ជាតិ
សង្គមជាតិ
កុមារក្រីក្រជាង៥ពាន់នាក់នៅភ្នំពេញ នឹងទទួលបានសៀវភៅអង់គ្លេសសម្រាប់ស្វ័យសិក្សាក្នុងវិបត្តិកូវីដ-១៩
14, Jun 2021 , 5:59 pm        
រូបភាព
ដោយ:
 ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក (World Vision)នឹងចែកសៀវភៅភាសាអង់គ្លេសកម្រិតបឋមសិក្សា ចំនួន១៨០០ក្បាល ជូនដល់កុមារក្រីក្រនៅរាជធានីភ្នំពេញ ប្រមាណ៥៤០០នាក់ ដើម្បីសិក្សាក្នុងបរិបទកូវីដ-១៩។ 

 
អង្គការទស្សនៈពិភពលោក កាលពីពេលកន្លងទៅ បានទទួលអំណោយសៀវភៅ ភាសាអង់គ្លេសកម្រិតបឋមសិក្សា ចំនួន១៨០០ក្បាល ពីហាងលក់សៀវភៅ Monument Book Store។ 
 
លោក ព្រំ រិទ្ធី មន្ត្រីបច្ចេកទេសជាន់ខ្ពស់ផ្នែកអប់រំ និងអំណាននៃអង្គការទស្សនៈពិភពលោក បញ្ជាក់ថា សៀវភៅទាំងអស់នេះ នឹងត្រូវចែកជូនទៅកុមារប្រមាណ៥៤០០នាក់ ដែលកំពុងរស់នៅ ក្នុងសហគមន៍ក្រីក្រចំនួន ១០ ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
 
សម្រាប់ លោក ព្រំ រិទ្ធី លោក ព្រំ រិទ្ធី សៀវភៅទាំងនោះនឹងអាចជួយឲ្យកុមារដែលខ្វះលទ្ធភាពរៀនតាមអនឡាញ ក្នុងបរិបទកូវីដ-១៩ អាចបន្តរៀននៅតាមផ្ទះជាមួយឪពុកម្តាយរបស់ពួកគេ។   
 
មន្ត្រីបច្ចេកទេសជាន់ខ្ពស់ផ្នែកអប់រំ និងអំណាននៃអង្គការទស្សនៈពិភពលោករូបនេះ បានសង្កេតឃើញថា ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឬស្សីកែវ គឺមានកុមារដែលខ្វះលទ្ធភាពរៀនច្រើនជាងគេ ក្នុងចំណោមកុមារក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ លោក ព្រំ រិទ្ធី បានរៀបរាប់ដូច្នេះថា៖«យើងបានពិភាក្សាជាមួយក្រុមការងារយើងដែរ។ យើងមើលតំបន់ណាដែលកំពុងតែខ្វះខាតសម្ភារសិក្សាខ្លាំង។ ហើយយើងចង់ទៅចែកនៅតំបន់ហ្នឹងសិន»។ 



បើតាម លោក ព្រំ រិទ្ធី ខាងអង្គការទស្សនៈពិភពលោកនឹងចុះចែកសៀវភៅទាំងនោះដល់កុមារនៅចន្លោះខែមិថុនា និងខែកក្កដា ឆ្នាំ២០២១។ 
 
លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុន Monument Book Store បានបញ្ជាក់ថា ការផ្តល់ជាសៀវភៅដល់អង្គការទស្សនៈពិភពលោកនេះ គឺជាមធ្យោបាយដើម្បីជួយគាំទ្រដល់ការសិក្សារបស់កុមារក្នុងវិបត្តិកូវីដ-១៩។ លោក ម៉េង ហៀង បានបន្ថែមយ៉ាងដូច្នេះ៖«ការផ្តល់ជាសម្ភារសិក្សា ឬសៀវភៅរឿងផ្សេងៗ ពិតជាមាសារសំខាន់សម្រាប់កុមារក្នុងការបន្តការអាន ដើម្បីទទួលបានចំណេះដឹងបន្តទៀត។ ក៏អាចជាកត្តាជំរុញឲ្យឪពុកម្តាយកាន់តែសកម្មក្នុងការគំាទ្រ ការសិក្សារបស់កុមារនៅផ្ទះផងដែរ»។  
 
របាយការណ៍របស់អង្គការទស្សនៈពិភពលោកបានបង្ហាញថា ក្នុងខែមីនា ដល់ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ មានកុមារ៧៣ភាគរយ ដែលកំពុងប្រើប្រាស់សៀវភៅពុម្ព និងក្រដាសកិច្ចការពីសាលា សម្រាប់សិក្សា។  កុមារ៣០ភាគរយ ដែលមិនមានលទ្ធភាពបន្តការសិក្សាតាមអនឡាញ។ កុមារ៣៦ភាគរយដែលខ្វះខាតសម្ភារសិក្សា។ កុមារខ្វះអ៊ីនធឺណិតសម្រាប់សិក្សាមានចំនួន៥៩ភាគរយ និងកុមារ៣៩ភាគរយគ្មានឧបករណ៍អេឡិចត្រូនិក៕ 
 
 

Tag:
 កុមារ
 សិក្សា
 សៀវភៅ
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com