អន្តរជាតិ
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ច្រានចោលក្ដីរំពឺងចរចារបស់អាមេរិក
22, Jun 2021 , 5:29 pm        
រូបភាព
លោកស្រីគីម យ៉ូចុង ប្អូនស្រីលោកគីម ជុងអ៊ុន។ រូបភាព៖ KCNA
លោកស្រីគីម យ៉ូចុង ប្អូនស្រីលោកគីម ជុងអ៊ុន។ រូបភាព៖ KCNA
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រីគីម យ៉ូចុង (Kim Yo Jong) នៅថ្ងៃទី២១ ខែមិថុនា បានអះអាងថា អាមេរិកមានការរំពឹងទុកខុស ទាក់ទិននឹងកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ហើយការរំពឹងទុកទាំងនោះ មានតែនាំឱ្យខកបំណងតែប៉ុណ្ណោះ។



 
នៅសប្តាហ៍មុន មេដឹកនាំ លោកគីម ជុងអ៊ុន បានបញ្ជាឱ្យកូរ៉េខាងជើង ត្រូវតែត្រៀមរៀបចំកិច្ចចរចាផង និងការប្រឈមមុខជាមួយអាមេរិកផង។ ការលើកឡើងរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ ត្រូវបានលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិកចាត់ទុក ជាសញ្ញាដ៏គួរចាប់អារម្មណ៍មួយ សម្រាប់កិច្ចចរចាលើកម្មវិធីរំសាយអាវុធនុយក្លេអ៊ែរ។ 
 
ជាការឆ្លើយតបនឹងមន្រ្តីជាន់ខ្ពស់អាមេរិក ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រីគីម យ៉ូចុង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយច្រានចោលក្តីសង្ឃឹមរបស់អាមេរិក និងថា  អាមេរិកមានការរំពឹងទុកខុសលើកូរ៉េខាងជើងទាក់ទិននឹងកិច្ចពិភាក្សា។ 
 
«អាមេរិក ហាក់ដូចជាខំលួងខ្លួនឯងប៉ុណ្ណោះ»។ នេះបើតាមការស្រង់ពាក្យសម្តីរបស់លោកស្រី គីម យ៉ូចុង ដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ 
 
បើតាមលោកស្រី គីម យ៉ូចុង ដែលជាមនុស្សជំនិតបងប្រុសខ្លួនទីប្រឹក្សាផងនោះ ការរំពឹងទុកក្នុងផ្លូវខុស មានតែធ្វើឱ្យអាមេរិក ជួបការខកបំណងយ៉ាងខ្លាំងប៉ុណ្ណោះ។ 
 
ប្រតិកម្មរបស់មន្ត្រីកូរ៉េខាងជើង ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក លោកគីម សុង ប្រេសិតពិសេសអាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើង ក្នុងកិច្ចប្រជុំត្រីភាគី ជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន។ 
 
ក្នុងជំនួបត្រីភាគីនោះ ប្រេសិតពិសេសដែលទើបនឹងតែងតាំងថ្មី បានសង្កត់ធ្ងន់ថា អាមេរិកបានត្រៀមខ្លួនជាស្រេច ក្នុងការជួបជាមួយកូរ៉េខាងជើង នៅគ្រប់កន្លែង និងគ្រប់ពេលវេលា ដោយគ្មានការកំណត់លក្ខខណ្ឌមុនឡើយ។ មិនតែប៉ុណ្ណោះ ប្រេសិតពិសេសអាមេរិករូបនេះ ក៏សង្ឃឹមផងដែរថា កូរ៉េខាងជើង នឹងឆ្លើយតបជាវិជ្ជមានទៅនឹងជំហររបស់អាមេរិកដែលចង់ផ្ដើមការចរចាឡើងវិញ៕
 

Tag:
 អាមេរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com