អន្តរជាតិ
មេដឹកនាំហុងកុង៖ ប្រព័ន្ធផ្សព្វផ្សាយ មិនត្រូវធ្វើវិទ្ធង្សនាប្រឆាំងរដ្ឋាភិបាលឡើយ
22, Jun 2021 , 9:29 pm        
រូបភាព
លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង។ រូបភាព៖ AFP
លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង។ រូបភាព៖ AFP
មេដឹកនាំហុងកុង លោកស្រី ការី ឡាំ នៅថ្ងៃទី២២ ខែមិថុនា បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយ មិនត្រូវធ្វើវិទ្វង្សនាប្រឆាំងរដ្ឋាភិបាលឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរហុងកុង ទើបចាត់វិធានការលើកាសែត Apple Daily ដែលមាននិន្នាការគាំទ្រប្រជាធិបតេយ្យ។

 
នាសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅថ្ងៃទី២២ ខែមិថុនា លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង ត្រូវបានអ្នកសារព័ត៌មានសួរសំណួរទាក់ទិននឹងសិទ្ធិសេរីភាពសារព័ត៌មាននៅក្នុងទីក្រុង និងកាសែត Apple Daily។ 
 
ជាចម្លើយ លោកស្រី ការី ឡាំ បានបកស្រាយថា វាមិនមែនជាបញ្ហាអ្វីឡើយ ដែលសារព័ត៌មានរិះគន់រដ្ឋាភិបាល ប៉ុន្តែការរៀបចំសកម្មភាព ដើម្បីញុះញង់ឱ្យមានវិទ្ធង្សនាប្រឆាំងរដ្ឋាភិបាល ជារឿងដោយឡែក។ 
 
«ប្រព័ន្ធផ្សព្វផ្សាយ ត្រូវចែកឱ្យដាច់រវាងបញ្ហាទាំងពីរនេះ»។ ប្រមុខទីក្រុងហុងកុង បានពន្យល់បែបនេះ ដោយបន្ថែមថា បទចោទលើកាសែត Apple Daily មិនមែនជាវាយប្រហារលើការងារសារព័ត៌មានធម្មតាឡើយ ប៉ុន្តែដោយសារតែកាសែតមួយនោះ បានព្យាយាមបំផ្លាញសន្តិសុខជាតិចិន តាមរយៈការផ្សព្វផ្សាយ។
 
ការចុះទៅឆែកឆេរទីស្នាក់ការ Apple Daily ពីសំណាក់ហុងកុង ធ្វើឡើងបន្ទាប់ពីកាសែតមួយនេះ បានចុះផ្សាយពីអត្ថបទមួយ ដែលអំពាវនាវឱ្យដាក់ទណ្ឌកម្មមកលើមន្រ្តីចិន និងហុងកុង។  
 
ជាមួយគ្នានេះ អ្នកសារព័ត៌មានក៏បានបន្តសួរលោកស្រីការី ឡាំ ទាក់ទិននឹងនិយមន័យ «ការងារសារព័ត៌មានធម្មតា»។ ជាការឆ្លើយតប មេដឹកនាំហុងកុងរូបនេះ បានអះអាងថា មានតែអ្នកសារព័ត៌មានខ្លួនឯងប៉ុណ្ណោះ ដែលយល់ពីពាក្យមួយនេះ។ 
 
បន្ទាប់ពីប៉ូលិសហុងកុងចូលឆែកឆេរទីស្នាក់ការសារព័ត៌មាន Apple Daily និងចាប់ខ្លួនអ្នកសារព័ត៌មាន អាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន បានរិះគន់អាជ្ញាធរហុងកុងយ៉ាងខ្លាំង និងចោទថា ជាបានបំផ្លាញសិទ្ធិសេរីភាពសារព័ត៌មាន និងកេរ្តិ៍ឈ្មោះទីក្រុងហុងកុង ដែលជាកន្លែងមានសុវត្ថិភាពល្អ ក្នុងការធ្វើជំនួញ។ នេះក៏ព្រោះ ច្បាប់មូលដ្ឋាន (Basis Law) របស់ហុងកុង បានចែងពីការការពារសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាជន។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ការី ឡាំ បានបន្តការពារវិធានការរដ្ឋាភិបាលោកស្រីថា កុំចោទប្រកាន់អាជ្ញាធរក្រុងហុងកុង ដែលប្រើប្រាស់ច្បាប់សន្តិសុខជាតិ ជាឧបករណ៍ដើម្បីបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ ឬបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ។ បើតាមលោកស្រីប្រមុខហុងកុង លោកស្រីខ្លាចថា ការចោទប្រកាន់ទាំងនោះអាចជារឿងខុស។ 
 
គួររំលឹកថា ទ្រព្យសម្បត្តិក្រុមហ៊ុន Apple Daily ត្រូវបានបង្កក នៅថ្ងៃទី១៧ ខែមិថុនា ដោយអាជ្ញាធរហុងកុងបានចោទថាមានពាក់ព័ន្ធជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិហុងកុង។ បន្ទាប់ពីការបង្កកទ្រព្យសម្បត្តិ កាសែតហុងកុងមួយនេះ កំពុងឈានទៅរកការបិទទ្វារក្នុងពេលឆាប់ៗខាងមុខ៕ 
 

Tag:
 ហុងកុង
  ប្រព័ន្ធផ្សព្វផ្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com