អន្តរជាតិ
អង់គ្លេស និងអូស្ត្រាលីសម្រេចកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរី
15, Jun 2021 , 10:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន (ខាងស្តាំ) និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោកScott Morrison។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន (ខាងស្តាំ) និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោកScott Morrison។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន នៅថ្ងៃទី១៤ ខែមិថុនា បានឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ស្របពេលអង់គ្លេស កំពុងស្វះស្វែងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនឱ្យកាន់តែធំជាងមុនក្រោយចាកចេញពីសហភាពអឺរ៉ុប។ យ៉ាងណាមិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនេះ បានធ្វើឱ្យកសិករនៅក្នុងប្រទេសទាំងពីរមានការព្រួយបារម្ភ។

 
និវេសនដ្ឋាននាយករដ្ឋមន្រ្តីអង់គ្លេស 10 Downing Street បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន និងសមភាគីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន បានបញ្ចប់ចំណុចសំខាន់ៗ ដែលមានចែងក្នុងកិច្ចព្រមព្រៀងហើយ ក្នុងអំឡុងពេលអាហារពេលល្ងាច នៅយប់ថ្ងៃទី១៤ ខែមិថុនា។ 
 
បើតាមរដ្ឋាភិបាលអង់គ្លេស កិច្ចព្រមព្រៀងជាគោលការណ៍លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម នឹងត្រូវប្រកាសបន្តបន្ទាប់ទោត។ បើសិនបើកិច្ចព្រមព្រៀងនេះ ចូលជាធរមាន វានឹងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងរបស់អង់គ្លេស បន្ទាប់ពីដើរចេញពីសហភាពអឺរ៉ុប។ 
 
បន្ទាប់ពីឯកភាពលើកិច្ចព្រមព្រៀងនេះ នាយករដ្ឋមន្រ្តីអង់គ្លេស លោកច នសុន បានលើកឡើងថា ពាណិជ្ជកម្មសេរីរវាងអង់គ្លេស និងអូស្រ្តាលី នឹងបើកឱកាសកាន់តែធំសម្រាប់អ្នកធុរកិច្ច និងអ្នកប្រើប្រាស់របស់អង់គ្លេស។ 
 
យ៉ាងណាមិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មអង់គ្លេស និងអូស្រ្តាលី បានធ្វើឱ្យកសិករក្នុងប្រទេសទាំងពីរមានព្រួយបារម្ភជាខ្លាំង បើទោះរដ្ឋាភិបាលបានបង្ហាញពីកាយវិការវិជ្ជមានក្តី។ កសិករនៅក្នុងប្រទេសអូស្រ្តាលី បានព្រួយបារម្ភថា កិច្ចព្រមព្រៀងសេរី នឹងធ្វើឱ្យការងារនៅអូស្រ្តាលីកាន់តែថយចុះ។ ចំណែកកសិករនៅអង់គ្លេសវិញយល់ថា វានឹងធ្វើឱ្យលំហូរសាច់គោ សាច់ចៀម និងស្ករអូស្រ្តាលី មានកាន់តែច្រើនក្នុងទីផ្សារអង់គ្លេស ហើយថែមទាំងអាចប៉ះពាល់ដល់កសិកម្មអង់គ្លេសទៀត ព្រោះវាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ 
 
អូស្រ្តាលី គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី ២០របស់អង់គ្លេស។ នៅក្នុងឆ្នាំ២០២០ កន្លងមក ពាណិជ្ជកម្មជាមួយអូស្រ្តាលី អង់គ្លេសមានចំនួន ១,២ ភាគរយ នៃទំហំពាណិជ្ជកម្មសរុប។ 
 
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខាងលើនេះ ត្រូវបានរំពឹងថា នឹងជួយពង្រីកទំហំសេដ្ឋកិច្ចអង់គ្លេសបានចំនួន ០,០២ភាគរយ ក្នុងរយៈពេល ១៥ឆ្នាំ។ បន្ថែមពីនេះ វាក៏ជួយបង្កើនការងារនៅអង់គ្លេសបានចំនួន ៣,៥លានកន្លែងថែមទៀត៕
 

Tag:
 អង់គ្លេស
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com