អន្តរជាតិ
អ្នក​កាសែត​អាមេរិក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ពិសេស​មីយ៉ាន់ម៉ា​
19, Jun 2021 , 11:29 pm        
រូបភាព
រូប​ឯកសារ៖ លោក ​Danny Fenster ​ដែល​ជា​និពន្ធ​នាយក​នៃ​កាសែត​ Frontier Myanmar​ ក្នុង​រូបថត​ផ្តល់​ឱ្យ​ថត​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១។
រូប​ឯកសារ៖ លោក ​Danny Fenster ​ដែល​ជា​និពន្ធ​នាយក​នៃ​កាសែត​ Frontier Myanmar​ ក្នុង​រូបថត​ផ្តល់​ឱ្យ​ថត​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១។
ដោយ: VOA
អ្នក​កាសែត​អាមេរិកាំង​ម្នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ចាប់​តាំង​ពីខែ​មុន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ពិសេស​ជាលើក​ដំបូង​កាល​ពី​ថ្ងៃព្រហស្បតិ៍​ដោយ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ការ​ដើម្បី​បង្ក​ការ​ប្រឆាំង​រដ្ឋាភិបាល​យោធា​របស់​ប្រទេស​នេះ។​

 
កាសែត​ Frontier Myanmar​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​លោក ​Danny Fenster ​ដែល​ជា​និពន្ធ​នាយក​នៃ​គេហទំព័រ​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ពិសេស​មួយ​នៅ​ក្នុង​ពន្ធនាគារ​អ៊ីនសេន ​(Insein) ​នៅ​ទីក្រុង​រ៉ង់ហ្គូន​ដែល​ជា​កន្លែង​គាត់​ត្រូវ​បាន​ឃុំឃាំង​តាម​ការ​ចោទ​ប្រកាន់​ពីបទ​រំលោភ​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​នេះ។​ប្រសិន​បើ​គាត់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​ គាត់​អាច​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ។​ លោក​ Fenster​ នឹង​ត្រូវ​ឡើង​សវនាការ​មួយ​ទៀត​នៅ​ថ្ងៃទី​១​ខែ​កក្កដា។
 
កាសែត ​Frontier Myanmar​ បាន​និយាយ​ថា៖​ «គ្មាន​ការ​ផ្តល់​ហេតុផល​ណា​មួយ​សម្រាប់​ការ​ចោទ​ប្រកាន់​គាត់​ទេ។​យើង​ដឹង​ថា​លោក ​Fenster​ Danny​ មិន​បាន​ធ្វើ​អ្វី​ដែល​អាច​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ក្រម​៥០៥-A​នេះ​ទេ។​យើង​ថ្កោលទោស​ការ​ឃុំខ្លួន​គាត់​និង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ភ្លាមៗ​និង​ដោយ​គ្មាន​លក្ខខណ្ឌ»។​
 
លោក​ Fenster​ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​ឧសភា​នៅ​អាកាសយានដ្ឋាន​រ៉ង់ហ្គូននៅ​ពេល​ដែល​គាត់​ព្យាយាម​ចាក​ចេញ​ពី​ប្រទេស​នេះ។​
 
លោក​ Bryan Fenster ​បងប្រុស​របស់​លោក ​Fenster ​បាន​សរសេរ​តាម​ធ្វីតធឺ​ (Twitter) ​ថា «មាន​សកម្មភាព​ខ្លះ»​ក្នុង​សំណុំ​រឿង​បង​ប្អូន​ប្រុស​របស់​លោកប៉ុន្តែ​បាន​និយាយ​ថា​«ការ​ខក​ចិត្ត​កំពុង​តែកើន​ឡើង»​នៅពេល​សវនាការ​បាន​ធ្វើ​ឡើង​«ដោយ​គ្មាន​ការ​ទាក់ទង​ជាផ្លូវការ​ជាមួយ​ស្ថានទូត​អាមេរិក​ឬ​ក្រុម​គ្រួសារ​របស់​យើង»។​
 
 
លោក​បាន​ត្អូញត្អែរ​ពី​ការ​បន្តឃុំ​ខ្លួន​បងប្អូន​ប្រុស​របស់​លោក​ដោយ​មិន​ទទួល​បាន​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ឬ​គ្មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ប្រឆាំង​នឹង​គាត់»។​
 
អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក ​Ned Price​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​មន្ត្រី​របប​យោធា​នេះ​បាន​បដិសេធ​មិន​ឲ្យ​មន្ត្រី​កុងស៊ុល​ចូល​ជួប​លោក​ Fenster ទេ។​
 
លោក​ Price​ បាន​និយាយ​ថា៖​«យើង​កំពុង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​លោក​Danny Fenster ​បាន​ជួប​ជុំគ្រួសារ​របស់​គាត់​វិញ។​យើង​ទទូច​ឲ្យ​អាជ្ញាធរ​ភូមា​អនុញ្ញាត​ឲ្យ​ស្ថាន​កុងស៊ុល​បាន​ជួប​គាត់​ស្របតាម​អនុសញ្ញា​ទីក្រុង​វីយែន​ស្តីពី​ទំនាក់​ទំនង​ស្ថាន​កុងស៊ុល​ដោយ​គ្មាន​ការ​ពន្យារ​ពេល​និង​ដើម្បី​ធានា​ឱ្យ​មាន​ការ​ប្រព្រឹត្ត​ត្រឹមត្រូវ​ចំពោះ​លោក​ Fenster​ ខណៈ​ពេល​ដែល​គាត់​នៅ​ជាប់​ឃុំឃាំង»។​
 
អ្នក​កាសែត​ជនជាតិ​អាមេរិក​ម្នាក់​ទៀត​គឺ​លោក​ Nathan Maung ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ខែ​មីនា​ពីបទ​រំលោភ​លើ​ក្រម​ព្រហ្មទណ្ឌ​នេះ​ដែរ​ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ហើយ​បាន​ចាក​ចេញ​ពី​ប្រទេស​នេះ។​
 
លោក ​Price ​បាន​បន្ថែម​ថា​សហ​រដ្ឋ​អាមេរិក​បាន​ស្វាគមន៍​«ការ​ដោះលែង​លោក​ Nathaniel Maung​ និង​ការ​វិល​ត្រឡប់​ដោយ​សុវត្ថិភាព​របស់​គាត់​នៅ​សប្តាហ៍​នេះ»។​
 
សារព័ត៌មាន ​AP​ បាន​រាយ​ការណ៍​កាលពី​ដើមខែ​នេះ​ថា​អ្នកកាសែត​មីយ៉ាន់ម៉ា ​២​នាក់​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​តាម​ច្បាប់​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com