COVID-19
អន្តរជាតិ
សេវាចាក់វ៉ាក់សាំង Sinovac នៅសិង្ហបុរីមានតម្លៃពី៧ដុល្លារទៅជាង១៨ដុល្លារក្នុងមួយដូស
17, Jun 2021 , 8:29 pm        
រូបភាព
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមហ៊ុន Sinovac។ រូបភាព៖ AFP
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រុមហ៊ុន Sinovac។ រូបភាព៖ AFP
ស្ថាប័នសុខាភិបាលឯកជនចំនួន ២៤កន្លែង ត្រូវបានអាជ្ញាធរសិង្ហបុរីផ្តល់អាជ្ញាប័ណ្ណ ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនSinovac ដែលរដ្ឋាភិបាលសិង្ហបុរីស្តុកទុក។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃទី១៦ ខែមិថុនា។ ការចាក់វ៉ាក់សាំងមួយដូស មានតម្លៃចាប់ពី៧ដុល្លារ ដល់១៨ដុល្លារ។


តាមរយៈកម្មវិធីផ្តល់វ៉ាក់សាំងពិសេស (SAR) សម្រាប់វ៉ាក់សាំងដែលមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នៅសិង្ហបុរី គ្លីនិកឯកជន អាចមកទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលបាន ដើម្បីចាក់ឱ្យប្រជាជនសិង្ហបុរី អ្នករស់នៅសិង្ហបុរី និងប្រជាជនផ្សេងទៀត។ ប៉ុន្តែមន្ទីរពេទ្យឯកជនទាំងនោះ ត្រូវតែទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយមានភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន។ 
 
លក្ខខណ្ឌទាំងនោះមានដូចជា ការដាក់សំណុំឯកសារ ទាក់ទិននឹងការចាក់វ៉ាក់សាំង, តម្លៃនៃសេវាចាក់វ៉ាក់សាំង, បទពិសោធក្នុងការចាក់វ៉ាក់សាំង និងការគោរពច្បាប់នាពេលកន្លងមកជាដើម។ 
 
យ៉ាងណាមិញ ក្នុងការចាក់វ៉ាក់សាំងនេះ គ្លីនិកឯកជនទាំងនោះ មិនគិតថ្លៃវ៉ាក់សាំងឡើយ ប៉ុន្តែគិតថ្លៃសេវាចាក់វ៉ាក់សាំងក្នុងមួយដូស ការផ្តល់ប្រឹក្សា និងថ្លៃពន្ធជាដើម។ «ដោយវ៉ាក់សាំងបានផ្តល់ឱ្យមន្ទីរពេទ្យឯកជនដោយមិនគិតថ្លៃ ប្រជាជនគួរតែគត់សម្គាល់ថា មន្ទីរពេទ្យឯកជនទាំងនោះ មិនគិតថ្លៃវ៉ាក់សាំង»។ ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់បែបនេះ។ 
យ៉ាងណាមិញ ថ្លៃសេវាក្នុងការចាក់វ៉ាក់សាំងមួយដូស មានតម្លៃចាប់ពីជាង ៧ដុល្លារ ដល់ជាង ១៨ដុល្លារ។ វ៉ាក់សាំង ដែលផ្តល់ជូននោះទៀតសោត មានតែវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ប៉ុណ្ណោះ។ ក្នុងន័យនេះ ក្រសួងសុខាភិបាលសិង្ហបុរី បានអំពាវនាវឱ្យប្រជាជន ដែលមានបំណងចាក់វ៉ាក់សាំងក្រុមហ៊ុន Sinovac អាចទំនាក់ទំនងសួរព័ត៌មានទៅមន្ទីរពេទ្យឯកជនចាប់ពីថ្ងៃទី១៨ ខែមិថុនា។ 
 
មកទល់ពេលនេះ សិង្ហបុរី បានផ្តល់អាជ្ញាប័ណ្ណដល់គ្លីនិកឯកជនចំនួន ២៤ហើយ ដើម្បីផ្តល់វ៉ាក់សាំងឱ្យសាធារណជន។ ក្រសួងសុខាភិបាលសិង្ហបុរី ក៏បានបញ្ជាក់ផងដែរថា វ៉ាក់សាំងក្រុមហ៊ុន Sinovac មិនមែនជាផ្នែកកម្មវិធីចាក់វ៉ាក់សាំងជាតិឡើយ ហើយរាល់ផលប៉ះពាល់ធ្ងន់ធ្ងរពីវ៉ាក់សាំង ក៏មិនទទួលបានជំនួយហិរញ្ញវត្ថុ (VIFAP) ពីរដ្ឋាភិបាលផងដែរ។ 
 
ដោយផ្អែកតាមទិន្នន័យរបស់ Reuters COVID-19 Tracker សិង្ហបុរីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនខ្លួន បានចំនួន ៤,៦លានដូស។ តាមការប៉ាន់ប្រមាណ ប្រជាជនសិង្ហបុរីប្រមាណ ៤១,១ភាគរយ នៃប្រជាជនសរុបបានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 សិង្ហបុរី
  វ៉ាក់សាំង
  Sinovac
© រក្សាសិទ្ធិដោយ thmeythmey.com