ជាតិ
សង្គមជាតិ
ក្រសួងអប់រំ រើសគ្រូ៤០នាក់ឱ្យចូលរៀនពីការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យា លោក ហង់ជួន ណារ៉ុន កំពុងថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ឆ្នាំង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសគ្រូថ្នាក់មធ្យមសិក្សាចំនួន៤០រូប ឱ្យចូលរួមវគ្គបណ្តុះបណ្តាលតាមអនឡាញ ស្តីពី«ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការបង្រៀន និងរៀនពីចម្ងាយ»។ កម្មវិធីនេះ រៀបចំឡើងដោយក្រសួងអប់រំ សហការជាមួយមន្ទីរអប់រំ នៃទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។
ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនេះបាន សិក្ខាកាមត្រូវតែតែជាគ្រូបង្រៀនគ្រប់ឯកទេស ដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងអាចស្តាប់ សរសេរ និងនិយាយភាសាអង់គ្លេសបាន។ សិក្ខាកាម ក៏ត្រូវមានចំណូលចិត្តប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់បង្រៀន ហើយក៏ធ្លាប់ធ្វើការពាក់ព័ន្ធនឹងកុំព្យូទ័រ ឬសម្ភារបច្ចេកវិទ្យាឌីជីថល និងមានសម្ភារបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្រៀនពីចម្ងាយ។ លើសពីនេះ ក្រោយចូលរួមវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំង៤០នាក់ គឺត្រូវចែករំលែកចំណេះដឹងដែលខ្លួនបានរៀននេះ បន្តទៅមិត្តរួមការងារ និងយកទៅបង្រៀនសិស្សប្រកបដោយប្រសិទ្ធភាព។
ក្រសួងអប់រំ ក៏បានបញ្ជាក់ដែរថា បេក្ខជនដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងមានឱកាសចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សានៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ រយៈពេលមួយសប្តាហ៍ ព្រមទាំងទទួលបានកញ្ចប់ K-Edu ដោយទទួលបាន Tablet PC,Wireless Keyboard និង Earbud។
តាមក្រសួងអប់រំ សិក្ខាកាម អាចបំពេញពាក្យចូលរួមវគ្គបណ្តុះបណ្តាលនេះ តាមរយៈតំណនេះ http://bit.ly/BusanTr2021 រួចផ្ញើទៅកាន់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន តាមរយៈអ៊ីម៉ែល
.kh ដោយសរសេរចំណងជើងលើ Subject: Busan Online Training 2021។ កាលបរិច្ឆេទឈប់ទទួលពាក្យ ត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១៕
Tag:
ព័ត៌មានវិទ្យា
បច្ចេកវិទ្យា
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com