ជាតិ
ក.ប.ប ចាប់ផ្ដើមយុទ្ធនាការ ត្រួតពិនិត្យការផលិតស្រាស ទូទាំងប្រទេស ក្រុមមន្ត្រីជំនាញសាខា ក.ប.ប ស្ទឹងត្រែង ចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាស តាមផ្ទះក្នុងក្រុងស្ទឹងត្រែង នាពេលកន្លងមក។ រូបភាព ក.ប.ប។ (1)
×
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ចាប់ផ្ដើមយុទ្ធនាការចុះត្រួតពិនិត្យការផលិត នៅទូទាំងប្រទេស ប៉ុន្តែពីនៅរយៈពេល២ខែចុងក្រោយនេះ មានពលរដ្ឋខ្មែរប្រមាណ៣៥នាក់បានស្លាប់ដោយសារការពុលស្រាស ស្រាថ្នាំ។
យុទ្ធនាការចុះត្រួតពិនិត្យការផលិតស្រាស ស្រាថ្នាំទាំងលក្ខណៈគ្រួសារ និងសិប្បកម្ម នៅទូទាំងប្រទេស បានចាប់ផ្តើមហើយ នៅក្នុងខែមិថុនានេះ។ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានប្រាប់សារព័ត៌មាន Thmeythmey25 ថា យុទ្ធនាការនេះផ្តោតលើការស្វែងរកសារធាតុមេតាណុល នៅក្នុងស្រា ព្រមទាំងការអប់រំពីផលប៉ះពាល់នៃសារធាតុមេតាណុលនេះ។ លោក ផាន អូន បន្ថែមដូច្នេះ៖ «គ្រាន់តែចុះប្រមូលព័ត៌មាន ថាតើការផលិតស្រាស ស្រាថ្នាំ នៅមានការប្រើសារធាតុមេតាណុលទេ? ហើយយើងក៏មិនទាន់រកឃើញនៅឡើយនោះទេ។ បើសិនជាយើងរកឃើញ នោះនឹងបិទខ្ទប់កន្លែងផលិតលក់នោះឱ្យទាន់ពេលវេលា»។
គិតត្រឹមថ្ងៃទី១៧ មិថុនា មន្ត្រីជំនាញ នៃក.ប.ប បានចុះពិនិត្យទីតាំងបិតស្រា ក្នុងរាជធានី-ខេត្តចំនួន ១១ហើយ ប៉ុន្តែមិនមានរកឃើញទីតាំងបិតស្រា ឬទីតាំងលក់ណា មានប្រើប្រាស់សារធាតុមេតាណុលនោះឡើយ។ ទោះជាយ៉ាងនេះក្តី លោក ផាន អូន អះអាងថា ក្នុងមួយខេត្តៗ មន្ត្រីជំនាញទើបតែបានយកសំណាកស្រា នៅទីតាំងលក់ និងកន្លែងផលិត ពី៥-៩ ទីតាំងប៉ុណ្ណោះ មកពិនិត្យរកសារធាតុមេតាណុលនោះ។
តាមអគ្គនាយក ក.ប.ប ក្រៅពីពិនិត្យគុណភាពនៃការផលិតស្រាហើយនោះ មន្ត្រីជំនាញ ក៏នឹងបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ ពីប៉ះពាល់នៃការប្រើប្រាស់សារធាតុមេតាណុល ក្នុងការផលិតស្រា ទៅដល់អ្នកផលិត និងអ្នកលក់ស្រាផងដែរ។
សូមបញ្ជាក់ថា ក្នុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២១នេះ នៅកម្ពុជាមានមនុស្សចំនួន៣៥នាក់ហើយ ដែលបានស្លាប់ដោយសារពុលស្រាស និងស្រាថ្នាំ នៅខេត្តចំនួន៣។ ករណីដំបូងកើតឡើងនៅស្រុកល្វាឯម ខេត្តកណ្តាល មានមនុស្ស១៤នាក់បានស្លាប់។ បន្ទាប់មកនៅស្រុកកំពង់ត្រាច ខេត្តកំពត មានមនុស្សចំនួន១០នាក់បានស្លាប់។ ករណីស្លាប់ចុងក្រោយនៅស្រុកក្រគរ ខេត្តពោធិ៍សាត់បណ្តាលឲ្យមនុស្សស្លាប់ចំនួន១១នាក់។
ដើម្បីចៀងវាងគ្រោះថ្នាក់ដល់សុភាព ឬអាយុជីវិតបែបនេះ លោក ផាន អូន អំពាវនាវដល់ពលរដ្ឋឱ្យប្រយ័ត្នប្រយែងចំពោះការទទួលទានស្រាស ស្រាថ្នាំ ដោយត្រូវដឹងពីប្រភពផលិត និងផលិតផលមានម៉ាកសញ្ញាត្រឹមត្រូវ។ លោក ក៏ទទូចឱ្យអ្នកផលិត ត្រូវប្រើប្រាស់នូវវត្ថុធាតុដើមដែលមានប្រភពច្បាស់លាស់យកមកផលិតស្រា៕
Tag:
ThmeyThmey25
ពុលស្រា
ក.ប.ប
ផាន អូន
© រក្សាសិទ្ធិដោយ thmeythmey.com