អន្តរជាតិ
សេតវិមានអាមេរិក ពិចារណារៀបចំជំនួបរវាងលោក បៃឌិន និងលោក ស៊ី
18, Jun 2021 , 9:44 am        
រូបភាព
លោកចូ បៃឌិន កាលជាអនុប្រធានាធិបតីអាមេរិក ចាប់ដៃជាមួយលោកប្រធានាធិបតីចិន លោកស៊ី ជិងភីង នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឆ្នាំ២០១៣។ រូបភាព៖ AFP
លោកចូ បៃឌិន កាលជាអនុប្រធានាធិបតីអាមេរិក ចាប់ដៃជាមួយលោកប្រធានាធិបតីចិន លោកស៊ី ជិងភីង នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងឆ្នាំ២០១៣។ រូបភាព៖ AFP
សេតវិមាន នឹងពិចារណារៀបចំជំនួបរវាងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ជាមួយសមភាគីចិន លោក ស៊ី ជិនភីង ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់អាមេរិក នៅថ្ងៃទី១៧ ខែមិថុនា។ ប្រសិនបើជំនួបនេះកើតឡើងមែន មេដឹកនាំអាមេរិក អាចនឹងលើកយកបញ្ហាស៊ីនជាំង ហុងកុង តៃវ៉ាន់ និងពាណិជ្ជកម្មជាដើម ទៅជជែកជាមួយមេដឹកនាំចិន។

 
បន្ទាប់ពីជំនួបរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទទួលបានលទ្ធផលវិជ្ជមាន សេតវិមានអាមេរិក កំពុងពិចារណាលើជំនួបរវាងលោកបៃឌិន ជាមួយប្រធានាធិបតីចិន លោកស៊ី ជិនភីង បន្តទៀត។ ការពិចារណានេះ ធ្វើឡើងស្របពេលចិន និងអាមេរិក កំពុងមានភាពតានតឹងជាមួយគ្នាលើបញ្ហាជាច្រើន។ 
 
ថ្លែងប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធវីដេអូ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកឡើងថា ឆាប់ៗនេះ មន្រ្តីដែលពាក់ព័ន្ធ នឹងពិភាក្សាជាមួយគ្នា ដើម្បីរៀបចំឱ្យប្រធានាធិបតីទាំងពីររូប អាចជួបជាមួយគ្នាបាន។ 
 
«វាអាចជាជំនួបតាមទូរសព្ទ។ វាអាចជាជំនួប ក្នុងអំឡុងពេលកិច្ចប្រជុំអន្តរជាតិណាមួយ»។ លោក Sullivan បន្ថែមបែបនេះ។ បើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក មកទល់ពេលនេះ មិនទាន់មានសេចក្តីសម្រេចណាមួយទាក់ទិននឹងមេដឹកនាំខាងលើ ធ្វើឡើងនៅឡើយទេ។ 
 
នៅក្នុងខែតុលាខាងមុខ កិច្ចប្រជុំបណ្តាប្រទេសឧស្សាហកម្មទាំង២០ (G20) នឹងត្រូវរៀបចំដោយអ៊ីតាលី។ វេទិកាអន្តរជាតិមួយនេះ អាចជាក្លាយជាជំនួបរវាងប្រធានាធិបតិអាមេរិក ជាមួយសមភាគីចិន។ នៅក្នុងឆ្នាំ២០១៩ កន្លងមកង អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ក៏បានជួបជាមួយលោកស៊ី នៅក្នុងកិច្ចប្រជុំ G20 ដែរ ដែលកាលនោះ ត្រូវបានប្រារព្ធឡើងនៅទីក្រុងអូសាកា ប្រទេសជប៉ុន។ 
 
ប្រសិនជាជំនួបមេដឹកនាំកំពូលកើតឡើងមែន បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង លទ្ធិប្រជាធិបតេយ្យនៅហុងកុង ការដាក់សម្ពាធយោធាលើតៃវ៉ាន់ ការស៊ើបអង្កេតលើដើមកំណើតជំងឺកូវីដ-១៩ និងបញ្ហាពាណិជ្ជកម្មជាដើម អាចជាប្រធានបទដ៏ក្តៅរវាងលោកស៊ី និងលោក បៃឌិន ។ 
 
គួររំលឹកថា ចិន បានក្លាយជារបៀបវារៈដ៏សំខាន់មួយ បន្ទាប់ពីរុស្ស៊ី ដែលត្រូវបាន ក្រុមប្រទេសអ្នកមានទាំងប្រាំពីរ (G7), កិច្ចប្រជុំបក្សសម្ពន្ធយោធាណាតូ (NATO) និងកិច្ចប្រជុំអាមេរិក-សហភាពអឺរ៉ុប យកទៅពិភាក្សា។ សេចក្តីថ្លែងការណ៍កិច្ចប្រជុំទាំងនោះ ក៏បានបង្ហាញក្តីបារម្ភលើបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង, ហុងកុង តៃវ៉ាន់ និងបញ្ហាផ្សេងទៀតផងដែរ៕ 
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com