អន្តរជាតិ
លោក ណេតាន់យ៉ាហ៊ូ របូតតំណែងនាយករដ្ឋមន្រ្តី ក្រោយដឹកនាំអ៊ីស្រាអែល១២ឆ្នាំ
14, Jun 2021 , 11:33 am        
រូបភាព
សភាអ៊ីស្រាអែល បានអនុម័តរដ្ឋាភិបាលអ៊ីស្រាអែលចម្រុះថ្មីដែលដឹកនាំដោយក្រុមប្រឆាំង  ដែលនេះជាការបញ្ចប់ការដឹកនាំ១២ឆ្នាំរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ។ ការបង្កើតរដ្ឋាភិបាលថ្មីនេះ ធ្វើឡើងបន្ទាប់អ៊ីស្រាអែលជាប់គាំងវិបត្តិនយោបាយរហូតដល់ទៅពីរឆ្នាំ។ 

 
 
ក្នុងរយៈពេលពីរឆ្នាំមកនេះ អ៊ីស្រាអែល បានរៀបចំការបោះឆ្នោតដល់ទៅ ៤លើក ដោយសារតែបក្សនយោបាយនានាមិនមានកៅអីគ្រប់គ្រាន់នៅក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាល។ ប៉ុន្តែថ្មីៗនេះ បក្សនយោបាយដែលមាននិន្នាការជំទាស់រដ្ឋាភិបាលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រមែប្រមូលសំឡេងក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ 
 
សភាអ៊ីស្រាអែល នៅថ្ងៃទី១៣ ខែមិថុនា បានអនុម័តលើរដ្ឋាភិបាលចម្រុះថ្មីមួយ ក្នុងសំឡេងគាំទ្រយ៉ាងប្រផិតប្រផើយ។ សភាអ៊ីស្រាអែលបានបោះឆ្នោតដោយសំឡេងគាំទ្រ៦០ និង៥៩ប្រឆាំងលើសមាសភាពរដ្ឋាភិបាលថ្មី។ វាក៏បញ្ចប់វិបត្តិនយោបាយក្នុងប្រទេស ដែលគ្មានច្រកចេញរយៈពេល ២ឆ្នាំកន្លងមកនេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
 
បន្ទាប់ពីការបោះឆ្នោតរបស់សភា លោក Naftali Bennett ដែលធ្លាប់ជាសម្ពន្ធមិត្តជាមួយលោក ណេតាន់យ៉ាហ៊ូ ក្លាយជានាយករដ្ឋមន្រ្តីអ៊ីស្រាអែលថ្មី។ លោក Bennett ជាមេដឹកនាំបក្ស Yamina ដែលមានកៅអីត្រឹមតែ៧ប៉ុណ្ណោះនៅក្នុងសភា។ 
 
បើទោះត្រូវរបូតតំណែងជានាយករដ្ឋមន្រ្តីក្តី លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងច្បាស់ថា លោកគ្មានបំណងចុះចេញពីនយោបាយឡើយ និងសន្យាផ្តួលរដ្ឋាភិបាលថ្មីនេះវិញ។ «ប្រសិនវាជាត្រូវបានកំណត់ឱ្យយើងក្លាយជាបក្សប្រឆាំង យើងនឹងធ្វើវារហូតដល់យកឈ្នះរដ្ឋាភិបាលដែលគ្រោះថ្នាក់ និងដឹកនាំប្រទេសវិញ»។ អតីតមេដឹកនាំអ៊ីស្រាអែលវ័យ ៧១ឆ្នាំ បានសង្កត់ធ្ងន់បែបនេះ។ 
 
ជ័យជម្នះរបស់លោក Bennett បានទទួលការអបអរសាទរយ៉ាងខ្លាំងពីអាមេរិក អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានអះអាងថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីធ្វើការជាមួយនាយករដ្ឋមន្រ្តីថ្មីអ៊ីស្រាអែល ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងពីរ។ ចំណែកអធិការបតីអាល្លឺម៉ង់ លោកស្រី អែនជែឡា មឺហ្គែល ក៏បានលើកឡើងមិនខុសពីប្រធានាធិបតីអាមេរិកប៉ុន្មានដែរ ដោយអាល្លឺមង់ បានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលចម្រុះថ្មី។ 
 
ចំណែកអាជ្ញាធរ ប៉ាឡេស្ទីនវិញ យល់ថា រដ្ឋាភិបាលថ្មីអ៊ីស្រាអែល ក៏មិនខុសពីរដ្ឋាភិបាលចាស់ដែល។ ពោលគឺអ្នកទាំងនោះ មិនអាចដោះស្រាយបញ្ហាប៉ាឡេស្ទីនបានឡើយ។ ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh គូសបញ្ជាក់ថា ការផ្លាស់ប្តូររដ្ឋាភិបាលថ្មី នៅតែបន្តបញ្ហាចាស់ដដែល ព្រោះនេះគ្រាន់តែជាកិច្ចការផ្ទៃក្នុងរបស់អ៊ីស្រាអែលប៉ុណ្ណោះ៕
 

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com