ជាតិ
នៅបន្ទាយមានជ័យ ពលរដ្ឋខ្មែរ៤៥នាក់ព្យាយាមឆ្លងដែនទៅថៃ ខណៈ៤៤នាក់ផ្សេងទៀតត្រូវថៃបញ្ជូនមកវិញតាមច្រកបាត់ដំបង
12, Jun 2021 , 8:59 pm        
រូបភាព
ពលករខ្មែរបម្រុងឆ្លងដែនខុសច្បាប់ទៅថៃ ត្រូវអាជ្ញាធរកម្ពុជាឃាត់ខ្លួន។ (រូបពី៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ)
ពលករខ្មែរបម្រុងឆ្លងដែនខុសច្បាប់ទៅថៃ ត្រូវអាជ្ញាធរកម្ពុជាឃាត់ខ្លួន។ (រូបពី៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ)
ពលករខ្មែរ៤៥នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅធ្វើការថៃ តាមច្រកព្រំដែនខេត្តបន្ទាយមានជ័យត្រូវអាជ្ញាធរកម្ពុជាបានឃាត់ខ្លួន។ ជាមួយគ្នាដែរ ពលករខ្មែរឆ្លងដែលខុសច្បាប់៤៤នាក់ទៀត ក៏ត្រូវអាជ្ញាធរថៃឃាត់ខ្លួន ហើយបញ្ជូនឲ្យអាជ្ញាធរខ្មែរតាមច្រកព្រំដែនខេត្តបាត់ដំបង។


ពលករ៤៥នាក់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ឃាត់ខ្លួនកាលពីថ្ងៃទី១១មិថុនា ខណៈពួកគេបម្រុងលួចឆ្លងដែនទៅថៃ នៅតំបន់ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីឃាត់ខ្លួន កម្លាំងយោធាបានណែនាំ ពិសេសកុំបន្តចាក់បោកមេខ្យល់ ព្រោះឆ្លងខុសច្បាប់គ្មានសុវត្ថិភាព។ 
 
ពលរដ្ឋទាំង៤៥នាក់នោះ ត្រូវបានអាជ្ញាធរបញ្ជូនទៅធ្វើចត្តាឡីស័កនៅទីរួមខេត្តបន្ទាប់មានជ័យ១៤ថ្ងៃ។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការច្បាប់។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោលនៃកងយោធពលខេមរភូមិន្ទ។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយ នៅថ្ងៃជាមួយគ្នដែរ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរ៤៤នាក់ ដែលឆ្លងដែនខុសច្បាប់ឲ្យអាជ្ញាធរកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបង។ 
 
គិតចាប់ខែធ្នូ ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១នេះ ពលករខ្មែរជាង៣.៦ម៉ឺននាក់ហើយបានត្រឡប់មកថ្ងៃ។ ចំពោះ ពលករឆ្លងខ្មែរឆ្លងដែនខុសច្បាប់ ដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនខ្លួនអាជ្ញាធរកម្ពុជាវិញមានជាង៣ពាន់នាក់៕ 
 

Tag:
 ពលករ
  ឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com