ជាតិ
ចិនជួយកម្ពុជា​លើ​បច្ចេកទេសផលិតវ៉ាក់សាំងបង្ការជំងឺសត្វគោ ក្របី
22, Jun 2021 , 10:59 pm        
រូបភាព
ដោយ:
វិស័យផលិតកម្មសត្វ កាន់តែរីកចម្រើន តែសុខភាពសត្វចិញ្ចឹម នៅតែជាបញ្ហា។ ការផ្ទុះឡើងនូវជំងឺសារទឹក និងជំងឺអុតក្ដាម លើសត្វគោ ក្របី នៅកម្ពុជា បានប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកសិករ និងសេដ្ឋកិច្ចជាតិ។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីទប់ស្កាត់បញ្ហានេះ ក្រសួងកសិកម្ម គ្រោងផលិត វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី ក្រោមជំនួយបច្ចេកទេសពីរដ្ឋាភិបាលចិន។

 
ក្នុងផលិតកម្មចិញ្ចឹមគោ ក្របី កម្ពុជាតែងជួបប្រទះជំងឺឆ្លងសំខាន់ពីរគឺជំងឺសារទឹក និងជំងឺអុតក្តាម។ ក្រសួងកសិកម្ម បានលើកឡើងពីវិធានការសំខាន់ៗ ក្នុងការទប់ស្កាត់ តាមរយៈការចាក់ថ្នាំការពារ ការព្យាបាលសត្វឈឺតាមលទ្ធភាព  វិធានការចត្តាឡីស័ក និងវិធានការជីវសុវត្ថិភាព។
 
 រដ្ឋមន្រ្តីកសិកម្ម បានបង្ហាញពីគម្រោងផលិតវ៉ាក់សាំងការពារជំងឺសត្វ បន្ទាប់ពីសត្វគោ ក្របី ក្នុងស្រុក កាន់តែឆ្លងរាលដាល នូវជំងឺសារទឹក និងជំងឺអុតក្ដាម។ កន្លងមក រដ្ឋាភិបាលចិន បានផ្ដល់វ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺអុតក្ដាម ដល់កម្ពុជាចំនួន២០ម៉ឺនដូស រួចមកហើយ។
 
តបនឹងសំណើរបស់ក្រសួងកសិកម្មកម្ពុជា រដ្ឋាភិបាលចិន សន្យាផ្ដល់បច្ចេកទេសផលិតវ៉ាក់សាំងការពារជំងឺសត្វដល់កម្ពុជា ក្រោយជំងឺកូវីដ-១៩ បានថមថយ។ ការផ្ដល់វ៉ាក់សាំង ការពារ សត្វគោ ក្របីនៅកម្រិត តែការរាតត្បាតនៃជំងឺសារទឹក និងជំងឺអុតក្ដាម មិនទាន់ថមថយ  ដូច្នេះទើបកម្ពុជា ស្នើដល់ភាគីចិន ផ្ដល់នូវបច្ចេកទេស ក្នុងការផលិតវ៉ាក់សាំងការពារជំងឺសត្វ ដល់កម្ពុជា។


 
លោក វេង សាខុន បានរៀបរាប់ដូច្នេះ៖«ភាគីចិនបានគាំទ្រលើសំណើរបស់កម្ពុជា ដែលមានឆន្ទៈចង់ផលិតវ៉ាក់សាំងដោយខ្លួនឯង ក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។ ករណីនេះ ភាគីចិននឹងចុះមកសិក្សាផ្ទាល់ ក្រោយស្ថានភាពកូវីដ-១៩ បានល្អប្រសើរ»។
 
បច្ចុប្បន្ន វ៉ាក់សាំងការពារជំងឺសារទឹក លើសត្វគោ ក្របី ដែលក្រសួងកសិកម្ម ចាក់ឲ្យសត្វគោ ក្របី បានចំនួន ៣០ភាគរយ និងវ៉ាក់សាំងការពារជំងឺអុតក្ដាម ទើបបាន ២ភាគរយប៉ុណ្ណោះ ក្នុងចំណោមសត្វគោ ក្របី ៣លានក្បាល ទូទាំងប្រទេស ។ 
 
ចំពោះវ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺអុតក្ដាម លើសត្វគោ ក្របី ដែលរដ្ឋាភិបាលចិន ផ្ដល់ឲ្យកម្ពុជាកន្លងមក ក្រសួងកសិកម្ម ​កំពុងអនុវត្តនៅតាមបណ្តាខេត្ត ចំនួន១២ ដែលមានផ្ទុះជំងឺនេះច្រើនជាងគេ។ ខេត្តទាំងនោះមាន ខេត្តព្រៃវែង,កំពង់ចាម,តាកែវ,សៀមរាប,ព្រះវិហារ,ឧត្តរមានជ័យ,បន្ទាយមានជ័យ,បាត់ដំបង,រតនគីរី,ត្បូងឃ្មុំ,កំពង់ឆ្នាំង និងពោធិ៍សាត់៕
 
 
 

Tag:
 ជំងឺសារទឹក
 ជំងឺអុតក្ដាម
© រក្សាសិទ្ធិដោយ thmeythmey.com