អន្តរជាតិ
ជួបគ្នាលើកដំបូង ប្រធានាធិបតីអាមេរិក និងរុស្ស៊ី ជជែកគ្នាលើបញ្ហាអ្វីខ្លះ?
17, Jun 2021 , 11:59 am        
រូបភាព
ជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់រុស្ស៊ី និងអាមេរិក នៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស។ រូបភាព៖ ក្រសួងការបរទេសរុស្ស៊ី
ជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់រុស្ស៊ី និងអាមេរិក នៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស។ រូបភាព៖ ក្រសួងការបរទេសរុស្ស៊ី
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបគ្នាទល់មុខលើកដំបូងនៅថ្ងៃទី១៦ ខែមិថុនា។ មេដឹកនាំ បានសាទរជំនួបនៅក្រុងហ្សឺណែវថា ប្រកបដោយភាពវិជ្ជមាន បើទោះមានភាពរកាំរកូសលើប្រធានបទមួយចំនួនក្តី។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពរក្សាកិច្ចពិភាក្សាទ្វេភាគីលើ «ស្ថិរភាពយុទ្ធសាស្រ្ត» ផងដែរ ដែលទាក់ទិនជម្លោះ និងអាវុធនុយក្លេអ៊ែរ។

 
ជំនួបថ្នាក់ដឹកនាំកំពូលអាមេរិក និងរុស្ស៊ី នៅវីឡា La Grange ក្នុងក្រុងហ្សឺណែវ បានប្រព្រឹត្តទៅជាង ៣ម៉ោង ដើម្បីជជែកពីបញ្ហាសំខាន់ៗ។ បន្ទាប់ពីជំនួបបានបិទបញ្ចប់ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានធ្វើសន្និសីទសារព័ត៌មានរួមគ្នាឡើយ។ បើតាមមន្រ្តីអាមេរិក ការធ្វើសន្និសីទដាច់ដោយឡែកបែបនេះ គឺស្រួលក្នុងការចោទសួរសំណួរ និងឆ្លើយតបវិញ។ 
 
បន្ទាប់ពីបិទបញ្ចប់ជំនួបជួបផ្ទាល់ មេដឹកនាំជាន់ខ្ពស់ប្រទេសទាំងពីរ សុទ្ធតែចាត់ទុកកិច្ចពិភាក្សាមួយនេះ ប្រកបដោយវិជ្ជមាន។ លោក ពូទីន ប្រាប់អ្នកសារព័ត៌មានថា កិច្ចសន្ទនា គឺប្រកបដោយលក្ខណៈស្ថាបនា។ ជាមួយគ្នានេះ លោក ពូទីន បានបន្តថា អាមេរិក និងរុស្ស៊ី ក៏បានឯកភាពឱ្យមន្រ្តីទូត ដែលត្រូវបានបណ្តេញចេញ អាចចូលធ្វើការនៅស្ថានទូតប្រទេសនីមួយៗវិញផងដែរ ដើម្បីកែលម្អទំនាក់ទំនងប្រទេសទាំងពីរឡើយវិញ។ ចំណែកលោក បៃឌិន វិញ ក៏មិនខុសពីលោក ពូទីន ដែរ បានហៅជំនួបនេះថា មានលទ្ធផលល្អ។ 
 
បញ្ហានៅមជ្ឈិមបូព៌ា
 
ថ្លែងប្រាប់អ្នកសារព័ត៌មានពីក្រុងហ្សឺណែវ ប្រធានាធិបតីអាមេរិក បានលើកឡើងថា លោក និងពូទីន បានជជែកពីបញ្ហាមួយចំនួន ដែលភាគីទាំងពីរមានផលប្រយោជន៍រួមគ្នា ក្នុងនោះមានដូចជាបញ្ហានៅស៊ីរី។
 
«ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ មានការទទួលខុសត្រូវរួមគ្នា លើវេទិការពិភពលោក»។ ទីភ្នាក់ងារព័ត៌មានAFP បានស្រង់សម្តីរបស់លោកបៃឌិន បែបនេះ។ ក្នុងន័យនេះ លោកបៃឌិន បានអំពាវនាវឱ្យរុស្ស៊ីច្រកសម្រាប់ជំនួយមនុស្សធម៌នៅស៊ីរី ដើម្បីផ្តល់ស្បៀងអាហារ និងជំនួយផ្សេងទៀតផងដែរ សម្រាប់ប្រជាជន ដែលកំពុងតែរងគ្រោះ។ 
 
លើសពីនេះ លោក ពូទីន បានចោទសួរលោក បៃឌិន ថា តើមូលហេតុអ្វីបានជាអាមេរិក មិនគាំទ្ររដ្ឋាភិបាលស៊ីរី? ប្រធានាធិបតីអាមេរិក បានតបថា ដោយសាររដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមី។ 
 
លោក បៃឌិន និងលោក ពូទីន បានជជែកពីបញ្ហាអាហ្វហ្កានីស្ថាន និងអ៊ីរ៉ង់ ។ លោកបៃឌិន បានប្រាប់លោក ពូទីន ថា បញ្ហាសន្តិសុខ និងសន្តិភាពនៅទីនោះ គឺអាស្រ័យលើរុស្ស៊ី។ ជាការឆ្លើយតប មេដឹកនាំរុស្ស៊ីបាន ចង្អុលបង្ហាញថា រុស្ស៊ី នឹងត្រៀមជួយអាមេរិកលើបញ្ហានៅអាហ្វហ្កានីស្ថាន និងកម្មវិធីនុយក្លេអ៊ែរនៅអ៊ីរ៉ង់។ យ៉ាងណាមិញ មេដឹកនាំទាំងពីរ មិនបានបន្ថែមព័ត៌មានច្រើនទៀតឡើយ ពាំក់ព័ន្ធនឹងអាហ្វហ្កានីស្ថាន និងអ៊ីរ៉ង់។ 
 
បញ្ហាអាវុធនុយក្លេអ៊ែរ
 
ក្នុងជំនួបដ៏កម្រដដែលនោះ លោក បៃឌិន និងលោក ពូទីន បានឯកភាពរក្សាកិច្ចពិភាក្សាលើ «ស្ថិរភាពយុទ្ធសាស្រ្ត» ដែលទាក់ទិននឹងការកាត់បន្ថយគ្រោះថ្នាក់នៃជម្លោះ និងការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ។ 
 
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានពាក់ព័ន្ថនឹងអាវុធនុយក្លេអ៊ែរ លោក ពូទីន បានលើកឡើងថា រុស្ស៊ី និងអាមេរិក មានការទទួលខុសត្រូវលើស្ថិរភាពនុយក្លេអ៊ែរ និងអាចជជែកពីកែសម្រួលលើសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ក្នុងពេលឆាប់ៗ។ 
 
សម្រាប់លោក បៃឌិន គោលដៅរបស់អាមេរិក គឺសហការជាមួយរុស្ស៊ី ទាក់ទិននឹងការគ្រប់គ្រងអាវុធដ៏គ្រោះថ្នាក់ និងមានការធ្វើទំនើបកម្ម ដែលកំពុងគំរាមកំហែងពិភពលោក។ 
 
បញ្ហាសិទ្ធិមនុស្ស
 
ពីកិច្ចប្រជុំនៅវីឡា La Grange  មេដឹកនាំរុស្ស៊ី និងអាមេរិក ក៏បានជជែកពីបញ្ហាបញ្ហាសិទ្ធិមនុស្ស និងការចាប់ខ្លួនក្រុមអ្នកប្រឆាំងផងដែរ។ ពាក់ព័ន្ធនឹងប្រធានបទមួយនេះ លោក បៃឌិន បានជំរុញឱ្យរុស្ស៊ីគោរពសិទ្ធិមនុស្ស និង បង្ហាញការព្រួយបារម្ភលើការចាប់ខ្លួនអ្នកប្រឆាំង Alexey Navalny ។ លោក បៃឌិន ព្រមានពីផលវិបាកលើរុស្ស៊ី ប្រសិនបើ លោក Navalny  បាត់បង់ជីវិត។
 
ប៉ុន្តែនៅសន្និសីទដាច់ដោយឡែក លោក ពូទីន បានលើកឡើងថា លោក Navalny មិនគោរពច្បាប់រុស្ស៊ីទៅវិញទេ ហើយនេះគឺជាអ្វីដែលអ្នកប្រឆាំងរូបនោះ គួរតែទទួលបាន។ ថ្មីៗនេះ លោក Alexei Navalny អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៣ ឆ្នាំកន្លះ ចំពោះការបំពានលក្ខខណ្ឌនៅក្រៅឃុំ។ 
 
ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
 
ការវាយប្រហារតាមអ៊ីនធឺណិត ក៏ជាប្រធានបទដ៏ក្តៅមួយដែរ សម្រាប់អាមេរិក និងរុស្ស៊ី។ ក្នុងជំនួបនោះ លោក បៃឌិន និងលោក ពូទីន បានឯកភាព ឱ្យអ្នកជំនាញដាក់ចេញការយោគយល់គ្នាលើប្រភេទហេដ្ឋារចនាសម្ពន្ធសំខាន់ៗ ដែលគួរស្ថិតនៅក្រៅការវាយប្រហារតាមអ៊ីនធឺណិត។ មេដឹកនាំអាមេរិក បានបង្ហាញពីរចនាសម្ពន្ធសំខាន់ៗរបស់ខ្លួនចំនួន១៦ ដែលមិនគួរត្រូវវាយប្រហារតាមអ៊ីនធឺណិតមានចាប់ពីប្រព័ន្ធទូរគមនាគមន៍ សុខាភិបាល អាហារ និងថាមពលជាដើម។ 
 
ដោយឡែកលោក ពូទីន វិញ បានអះអាងថា រុស្ស៊ីឯកភាព ក្នុងការពិភាក្សាលើបញ្ហាវាយប្រហារតាមអ៊ីនធឺណិត។ បើតាមមេដឹកនាំរុស្ស៊ី កន្លងមក អាមេរិកបានស្នើឱ្យរុស្ស៊ីផ្តល់ព័ត៌មានទាក់ទិននឹងការវាយប្រហារនោះ ប៉ុន្តែថ្មីៗនេះ វាក៏មានការវាយប្រហារតាមអ៊ីនធឺណិតពីអាមេរិកមកដែរ តែអាមេរិកមិនទាន់ឆ្លើយតបនឹងរុស្ស៊ីវិញទេ បើទោះក្រុងមូស្គូស្នើសុំទិន្នន័យ។
 
សូមបញ្ជាក់ថា ក្រៅពីបញ្ហាខាងលើ ប្រធានាធិបតីអាមេរិក និងសមភាគីរុស្ស៊ី ក៏បានជជែកពីបញ្ហាបម្រែបម្រួលអាកាសធាតុ ការដោះលែងអ្នកទោស និងបញ្ហាមួយចំនួនទៀតផងដែរ៕ 
 

Tag:
 អាមេរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com