អន្តរជាតិ
អង្គការ​ UNESCO ​ផ្តល់​យោបល់​​បញ្ចូលតំបន់​ផ្កាថ្ម​ប៉ប្រះទឹក​របស់​អូស្ត្រាលី​ក្នុង​​បញ្ជី​បេតិកភណ្ឌ​ពិភពលោក
23, Jun 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ ទិដ្ឋភាព​នៅ​ក្រោម​ផ្ទៃ​ទឹក​នៃ​តំបន់​ថ្ម​ប៉ប្រះទឹក Great Barrier Reef ក្នុង​ប្រទេស​អូស្ត្រាលី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ទិដ្ឋភាព​នៅ​ក្រោម​ផ្ទៃ​ទឹក​នៃ​តំបន់​ថ្ម​ប៉ប្រះទឹក Great Barrier Reef ក្នុង​ប្រទេស​អូស្ត្រាលី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។
ដោយ: VOA
គណៈ​កម្មាធិការ​ពិសេស​របស់​ទី​ភ្នាក់​ងារវប្បធម៌​អង្គការ​សហ​ប្រជា​ជាតិបាន​លើក​ឡើង​ថា​ តំបន់​ផ្កា​ថ្ម​ប៉ប្រះ​ទឹក​ដ៏​ធំ​របស់​ប្រទេស​អូស្ត្រាលី​គឺ​ Great Barrier Reef ​គួរ​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិបេតិកភណ្ឌ​ពិភពលោក​ និង​ត្រូវ​ចាត់​ទុក​ថា​ ជា​តំបន់​ប្រឈម​នឹង«គ្រោះ​ថ្នាក់»។

 
គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោករបស់​អង្គការ​វប្បធម៌ ​វិទ្យាសាស្ត្រ​ និង​អប់រំ​របស់​អង្គការ​សហប្រជា​ជាតិ​ ឬ ​UNESCO ​បាន​ផ្តល់​យោបល់​ថា​ តំបន់ផ្កា​ថ្ម​ប៉ប្រះទឹក​ប្រវែង​២.៣០០​គីឡូម៉ែត្រ​នោះ​គួរ​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នៃ​បេតិកភណ្ឌ​ពិភពលោក ពី​ព្រោះ​វា​កំពុងរងផល​ប៉ះ​ពាល់ដោយ​ការ​ប្រែ​ប្រួលអាកាស​ធាតុ។​
 
រដ្ឋ​មន្ត្រីក្រសួង​បរិស្ថាន​អូស្ត្រាលី​គឺ​អ្នកស្រី ​Sussan Ley ​និយាយនៅ​ថ្ងៃអង្គារ​នេះ​ថា រដ្ឋាភិបាលអូស្ត្រាលី​ប្រឆាំងការ​ចាត់ទុក​បែប​នេះ​ និង​បាន​ចោទគណៈកម្មាធិការ​នេះ​ថា​ «ដើរ​ថយ​ក្រោយទៅលើ​ការ​សន្យា​លើក​មុន​របស់​ខ្លួន» ​ហើយ​ថា អូស្ត្រាលី​នឹង​មិនលើក​យក​បញ្ហា​នេះ​មក​និយាយ​ទេ មុន​ពេល​កិច្ច​ប្រជុំផ្លូវ​ការនៅ​ខែ​ក្រោយ។​ ​
 
អ្នក​ស្រី ​Ley ​និយាយ​ថា​ អ្នកស្រី​ និងអ្នកស្រី ​Marise Payne ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​ បាន​ហៅ​ទូរស័ព្ទ​ទៅ​អគ្គនាយកអង្គការ ​UNESCO ​គឺ​អ្នក​ស្រី​ Audrey Azoulay ​អំពី​ការ​សម្រេច​ចិត្ត​នេះ​ ដោយអ្នកស្រី ​Ley ​ហៅការ​សម្រេច​ចិត្ត​នេះ​ថា ​មិន​ត្រឹម​ត្រូវ​ និង​ទទួលឥទ្ធិពល​ពី​នយោបាយ។ ​ ​
 
ប៉ុន្តែ​លោក ​Richard Leck ​ប្រធាន​ផ្នែកសមុទ្រសម្រាប់មូលនិធិ​អង្គការធម្មជាតិ​ពិភពលោក​របស់​អូស្ត្រាលី​ បាន​លើក​ឡើងក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយថា​ អនុសាសន៍​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​នោះ​ជា​ការត្រឹម​ត្រូវ​ និង​ច្បាស់​លាស់ដែលថា​ រដ្ឋាភិបាល​អូស្ត្រាលី​មិន​បាន​ធ្វើ​ការ​ងារ​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​ការ​ការពារទ្រព្យ​សម្បតិ្ត​ធម្មជាតិដ៏​អស្ចារ្យ​មួយ​នេះ ​ជាពិសេស​ទៅ​លើ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ។ ​
 
តំបន់​ផ្កាថ្ម​ប៉ប្រះ​ទឹក​របស់​អូស្ត្រាលី​វែង​ជាងគេ​បង្អស់​ក្នុង​ពិភព​លោក​ ហើយ​រក​បាន​ប្រាក់​ចំណូល​ប្រមាណ​៤៨០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ក្នុង​វិស័យ​ទេសចរណ៍៕
 

© រក្សាសិទ្ធិដោយ thmeythmey.com