អន្តរជាតិ
WHO កំពុងរៀបចំមជ្ឈមណ្ឌលផលិតវ៉ាក់សាំងជំងឺកូវីដ-១៩ នៅអាហ្រ្វ៊ិកខាងត្បូង
22, Jun 2021 , 7:29 pm        
រូបភាព
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។ រូបភាព៖ AFP
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។ រូបភាព៖ AFP
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២១ ខែមិថុនា បានប្រកាសថា ខ្លួនកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា សម្រាប់ផលិតវ៉ាក់សាំង ដែលប្រើប្រាស់បច្ចេកវិទ្យានាំសារ (mRNA) នៅអាហ្វ្រ៊ិកខាងត្បូង ដើម្បីចែកចាយទៅទ្វីបអាហ្វ្រិកទាំងមូល។

 
មួយរយៈចុងក្រោយនេះ ករណីឆ្លង និងស្លាប់នៅទ្វីបអាហ្វ្រិក បានហក់ឡើងប្រមាណ ៤០ភាគរយ។ ករណីឆ្លងសរុបនៅក្នុងទ្វីបមួយនេះ មានចំនួនជាង ៥លានករណី និងអ្នកស្លាប់មានចំនួនជាង ១៣ម៉ឺននាក់។ ម្យ៉ាងវិញទៀត បណ្តាប្រទេសអាហ្រ្វ៊ិក មិនសូវទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ឱ្យប្រជាជនខ្លួនឡើយ។ 
 
ទាក់ទិននឹងបញ្ហានេះ អង្គការសុខភាពពិភពលោក បានប្រកាសពីការរៀបចំបង្កើតមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីចែកចាយនៅទូទាំងទ្វីប។ 
 
«ថ្ងៃនេះ ខ្ញុំពិតជាសោមនស្ស ក្នុងការប្រកាសថា អង្គការ WHO កំពុងពិភាក្សាជាមួយក្រុមហ៊ុន និងវិទ្យាស្ថានមួយចំនួន ដើម្បីបង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំងនៅក្នុងទ្វីបអាហ្រ្វ៊ិក»។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២១ ខែមិថុនា។ 
 
បើតាមប្រមុខអង្គការសុខភាពិភពលោករូបនេះ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក្រុមហ៊ុន Afrigen Biologics & Vaccines នឹងផលិតវ៉ាក់សាំងផង និងហ្វឹកហ្វឺនក្រុមហ៊ុន Biovac ផង។ ក្រុមហ៊ុនមួយនេះ នឹងផលិតវ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យានាំសារ  mRNA។ 
 
ស្របគ្នាដែរ ប្រធានអ្នកវិទ្យាសាស្រ្តអង្គការ WHO លោកស្រី Soumya Swaminathan បានបង្ហាញថា វាមានជម្រើស ៤ ឬ៥ក្រុមហ៊ុន ប៉ុន្តែភាគច្រើនមានតែក្រុមហ៊ុនតូចៗប៉ុណ្ណោះ ខណៈពេល ការចរចាជាមួយក្រុមហ៊ុនធំៗ កំពុងដំណើរការ។ ក្នុងន័យនេះ ប្រធានអ្នកវិទ្យាសាស្រ្ត សង្ឃឹមថា ក្រុមហ៊ុនទាំងនោះ នឹងចូលរួមក្នុងការរៀបចំផលិតវ៉ាក់សាំងនៅអាហ្រ្វ៊ិកខាងត្បូង។ គម្រោងក្នុងការផលិតវ៉ាក់សាំងនេះ នឹងរួចរាល់ក្នុងរយៈពេលពី ៩ខែ ទៅ១២ខែខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ក្រុមហ៊ុនធំៗ ដែលផលិតវ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យានាំសារ មានដូចជា ក្រុមហ៊ុនអាមេរិក Pfizer, ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech, និងក្រុមហ៊ុនអាមេរិក Moderna ជាដើម។ 
 
បន្ទាប់ពីសេចក្តីប្រកាសខាងលើ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានសាទរចំពោះដំណឹងដ៏ល្អមួយនេះ ព្រោះវាជួយទ្វីបអាហ្វ្រិក ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងសកល។ បើទោះមានការផ្ទេរបច្ចេកវិទ្យាមកផលិតនៅអាហ្រ្វិកខាងត្បូងក្តី ប្រធានាធិបតីរូបនេះ បានបន្តជំហររបស់ខ្លួន នៅតែមិនបោះបង់ការគាំទ្រឱ្យលុបចោលប៉ាតង់ (ប្រកាសនីយបត្រតក្កកម្ម) វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឡើយ។
 
សូមបញ្ជាក់ថា វ៉ាក់សាំងប្រភេទ mRNA ជាវ៉ាក់សាំងប្រភេទថ្មី ដែលបង្កឡើងដើម្បីប្រឆាំងនឹងជំងឺឆ្លង។ ខុសពីវ៉ាក់សាំងផ្សេង ដែលផ្សំចេញបំណែកវីរុសអសកម្ម វ៉ាក់សាំ ងmRNA ធ្វើឱ្យកោសិកាបណ្តុះប្រូតេអ៊ីន ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុស។ វ៉ាក់សាំងប្រភេទនេះ មានប្រសិទ្ធភាពរហូតដល់ ៩៥ភាគរយ ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩៕
 

Tag:
 WHO
  អាហ្រ្វ៊ិកខាងត្បូង
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com