្តិច។ លើសពីនេះ គ្រាប់ខាងក្នុងមានពណ៌ស ប្រហាក់ប្រហែលទៅនឹងគ្រាប់Walnut។ នៅខ្ចី និងចាស់អាចយកបរិភោគ ជាមួយអំបិលម្ទេសបានដូចម្ជូរស្វាយ និងម្ជូរអម្ពិលដែរ។ ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋរស់នៅភាគឦសាន និយមយកទៅធ្វើជាម្ជូរ សម្រាប់សម្លស្ងោរជ្រក់ ស្លម្ជូរព្រៃ និងសម្លផ្សេងទៀត។
 



ក្រូចឆ្មារ៖ ជាប្រភេទម្ជូរដែលពេញនិយម នឹងច្នែជាមួយម្ហូបបានបានច្រើន។ គេអាចយកទៅស្ងោរជ្រក់ ញាំ ភ្លា និងដាក់បន្ថែមរស់ជូរ ក្នុងបបរគ្រឿង មី នំបញ្ចុក គុយទាវជាដើម។ បើប្រៀបធៀប ក្នុងចំណោមម្ជូរទាំង៨ប្រភេទខាងលើ ក្រូចឆ្មារជាម្ជូរដែលគេនិយមប្រើជាងគេ។
 
ល្ងៀង៖ ជាឈើព្រៃមួយប្រភេទ ច្រើនដុះក្នុងទីមានដីខ្សាច់, ត្រួយនិងផ្កាប្រើជាបន្លែស្លម្ជូរ, ជាអន្លក់ឬញាំក៏បាន។ នៅតំបន់ខ្លះ គេប្រើស្លឹកល្ងៀង សម្រាប់ស្លម្ជូរ ដូចជា សម្លម្ជូរល្ងៀងត្រីឆ្អើរជាដើម៕




 

Tag:
 ម្ជូរ
© រក្សាសិទ្ធិដោយ thmeythmey.com