ជាតិ
នយោបាយជាតិ
លោក ប្រាជ្ញ ច័ន្ទ និងលោក ការ លាន ជាបេក្ខជនប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក លោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា
× ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តលើបេក្ខជន២រូប ដែលបានដាក់ពាក្យឈរឈ្មោះជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជំនួសលោក ស៊ិក ប៊ុនហុក ហើយនៅព្រឹកថ្ងៃទី១៥ មិថុនានេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា បេក្ខជនទាំងពីររូប ដែលត្រូវបានអនុម័តនេះ មានលោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា និងលោក ការ លាន ជាមន្ត្រីជាន់ខ្ពស់ និងធ្លាប់ជាអភិបាលរងខេត្តព្រះវិហារ។
បើតាមលោក ឡេង ប៉េងឡុង ក្រោយពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអនុម័តលើបេក្ខជនទាំងពីររូបនេះហើយ រដ្ឋសភានឹងបញ្ជូនទៅគណបក្សប្រជាជនកម្ពុជាពិនិត្យ និងសម្រេច មុននឹងបញ្ជូនមករដ្ឋសភាវិញ ដើម្បីដាក់ចូលកិច្ចប្រជុំពេញអង្គអនុម័តជាផ្លូវការ។
«បើគណបក្សប្រជាជនសម្រេចហើយ គឺត្រូវផ្ញើឈ្មោះមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យ ហើយនឹងដាក់បេក្ខជននោះ ទៅកិច្ចប្រជុំសម័យពេញអង្គ»។ នេះបើតាមលោក ឡេង ប៉េងឡុង ដែលបានបញ្ជាក់ថា គណបក្សប្រជាជនមានពេលវេលា៣ថ្ងៃ ដើម្បីពិនិត្យនិងសម្រេច។
កាលពីថ្ងៃទី៤ មិថុនា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តយល់ព្រមលើសំណើរលាឈប់ពីតួនាទីនិងតំណែងប្រធាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ ស៊ិក ប៊ុនហុក។លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់សារព័ត៌មានថ្មីៗ ថា ការសុំលាលែងរបស់លោក ស៊ិក ប៊ុកហុក បច្ចុប្បន្នអាយុ៧៥ឆ្នាំ ក្រោមហេតុផលសុខភាពមិនទៀងទាត់ និងចាស់ទ្រុឌទ្រោម។
កាលពីខែមេសា ឆ្នាំ២០១៥ លោក ស៊ិក ប៊ុនហុក បានកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្តពីលោក អ៊ឹម សួស្តី ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ២០០២ មក៕
Tag:
ស៊ិក ប៊ុនហុក
គជប
© រក្សាសិទ្ធិដោយ thmeythmey.com